ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានក្រេីនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមសាមគ្គីភាពភាព ឯកភាពគ្នា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះកត្តាសាមគ្គីភាពផ្ទៃក្នុង ពិតជានាំមកនូវការរីកចម្រើន។
លោកថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីកិច្ចសន្យា និងនិវត្តជន នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះចត្វាស័ក ព.ស ២៥៦៦ ចំនួន៣៨៩នាក់ នៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមេសា ២០២៣ ក្រោមវត្តមាន លោក ខ្លួន ខ្លូត ប្រធានក្រុមប្រឹក្សាខេត្ត។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវពង្រឹងគុណភាព សមត្ថភាពស្ថាប័នរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង-ស្រុក ដេីម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពោលគឺត្រូវធ្វើឱ្យលឿន ធ្វើឱ្យរហ័ស កន្លែងណាមិនច្បាស់ គឺត្រូវសួរថ្នាក់ដឹកនាំយេីង ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែង របស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុនៗ ជាពិសេសគឺ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីត អភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើង សម្រាប់ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាម ទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បីឱ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ៕SRP