ខេត្តសៀមរាប៖អភិបាលខេត្តលោកទៀ សីហា បានដាក់នូវបទបញ្ជាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនលើការងារសន្តិសុខជូន ប្រជាពលរដ្ឋ ក៏ដូចតាមដងផ្លូវសាធារណៈ តំបន់ទេសចរណ៍ ក្នុងបង្កើន ជម្រុញស្តារឡើងវិញក្នុងវិស័យទេសចរណ៍ សំខាន់ទេសចរណ៍ ក្នុងស្រុក ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ បានកំពុងនិយមជិះកង់ដើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទ ក៏ដូចជាការហាត់កីឡាផងដែរ។
លោកទៀ សីហា ក៏សុំឲ្យមន្ទីរសុខាភិបាល និង មន្ទីរទេសចរណ៍ខេត្ត ពិនិត្យឡើងវិញ ចំពោះការបើកដំណើរការទៅតាមបណ្តាល ភោជនីយដ្ឋាន រួមទាំងទីកន្លែងប្រជុំជន ក្នុងការបង្កា ទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងនូវជម្ងឺកូវីដ១៩។
លោកអភិបាលខេត្តក៏បានជំរុញដល់សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបង្កើនការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គ្រឿងញៀន ល្បែងស៊ីសង និងបង្រ្កាប់ឲ្យខាងតែបានចំពោះការកាប់ទន្ទ្រានព្រៃឈើ និង ព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សម្បត្តិធម្មជាតិ និង ត្រូវធ្វើការអនុវត្តការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផងដែរ។
ជាមួយគ្នានោះដែរអភិបាលខេត្តសៀមរាប ក៏បានណែនាំបន្ថែមដល់សមត្ថកិច្ច និង អាជ្ញាធរក្រុង ស្រុក គឺត្រូវរឹតបន្តឹងចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថាបងប្អូនពលរដ្ឋមួយចំនួនបានចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាង។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ នព្រឹកថ្ងៃទី១៨ខែឧសភាម្សិលមិញនៅសាលាខេត្តសៀមរាប។
កិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និង អំពីលទ្ធផលនៃការអនុវត្តរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ ។
ក្នុងនោះក៏បានលើកផងដែរអំពីករណីការកំណត់ព្រំប្រទល់ខេត្ត និងខេត្ត ដែលបានធ្វើឲ្យមានបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ និង បញ្ហាក្រុម ជនឆ្លៀតឱកាសចូលកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក ព្រមទាំងការសុំបង្កើតភូមិថ្មីផងដែរ និងលើកនូវបញ្ហាប្រឈមមួយចំនួន និង សំណូមពរមួយចំនួនទៀតផង៕SRP