Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៤

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ ករណីព័ត៌មានបានផ្សាយថា ធ្វើទារុណកម្ម ជនរងគ្រោះរហូតបានស្លាប់។

ការបង្កើតគណៈកម្មការស៊ើបអង្កេតនេះ បន្ទាប់ពីកងរាជអាវុធហត្ថនៅផ្ទៃប្រទេស បានឃើញ ព័ត៌មានផ្សាយអត្ថបទមួយទាក់ទងទៅនឹងការធ្វើទណ្ឌកម្មមនុស្សរហូតដល់ស្លាប់។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា៖ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលសរសេរថា “ប្រភពពីខេត្តប៉ៃលិន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ ញូវហ្វ័រធូណា បាននាំខ្លួនជនរងគ្រោះ ជនជាតិចិនឈ្មោះ Zhou Chunhua អាយុ៣៦ឆ្នាំ តាមរថយន្ត Alphard ពណ៌ស ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចោទប្រកាន់ថា ជនរងគ្រោះជំពាក់លុយពួកគេ។ ក្នុងអំឡុងពេលនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មានមន្ត្រីកងរាជអាវុធហត្ថខេត្តមួយរូបឈ្មោះ សុផល បានទូរស័ព្ទទៅស្ដ្រីខ្មែរម្នាក់ជាប្រពន្ធជនរងគ្រោះឱ្យយកលុយចំនួន ២ម៉ឺនដុល្លារមកដើម្បីដោះស្រាយរឿងប្តី។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ បានឱ្យបក្សពួកទៅដឹកជនរងគ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រលប់ទៅកាស៊ីណូវិញ។ ប៉ុន្តែដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពីការធ្វើទារុណកម្ម ជនរងគ្រោះក៏បានស្លាប់។”

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ មេត្តាជ្រាបថា៖

១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងលោកអនុសេនីយ៍ទោ ផូរ៍ សុផល នាយការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩ជាងពេលយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានខាងកាស៊ីណូដឹកមនុស្សម្នាក់មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ហើយបានប្រាប់ថា ជនជាតិចិននេះជាបុគ្គលិករបស់ក្រុមហ៊ុន បានលួចលុយក្រុមហ៊ុន ខាងក្រុមហ៊ុនមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយសារពេលយប់មិនមានអ្នកបកប្រែ មន្ត្រីនគរបាលយុត្តិធម៌មិនទាន់បានទទួលពាក្យបណ្ដឹង ហើយបុគ្គលជនជាតិចិននោះ ត្រូវបានរក្សាទុកសម្រាកក្នុងបន្ទប់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លុះព្រឹកឡើងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញបានរកអ្នកបកប្រែ ហើយសួរបុគ្គលនោះអំពីដំណើរហេតុមួយហ៊ាន បានដឹងថា មិនមែនជាករណីលួចទេ គឺជាការជំពាក់ប្រាក់ ដូច្នេះមន្ត្រីជំនាញក៏មិនទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនទេ ព្រោះការជំពាក់ប្រាក់ជារឿងរដ្ឋប្បវេណី បន្ទាប់មកមន្ត្រីជំនាញបានទំនាក់ទំនងខាងក្រុមហ៊ុនកាស៊ីណូ ឱ្យមកយកបុគ្គលជនជាតិចិននោះទៅវិញ។

២-បុគ្គលឈ្មោះ Zhou Chunhua ពេលមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មិនមានស្នាមរបួស និងមិនបានធ្វើទារុណកម្ម ហើយនៅពេលប្រគល់ជូនទៅខាងក្រុមហ៊ុនកាស៊ីណូវិញ ក៏មិនមានរបួសធ្ងន់ធ្ងរទេ។ (សូមភ្ជាប់ជាមួយរូបថតជនរងគ្រោះ)

៣-ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ។ កងរាជអាវុធហត្ថ ស្នើសុំស្ដ្រីដែលជាប្រពន្ធរបស់ជនរងគ្រោះ និងបុគ្គលពាក់ព័ន្ធ សហការជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តនីតិវិធីករណីខាងលើនេះ។

សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។ សូមគោរពអរគុណ។

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៤

អ្នកនាំពាក្យឧត្តមសេនីយ៍ត្រី អេង ហុី៖ កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនានា ដូចខាងក្រោម៖

១-ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

២-កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេរូ កងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។

៣-កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។ សូមគោរពអរគុណ។

 

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៤

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជាបានស្នើឲ្យសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។

តាមរយៈទំព័រ page facebook ផ្លូវការ ទៅល្ងាចថ្ងៃទី 7 ខែតុលាឆ្នាំ 2024 នេះ សម្ដេចតេជោហ៊ុន សែន បាន អះអាងថា លោកលី សាម៉េត តែងតែយកឈ្មោះសម្ដេចទៅបោកប្រាស់យកលុយពីគេ។

ក្នុងសារបង្ហោះបានបញ្ជាក់យ៉ាងដូច្នេះថាដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់
លោកលី សាម៉េត(ហៅគ្រូមា)។
លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរ
បោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។
ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យ
សួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំ
ដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ
សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការ
នគរបាលក្រុងភ្នំពេញ។
មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ
លី សាម៉េតឲ្យសងលុយទៅមួង ឃីម
ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។
ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក
កន សុខកាយអភិបាលក្រុងអរីយក្សត្រថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការបាន
តំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជា
នាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជា
ប្រធានព្រឹទ្ធសភា អមដោយអំណាច
ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមាន
ព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខា
តែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺន
នាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់
អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍
ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួន
ទទួលបានការតែងតាំងហើយទទួល
បានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ករណីលី សាម៉េតអាចនៅមានមនុស្ស
ច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀប
ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំ
សូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកា
ការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី
ទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់
ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ
កាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល
លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២៤

បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។

ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។

ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថាក្នុងឬក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។

សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការធានាការពារសន្តិភាពមិនឱ្យបាត់បង់ពីសំណាក់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតខុសពីមុនស្រឡះពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់នៅក្នុងក្តីសប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវីឡាយ។ នេះគឺជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ៕SRP អត្ថបទលោកប៉ែន បូណា ប្រធានអង្គភាពអ្នកពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៤

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន​ និង​អាជ្ញាធរដែនដី​ពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២៤

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា បានលើកឡើងថា «ពួកគេចោទខ្ញុំ ថាជាអ្នកដឹកនាំផ្តាច់ការ ក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។

សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃអង្គារទី 24 ខែកញ្ញាឆ្នាំ 2024 នេះ បានសរសេរសារបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងផ្ទាល់ខ្លួនថាថ្ងៃ២៤កញ្ញា ២០២៤នេះ ជាខួបលើកទី២៦ឆ្នាំ នៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាត មកលើរូបខ្ញុំ នៅទីក្រុងសៀមរាប (24កញ្ញា1998.24 កញ្ញា 2024)។

សម្ដេចតេជោហ៊ុន សែន បានសរសេរបន្តថាពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៦ឆ្នាំមុន ខ្ញុំមិនគួរមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តខ្ញុំ តែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។

សូមអរព្រះគុណ គ្រប់អង្គបារមី ដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺ រហូតម៉ោង៨ព្រឹក ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទី តាមខ្សែភ្លើងពីចម្ងាយ។ សម្ដេចបានបញ្ជាក់ថា៖ «ពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការ ក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។

នៅក្នុងសំណេររបស់សម្ដេចតេជោហ៊ុន សែន ដដែលបានសរសេរថា៖ ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខ ដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល១០ឆ្នាំ ២ឬ៣ដងទៀត ដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ។ អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២៤

ភ្នំពេញ៖នៅទីបំផុតសមត្ថកិច្ចបានចាប់ខ្លួនថៅកែ ស្ថានីប្រេងសាវីមិច និងបក្សពួក ពាក់ព័ន្ធហិង្សាដោយចេតនា។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ព្រួ តគ្នាវាយ បណ្តាលឱ្យរបួស) ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីប្រេងសាវីមិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣:៣០នាទី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១. ឈ្មោះ តាំង សឿន ភេទប្រុស, ២. ឈ្មោះ សារ៉ូ អក្ករ៉ា ភេទប្រុស, ៣. ឈ្មោះ អាន់ សុខា ភេទប្រុស និង៤. ឈ្មោះ លុច្យ បុនលី ភេទប្រុស។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួសយ៉ាងដំណំ។

បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួក បានចាប់យុវជន៣ នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ច ថា ជាករណីយល់ច្រឡំ។ បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំ ស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។

ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងផ្ដល់ជាមួយគេទៅវិញ ដោយមិនបានប្រាប់ទៅឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែដោយសារដឹងពីអំពើហិង្សាទាំងកម្រោល មិនខ្លាចច្បាប់ទម្លាប់បែបនេះ​ ឪពុកម្តាយរបស់ក្មេងប្រុសទាំង៣នាក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងធ្នង់ ប៉ុន្តែមិនទាន់មានចំណាត់ការនោះឡើយ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ពួកគេទាំង៣នាក់ បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេលទៅលើមុខស្ថានីយប្រេងឥន្ធនៈសាវីមិច របស់ជនបង្កឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្ខពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេទាំងកម្រោលតែម្ដង ដោយគ្មានហេតុ។

នៅពេលដេញបុក (មានវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព) ម៉ូតូរបស់ពួកគេបានដួល ហើយក្នុងចំណោម៣នាក់ មានម្នាក់រត់ឲ្យអ្នកភូមិជួយ និង២នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរស័ព្ទ និងព្រួតវាយយ៉ាងដំណំ។ ប៉ុន្តែជនរងគ្រោះ ដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយ៍ប្រេង និងបានប្រើហិង្សាផងដែរ។ ក្រោយនាំមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្ក បានប្រគល់ពួកគេទៅឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ។

ដោយសាររងនូវភាពអយុត្តិធម៌ ពីការប្រើប្រាស់អំពើហិង្សាដែលបង្កដោយបុគ្គលឈ្មោះ តាំង សឿន ដែលមានតួនាទីជាមន្ដ្រីយោធា ដែរនោះ ក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៣នាក់ បាននាំពួកគេទៅដាក់ពាក្យ បណ្ដឹងវិញ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីឲ្យជួយអន្ដរាគមន៍ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ចំពោះការចោទប្រកាន់នេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន (គី សឿន) បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៤

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានប្រកាស បញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។

នេះបើយោងតាមសំណេរដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធតេឡេក្រាមរបស់សម្ដេចហ៊ុន សែន។

នៅក្នុងសំណេរ បានសរសេរថា
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !

តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។

ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។

ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។

ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។

យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។

ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២៤

ថ្ងៃនេះគឺជាខួប២០ឆ្នាំ ដែល សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី

ភ្នំពេញ៖ថ្ងៃនេះគឺជាខួប២០ឆ្នាំ(១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ ) ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី។

ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដែលថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវី មានជាអាទិ៍ ដូចខាងក្រោម៖
– ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស
– ផ្តល់អគាររបស់រដ្ឋ ជាកម្មសិទ្ធិរបស់គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីស្នាក់ការរដ្ឋបាល រហូតបច្ចុប្បន្ន
– អនុម័ត ផ្តល់ថវិកាឧបត្ថម្ភ ដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី
– ជាស្ថាបនិកផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច សម្រាប់ប្រតិបត្តិការពារក្តី និងពិគ្រោះ ប្រឹក្សាយោបល់ ជូនស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងខ្វះការការពារតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត ។ល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៤

ភ្នំពេញ៖លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងរបស់ជាតិ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋានន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់។ ជាពិសេសការសុំច្បាប់ ត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រទេស របស់មន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។

លោកថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ លោកស សុខា ក៏បានណែនាំទៅកាន់ប្រធានអង្គភាពនគរបាលទាំងអស់ ត្រូវពន្លឿនការផ្សព្វផ្សាយអនុក្រឹត្យនេះ បន្តទៅកាន់មន្រ្តីក្រោមឱវាទ ឱ្យបានយល់ដឹងច្បាស់ និងត្រូវធានាថា អនុក្រឹត្យនេះ នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកស សុខា បានចាត់ទុកអនុក្រឹត្យនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសេសលើការពង្រឹងគុណភាពធនធានមនុស្ស និងសម្រាប់ក្រសួងមហាផ្ទៃផ្ទាល់ ក្នុងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានរលឹកជាថ្មីទៀត ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ បន្តពង្រឹងវត្តមានបំពេញការងារ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីធានាផ្ដល់សេវារដ្ឋបាល និងសន្តិសុខ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព។

ក្នុងចំណោមអនុសាសន៍សំខាន់ៗជាច្រើនទៀត លោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំអគ្គនាយកដ្ឋានធនធានមនុស្ស ពន្លឿនការប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យបានមុនដាច់ឆ្នាំ២០២៤។ ដោយឡែកបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលខ្លឹមសារអនុក្រឹត្យនេះទៅក្នុងកម្មវិធីសិក្សា ឬរៀបចំជាបទបាឋកថា ដើម្បីឱ្យនិស្សិត សិក្ខាកាម  និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ បានយល់ដឹងអំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ។

សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីលោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ បើតាមអគ្គនាយក អនុក្រឹត្យនេះ មាន ៨ជំពូក និង ២១មាត្រា មានគោលបំណងកំណត់ឱ្យបានច្បាស់អំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា និងធានានូវនិរន្តរភាពការងារ ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ។

យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ មន្រ្តីនគរបាលជាតិកម្ពុជា ដែលបានតាំងស៊ុបក្នុងក្របខ័ណ្ឌ មានសិទ្ធិទទួលបានច្បាប់ឈប់សម្រាក ចំនួន ១៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងមួយឆ្នាំ ដោយអាចស្នើសុំមួយលើក ឬច្រើនលើក ខណៈមន្រ្តីនគរបាលជាតិជាស្រ្តី ត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ។ អនុក្រឹតនេះ ក៏បានចែងអំពីលក្ខខណ្ឌនៃការសុំច្បាប់ឈប់រយៈពេលខ្លី ច្បាប់ឈប់សម្រាកព្យាបាលជំងឺរ៉ាំរ៉ៃ និងច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន។

ក្រៅពីនេះអនុក្រឹត្យ ក៏បានកំណត់អំពីលក្ខខណ្ឌអនុញ្ញាតឱ្យចេញធ្វើការមុនឬក្រោយម៉ោង មិនលើសពី ១ម៉ោង ចំពោះមន្រ្តីនគរបាលជាតិដែលមានជនចាស់ជរា ឬជនមានស្មារតីវិបល្លាស ឬជនមានពិការភាពអចិន្ត្រៃយ៍ក្នុងបន្ទុក មន្រ្តីនគរបាលជាតិជាស្រ្តី ដែលមានផ្ទៃពោះ មានកូនអាយុក្រោម ១ឆ្នាំ មន្រ្តីដែលមានជំងឺរ៉ាំរ៉ៃដែលមានការបញ្ជាក់ពីគ្រូពេទ្យ ដោយមន្រ្តីនោះ ត្រូវមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ព្រមទាំងមន្រ្តីដែលទទួលការបណ្ដុះបណ្ដាលបន្ថែមក្រៅម៉ោងធ្វើការ។ ជាការកត់សម្គាល់ គឺមន្រ្តីនគរបាលជាតិទាំងអស់ ត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់អំពីអនុក្រឹត្យនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២៤

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។

ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ នាឱកាសសម្តេចតេជោ អញ្ជើញធ្វើបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ»។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់សម្តេចតេជោនៅពេលនេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេច ដើម្បីរំដោះជាតិពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ សុខសន្តិភាពបច្ចុប្បន្ននេះ គឺជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិកម្ពុជាពុំដែលបានស្គាល់ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ការថាកិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page19 Page20 Page21 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×