Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

មានការភាន់ច្រឡំឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ (ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។

ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ ខ្ញុំសូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។

មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។

មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ៕SRP
លោកប៉ែន បូណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៤

ភ្នំពេញ៖សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់។

សម្ដេចមានប្រសាសន៍លើកទឹកចិត្តបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យ សមាគមសិល្បករខ្មែរ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាពភ្នំពេញ នាថ្ងៃអង្គារនេះ។

ក្នុងឱកាសនៃជំនួប អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបអ្នកឧកញ៉ា និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១).​ ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២).ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត(ការផ្តល់ឈាម)​ សេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិកផងដែរ។

សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការី និងបានអបអរសាទរជាថ្មីម្តងទៀតចំពោះអ្នកឧកញ៉ា ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណិត្តថ្មីនេះ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូល ចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។ បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការសហការ ជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ ដែលរួមមាន៖ (១) លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ (២) ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ និង (៣) បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាទិកាដើមដោយខ្លួនឯង (Original Content) ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចអធិបតីហ៊ុន ម៉ាណែត និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុល រវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប និងនៅខេត្តសុងក្លា ដើម្បី សម្របសម្រួល ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែង ថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អ នេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។

សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការ លើសកម្មភាពបោសសម្អាតមីន ជាដើម។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នាថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាស ជួបជាមួយ ឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត ឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។​

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ​ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា នៅឆ្នាំក្រោយ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃ ក៏បានដំឡើងកម្រិត ទំនាក់ទំនង ទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះបានសូមឱ្យប្រជាពលរដ្ឋ មានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការចាត់ការ និង ដោះស្រាយ ផ្តល់យុត្តិធម៌ ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

នាយករដ្ឋមន្ត្រីបានសរសេរបង្ហាញនៅលើទំព័រ facebook ផ្លូវការយ៉ាងដូច្នេះថា៖

ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសអោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។

ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។

ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរី ខ្ញុំបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំបានចេញបទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវករណីនេះអោយបានច្បាស់លាស់ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២៤

ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានអះអាងថា៖ខ្ញុំសូមបញ្ជាក់ជាសាធារណៈជាលើកទី២ថា ខ្ញុំមិនមានជាប់ពាក់ព័ន្ធផលប្រយោជន៍អ្វីពីក្រុមហ៊ុនភូមិ មរតកខេត្តស្វាយរៀងឡើយ។

ការអះអាងធ្វើឡើង នៅល្ងាចថ្ងៃចន្ទនេះ តាមរយៈប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

លោកដួង តារា បានសរសេរថា៖
24/6/2024
បងប្អូនជាទីគោរពស្រឡាញ់

មួយរយះពេលថ្មីៗកន្លងមកនេះ មានបុគ្គលនិងសារព័ត៍មានមួយចំនួនបង្កើត “ព័ត៍មានមិនពិត Fake News” មានចេតនាលាបពណ៍បំភ្លៃមួលបង្កាច់ទម្លាក់កំហុសមកលើខ្ញុំដោយប្រើពាក្យថាជា ”ជនទុច្ចរិត“បានចូលរួមបោកប្រជាពលរដ្ឋជាមួយក្រុមហ៊ុនភូមិមរតកខេត្តស្វាយរៀងដែលមាន លោក សោម សុធា ជាម្ចាស់ក្រុមហ៊ុន។

ខ្ញុំមិនតបតហើយកំពុងរងចាំមើលការបង្ហាញភស្តុតាងពិតប្រាកដដែលពួកគេរៀបចំបង្កើតឡើងយកមកផ្សព្វផ្សាយបំភ័ន្តភ្នែកមហាជន។ គឺមិនមានអ្វីក្រៅពីរូបថតដែលខ្ញុំបានចូលរួមចែកស្បៀងអាហារជួយពលរដ្ឋខ្វះខាត និងរូបថតខ្ញុំបានចូលរួមអាហារសាមគ្គីជាមួយពួកគាត់តែប៉ុណ្ណោះ។

កន្លងមក ខ្ញុំបានចូលរួមកម្មវិធីមួយចំនួនទាំងជាមួយព្រះសង្ឃ, សមាគមយុវជន, សិស្សនិស្សិត និង ក្រុមហ៊ុនឯកជនជាដើម…។ ក្នុងនោះក៏បានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៍ក្រុមហ៊ុនភូមិមរតក លោក សោម សុធា ផងដែរ។ ការចូលរួមរបស់ខ្ញុំគឺបង្ហាញពីការគាំទ្រវិស័យឯកជន និងលើកទឹកចិត្តក្រុមហ៊ុនរកស៊ីសុចរិត មានការទទួលខុស​ត្រូវ និងចេះចូលរួមជួយសង្គមជាតិ។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានស្គាល់ លោក សោម សុធាក្នុងអំឡុងពេលគាត់បង្កើតក្រុមហ៊ុនរកស៊ីដីធ្លីឈ្មោះ “ភូមិមរតក” ដែលមានមនុស្សមួយចំនួនបានដាក់ទុនរកស៊ីជាមួយជាមួយគាត់រួចមកហើយនោះដែរ។ ទោះបីខ្ញុំស្គាល់ក្រុមហ៊ុននៅពេលក្រោយមែន ក៏ខ្ញុំមិនដែលបានទៅនិយាយធានាអះអាងអ្វីចំពោះមុខអ្នកដាក់ទុនរកស៊ីជាមួយគ្នាគាត់ទាំងអស់នោះដែរ។

នៅថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមហ៊ុនបានរៀបចំអាហារសាមគ្គីនិងប្រគល់ប័ណ្ណដីនិងផ្តល់ផ្ទះជូនដល់អ្នកទិញដីក្នុងគម្រោងភូមិមរតកខេត្តស្វាយរៀង ខ្ញុំពិតជាបាននិយាយបញ្ជាក់ជូនបងប្អូនអតិថិជនដោយក្តីត្រេកអរព្រោះបានឃើញក្រុមហ៊ុនប្រគល់ប័ណ្ណដីកម្មសិទ្ធិ និងបានប្រគល់ផ្ទះជូនអ្នកទិញពិតប្រាកដមែន។ ពាក្យដែលខ្ញុំនិយាយគឺនៅពេលនោះ ក្នុងកម្មវិធីប្រគល់ទទួលប្លង់ដីនិងផ្ទះថ្ងៃនោះតែប៉ុណ្ណោះ។ ប៉ុន្តែមានសារព័ត៌មាននិងបុគ្គលមួយចំនួនយកសំដី ខ្ញុំទៅបកស្រាយបំភ័ន្តភ្នែកសាធារណៈថាខ្ញុំនិយាយធានាជាមួយអ្នកវិនិយោគទៅវិញគឺមិនពិតទេ។

តើមានមន្រ្តីឬបុគ្គលណាចូលរួមសម្ពោធក្រុមហ៊ុនបែរជានិយាយថា កុំជឿក្រុមហ៊ុន ក្រុមហ៊ុននោះ មិន ល្អ ឬជាក្រុមហ៊ុនបោក? ហើយក៏មិនមានចែងក្នុងច្បាប់ថាការលើកទឹកចិត្តនិងផ្តល់អនុសាសន៍ល្អៗទៅក្រុមហ៊ុននិងប្រជាពលរដ្ឋនៅពេលក្រុមហ៊ុនដំណើរការអាជីវកម្មទៅមិនបានជោគជ័យ ឬមានកំហុសដោយប្រការណារមួយ គឺមន្រ្តីដែលបានចូលរួមក្នុងពិធីឬបានថតរូបជាមួយត្រូវចេញ លុយសងជំនួសក្រុមហ៊ុន ឬមួយត្រូវមានទោសជំនួសក្រុមហ៊ុននោះដែរ។ សូមឈប់លាបពណ៌ ទម្លាក់កំហុសបំភ័ន្តភ្នែកសាធារណៈ និងថ្នាក់ដឹកនាំតទៅទៀតទៅ។

ខ្ញុំសូមបញ្ជាក់ជាសាធារណៈជាលើកទី២ថា ខ្ញុំមិនមានជាប់ពាក់ព័ន្ធផលប្រយោជន៍អ្វីពីក្រុមហ៊ុនភូមិ មរតកខេត្តស្វាយរៀងឡើយ។

ការផ្សព្វផ្សាយព័ត៌មានដោយបុគ្គលនិងសារព័ត៌មានមួយចំនួនកន្លងមកនេះបានមួលបង្កាច់ទម្លាក់កំហុសលើខ្ញុំថាជាជនទុច្ចរិតឆបោកដែលជាសកម្មភាពល្មើសបរិហារបង្កាច់កេរ្តិ៍ដ៏ធ្ងន់ធ្ងរមកលើរូបខ្ញុំ ធ្វើអោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលខ្ញុំនឹងចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មិថុនា ២០២៤

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល។

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈផេកផ្លូវការរបស់លោក បន្ទាប់ពីមានករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្រុងភ្នំពេញ។

តាមរយៈសំណេររបស់លោកហ៊ុន ម៉ានី បានបង្ហាញថា៖ ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។

ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។

ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។

យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល។

សុំជម្រាបថា សមត្ថកិច្ចចាប់ខ្លួនឧកញ៉ាម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់។ ចំណែកមនុស្សចំនួន ៣នាក់ទៀតក៏ត្រូវបានឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្នុងបុរីប៉េងហួតបឹងស្នោរ។

ឧកញ៉ាដែលចាប់ខ្លួនឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ។ ឧកញ៉ារូបនេះបានបញ្ជាក់ថា មូលហេតុដែលបាញ់ដោយសារជនរងគ្រោះជេរខ្លួន។

ឧកញ៉ារូបនេះបានជិះរថយន្តរត់គេចខ្លួនទៅដល់អង្គស្នួលត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានតែម្ដង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡុង លីសុង (ប្រុស) និងឈ្មោះ ឃីន កញ្ចណា។ អ្នកទាំងពីរជាគូរដណ្តឹងនិងគ្នា។

ករណីឃាតកម្មបាញ់សម្លាញ់មនុស្សចំនួន ២នាក់ និងរបួសម្នាក់ នៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរ ផ្លូវ P10 គម្រោង ៧ កាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២៤

ភ្នំពេញ៖ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិវបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះ នេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ប្រកបដោយ​អត្ថន័យ​​​​យ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺ «យកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹក​ត្នោតខ្ចប់ស្ករត្នោត» តាមរយៈការប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍កោះនរា មួយផ្នែក និងមួយផ្នែកទៀត បានមកពីការបង្វែរកញ្ចប់ថវិកា ពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល សម្រាប់យកមកស្ថាបនាស្ពានអាកាស ថ្មីនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាលំហូរ ចរាចរ ក្នុងតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ និងដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីកនៃគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ និងគម្រោង «ព្រែកជីកហ្វូណន-តេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សម្រាប់​ជា​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន ។

ក្នុងពិធីនោះផងដែរ សម្តេចធិបតី បានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័នជំនាញ និង​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើងនៃ​នគរូបនីយកម្ម ដែលក្នុងនោះរួមមាន៖

ទី១. បន្តអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១). បង្កើនល្បឿនការអភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ ២០៣៥ និង ២). ផ្តើមគិតពីកិច្ចការសាងសង់សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

ទី២. បន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យ​ប្រវត្តិ​នៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។

ទី៣. បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ។

ទី៤. បន្តខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ទន្ទឹមនេះ បន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្ដាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីជំនន់​ទឹកភ្លៀង និងប្រធានសក្តិនានា ដែលអាចកើតមានជាយថាហេតុ ។

ទី៥. បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និង ក្នុងសហគមន៍ ។ ល ។) ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានល្អប្រសើរ ពោលគឺ ត្រូវបន្តចាត់វិធានការឱ្យបាន​ជា​ប្រចាំ​ និងជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ ។ និង

ទី៦. បន្តយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុង​ឱ្យ​ខាង​តែ​បាន ដើម្បីសម្រួល​ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ថែមលើនេះ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងត្រូវទៅ និង ចេញពីបម្រើការងារ (Rush Hour) រដ្ឋបាលរាជធានីភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់​មកសភាពធម្មតាវិញ​ទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ ។

នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក៏ដូចជាបណ្ដាអង្គភាពពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការល្អជាមួយគ្នា និងសម្របសម្រួលរាល់កិច្ចការទាំងឡាយ រហូតឈានដល់ការបើកការដ្ឋានសាងសង់គម្រោងស្ពានអាកាសនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ (Rush Hour) រហូតដល់ស្ថានភាពកកស្ទះចរាចរណ៍ត្រឡប់​មកសភាពធម្មតាវិញ​ទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៤

ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ។ ចំណែកសម័យកាលដែលប្រទេសជាតិធ្លាក់ចុះគឺជាសម័យកាលដែលខ្មែរបែកបាក់ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល កាប់សម្លាប់គ្នា ដែលធ្វើឱ្យខ្មែរចំណាយពេលវេលាបំផ្លាញច្រើនជាងកសាងក្រោមស្នាដៃមេដឹកនាំខ្សោយ។

ក្រោយពីញាំញីដោយភ្លើងសង្គ្រាមរហូតរអិលចូលក្នុងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសធ្លាក់ចុះដល់កម្រិតសូន្យនិងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីក្លាយជាផេះផង់ កម្ពុជាដ៏កំសត់ត្រូវបានសង្គ្រោះនិងស្តារឡើងវិញចេញពីទីលានកប់សាកសពដ៏គួរឱ្យតក់ស្លុតរន្ធត់ ឱ្យទៅជាប្រទេសដែលមានជីវិតស្រស់បំព្រង មានស្នាមញញឹម មានការអភិវឌ្ឍន៍លើសដើមក្នុងរយៈពេលយ៉ាងខ្លី និងមានសកម្មភាពការទូតរស់រវើកទាំងក្នុងឆាកតំបន់និងអន្តរជាតិ។ លទ្ធផលនេះមិនអាចសម្រេចបានឡើយប្រសិនបើខ្មែរគ្មានមេដឹកនាំខ្លាំងពូកែនិងរឹងមាំទេនោះ។

ដែលហៅថា មេដឹកនាំខ្លាំងពូកែ គឺជាមេដឹកនាំដែលយកជីវិតរបស់ខ្លួនទៅប្តូរយកជីវិតប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងជ្រោះមរណៈ។ ជាមេដឹកនាំដែលមានសមត្ថភាពអាចបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីដោយនាំមកនូវសុខសន្តិភាព ហើយអាចរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឱ្យគង់វង្សយូរអង្វែង។ ជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងទាំងក្នុងក្របខណ្ឌនយោបាយជាតិនិងការទូត។ ជាមេដឹកនាំដែលសម្លឹងឆ្ពោះទៅមុខជានិច្ចដើម្បីសម្រេចគោលដៅប្រកបដោយភាពប្រាកដនិយម ទោះបីជាមានឧបសគ្គយ៉ាងណាក៏អាចពុះពារនិងជម្នះបាន។ ជាមេដឹកនាំដែលអាចកសាងប្រទេសបានលឿនជាងគេមិនធ្លាប់មានពីមុន ជាពិសេសមានឥទ្ធិពលអាចបន្សាបបាននូវរាល់ឧបាយកលទុច្ចរិតនានាដែលមានចេតនាបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍន៍ជាតិ។

ប្រទេសកម្ពុជាដែលបានធ្វើដំណើរមកដល់ចំណុចនេះ និងកំពុងឈរយ៉ាងរឹងមាំជាមួយសមិទ្ធផលដ៏ធំធេងដែលយើងបានឃើញចំពោះមុខនាពេលនេះ ពិតជាស្នាដៃឯកដែលកើតឡើងក្នុងសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនបាននិងកំពុងរុញច្រាននាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពជឿជាក់និងឥតងាករេ។ ប្រជាពលរដ្ឋខ្មែរមានជំនឿថា មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៤

នៅទីបំផុត សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចដក ឧត្តមសេនីយ៍ត្រី កែវ សារ៉វុធ អគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ មកជាមន្ត្រី។

នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេចអធិបតីហ៊ុន ម៉ាណែត សៀមរាប ប៉ុស្តិ៍ ទើបទទួលបាន
នៅថ្ងៃសៅរ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តជេជូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ គឺដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះសម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។ បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តក៏បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន៖ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ និងបានអបអរសាទរចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាងរាជធានីភ្នំពេញ និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីការពិភាក្សារវាងសម្តេចធិបតី និងឯកឧត្តមអភិបាលខេត្ត នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេលដែលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ អំពីការតភ្ជាប់រវាងខេត្តជេជូ និងព្រះរាជាណាចក្រកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការជំរុញនូវកំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលនៅកម្ពុជា។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរឯកឧត្តមអភិបាលខេត្ត ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៤

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកប្រធានធនាគារ ADB បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជាមួយគ្នានេះ លោកប្រធានធនាគារ ADB ក៏បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានធនាគារ ADB ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ ការណ៍នេះ បង្ហាញអំពីការប្តេជ្ញាចិត្តកាន់តែរឹងមាំចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ បន្ថែមលើនេះ លោកប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកប្រធានធនាគារ ADB ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសារទរចំពោះការបើកដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ធនាគារ ADB ចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់ជាច្រើន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ ជាងនេះទៅទៀត សម្តេចធិបតី បានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងនូវកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើបផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី បានគូសរំលេចពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍន៍ថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៤

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងនាយនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឱ្យមកជាមន្រ្តី។

នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ស សុខា។

ក្នុងសេចក្ដីប្រកាសដែលត្រូវបានចែករំលែកជាសាធារណៈបានបញ្ជាក់ថា៖

១- លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព​ និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

២- លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព​ និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៣ – លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៤ – លោកវរសេនីយ៍ឯក អិន លុច​ អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page22 Page23 Page24 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×