Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២៤

ភ្នំពេញ៖ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយ​សូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុង​សង្គមជាតិរបស់យើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង​ពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី​១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និង​សិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កន្លងទៅ សមត្ថកិច្ច និងកងកម្លាំង​ជំនាញទូទាំងប្រទេសបានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្មេងទំនើងបានចំនួនជាង ២ពាន់នាក់ ដែលមានជិត ៧០០ករណី ហើយកំពុងត្រូវបានអនុវត្តទោសយ៉ាងតឹងរឹង និងហ្មត់ចត់។ ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយ​សូមឪពុកម្តាយ អាណាព្យាបាល ចូលរួម និងខិតខំសហការ ពិសេសចូលរួមអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុង​សង្គមជាតិរបស់យើង។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ស្ថាប័នអនុវត្តច្បាប់បាន​និង​កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តខុស និងបានបង្កផលប៉ះពាល់ដល់សង្គមជាតិ ពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងករណីឃាតកម្ម ដែល​បានប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី​ ស៊ីណា គឺត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិត​ ក្នុងមួយគ្រួសារ​ ទទួលបានសំណង ១លានដុល្លារ ហើយជនរង​របួសធ្ងន់​ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ​ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ​ ផងដែរ។ នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់​ស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក៏បង្ហាញទៅសាធារណជន កុំយកគំរូតាមករណីដែលបានកើតឡើងនេះ, ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងចំពោះសិស្ស និស្សិត​ជ័យលាភីទាំងអស់ ក៏ដូចជាសាធារណជន ថា រឿងស្រលាញ់ជាតិ, ការពារជាតិបូរណភាព​ទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ,​ តែសកម្ម​ភាព​នៃការបារម្ភ,​ ការស្រលាញ់ និងការពារជាតិ យើងត្រូវ​អនុវត្ត​តាមគោលការណ៍ ៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ៖ ១/ ចរចារបោះ​បង្គោល​ព្រំដែនឱ្យ​បាន​ច្បាស់លាស់​តាមគោលកាណ៍​ និងច្បាប់អន្តរជាតិ, ២/ បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការ​អភិវឌ្ឍតំបន់ព្រំដែន និង ៣/ ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន​ និងការពារជាតិ។ រឿងដែលយើងបារម្ភ​បំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន ដូចនេះទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាម​ហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាលមិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិប​តេយ្យជាតិ ​នោះទេ តែអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺខិតខំចរចារបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីពិតប្រាកដ និង​បណ្តុះធនធានមនុស្សពិតប្រាកដក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើន​ត​ទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព​ និង ស្ថិរភាពយូរអង្វែងរបស់កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៤

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ : ថ្ងៃនេះ, តាមរយៈឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ, ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម ហើយតាមរយៈនេះ អ្នកកាសែត ដែលមហាជនស្គាល់ឈ្មោះថា ពូ ហ៊ន ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះ។

ចំពោះករណីនេះ បន្ទាប់ពីឯកឧត្ដម នេត្រ ភក្រ្តា បានទាក់ទងមកខ្ញុំ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមស្របបញ្ចប់ករណីនេះ ជាពិសេស ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និង ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន, ខ្ញុំ ក៏បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃវិស័យយុត្តិធម៌ និងបានធ្វើការសម្របសម្រួលជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីដកពាក្យបណ្តឹង និងឈានទៅបញ្ចប់ករណីបណ្តឹងលើអ្នកកាសែតឈ្មោះ ផាត់ ហ៊ន។ ខ្ញុំសូមអរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ។

ខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើតុលាការដែលជាស្ថាប័នរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បែរជាធ្វើការសម្រេចចិត្តប្តឹងបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដើម្បីអោយទទួលខុសត្រូវចំពោះមុខច្បាប់ គឺ ច្បាស់ណាស់ ជាការសម្រេចចិត្តដ៏លំបាក និង ដោយសារពុំមានជម្រើសណាល្អផ្សេងពីនេះ ហើយការប្តឹងទៀតសោត គឺពុំមានគោលបំណងអ្វីក្រៅពីការរកយុត្តិធម៌អោយខ្លួនឯង ទៅតាមគន្លងក្នុងសង្គមនីតិរដ្ឋ ពិសេស គឺការការពារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរបស់ខ្លួនប៉ុណ្ណោះ។

ក្រោយភ្លៀង, មេឃស្រឡះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់ ហើយក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ សូមមេត្តាសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។ ជាមួយគ្នានេះ ខ្ញុំស្នើដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន, ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៤

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពទិញ-លក់ទំព័រគណនីហ្វេសប៊ុក និងកម្ចីប្រាក់អនឡាញ ផ្ទេរប្រាក់តាមគណនីធនាគារផ្សេងៗ។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានចាប់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ប.ន ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តកំពង់ចាម ជាអ្នកបង្កើតគណនីផ្សព្វផ្សាយកម្ចីប្រាក់ និងបង្កើតទំព័របណ្ដាញសង្គមលក់ ដែលបានធ្វើការឆបោកទៅលើជនរងគ្រោះចំនួន១១នាក់ ក្នុងទំហំទឹកប្រាក់២ម៉ឺន៥ពាន់ដុល្លាសហរដ្ឋអាមេរិក។

តាមការស្រាវជ្រាវ និងសួរចម្លើយ ចំនួនជនរងគ្រោះ និងទំហំទឹកប្រាក់អាចមានចំនួនច្រើនជាងចំនួនខាងលើ។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមតាំងពីអំឡុងឆ្នាំ២០២២មកម្លេះ ដោយបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយ ផ្សព្វផ្សាយពីការផ្តល់ប្រាក់កម្ចីតាមអនឡាញ និងការទិញ-លក់ទំពរ័គណនីហ្វេសប៊ុក ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះដែលចង់ស្នើសុំប្រាក់កម្ចី ឬទិញទំព័រគណនីហ្វេសប៊ុកពីរូបគេ គេបានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ស្នើសុំកម្ចីប្រាក់តាមប្រព័ន្ធអនឡាញ ពីស្ថាប័ននានាដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញទំនាក់ទំនងសង្គម និងការទិញ លក់ទំនិញនានាតាមប្រព័ន្ធអនឡាញ ពីគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុកដែលគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២៤

ភ្នំពេញ៖សារព័ត៌មានមានគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវជួយអ្នកសារព័ត៌មានឱ្យចៀសផុតពីហានិភ័យនៃការប្រឈមនឹងបណ្ដឹងនានា ជាមួយគ្នានេះ ក្នុងសម័យឌីជីថល គុណភាពព័ត៌មានមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាកត្តាដ៏សំខាន់មួយក្នុងការធានាភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវអំពីតថភាព ក្នុងសង្គមជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសនិងលើពិភពលោក។

នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងថា ការពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងនោះមានសមត្ថភាពក្នុងការយកព័ត៌មាន ផលិត និងផ្សព្វផ្សាយ មានសារៈសំខាន់ដើម្បីធានាការផ្សាយព័ត៌មាន ផ្អែកលើប្រភពត្រឹមត្រូវច្បាស់លាស់ ខ្លឹមសារមានតុល្យភាព គ្រប់ជ្រុងជ្រោយ និងបានផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធក្នុងសាច់រឿងបានចូលរួមចំណែក។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈគ្រប់ពេលដែលខ្លួនបំពេញការងារ។ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវបង្កើនការស្វែងយល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមអំពីសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន។

ឯកឧត្តមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «សូមចងចាំថាក្នុងការអនុវត្តភារកិច្ច អ្នក សារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិនិងករណីយកិច្ចដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានឡើយ ព្រោះការអនុវត្តជ្រុល ឬទង្វើហួសដែនកំណត់នៃច្បាប់នឹងនាំមកនូវផលវិបាក និងអាចនាំឱ្យប្រឈមនឹងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬផ្នែកព្រហ្មទណ្ឌជាដើម»។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានជាអាទិភាពចម្បងមួយក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន។ ទន្ទឹមនេះក្នុងដំណើរការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិក្រឹត្យការរបស់ក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងសមាគមសារព័ត៌មាននានា ក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤ បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ២៣លើក ដល់អ្នកសារព័ត៌មាន មកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាននិងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។

ឯកឧត្តបន្តថា វគ្គបណ្តុះបណ្តាលទាំងនេះបានបំពាក់បំប៉នជំនាញនិពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មាន និងបានផ្តល់ចំណេះដឹងខាងវិស័យនានាក្នុងសង្គម ដើម្បីបង្កើនសមត្ថភាពឱ្យពួកគេផលិតនិងផ្សព្វផ្សាយព័ត៌មានគុណភាព និងសម្របខ្លួន និងផ្សាយខ្លឹមសារឆ្លើយតបនឹងតម្រូវការនិងការវិវត្តក្នុងសម័យឌីជីថល។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលក៏បានតម្រង់ទិសស្តីពីនិយាមវិជ្ជាជីវៈសារព័ត៌មាន ការប្រតិបត្តិក្រមសីលធម៌ ការគ្រប់គ្រងព័ត៌មាននិងការផ្សាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ដោយរាប់បញ្ចូលទាំងអក្ខរកម្មឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ ក្រសួងបានសហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈឱ្យស្របតាមការវិវត្តិយ៉ាងលឿនក្នុងសង្គម។

ឯកឧត្តមអ្នកនាំពាក្យក៏បានឱ្យដឹងទៀតថា កិច្ចសហការនេះនឹងរួមចំណែកលើកកម្ពស់ធនធានមនុស្ស និងកសាងអ្នកបន្តវេនប្រកបដោយគុណភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ដោយផ្តោតលើការបណ្តុះសមត្ថភាព និងជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើវិស័យព័ត៌មាននៅកម្ពុជា។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា៖ «អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គម ព្រោះការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ»។

ឯកឧត្តមអ្នកនាំពាក្យរូបនេះក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ក្នុងការអនុវត្តការងារសូមប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមសំណូមពរដល់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងដៃគូក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់សូមបន្តផ្តល់ការជ្រោមជ្រែងបន្ថែមទៀតក្នុងរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ទាំងផ្នែកវិជ្ជាជីវៈ ការប្រតិបត្តិក្រមសីលធម៌ និងចំណេះផ្នែកច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងគុណភាពសារព័ត៌មាននៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២៤

ភ្នំពេញ៖បុរសម្នាក់ជាពាណិជ្ជករ ត្រូវបានឃាត់ខ្លួនករណីរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤  ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  នៅចំណុចមុខហាងកាហ្វេ ចាំcrush ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន របស់លោក លឹម ប៊ុនហេង ព្រះរាជ្ញអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ និង ខេត្តកំពត កាលពីអំឡុងឆ្នាំ ២០១៣-២០១៧។

ជនជាប់ចោទឈ្មោះ សោម សុខរ៉ាឌី ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២ ផ្លូវ១៤(បុរីពិភពថ្មី) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនជាប់ចោទ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៤

ភ្នំពេញ៖ពីលើទីលានវាយគូនគោលក្រាលគ្របដោយវាលស្មៅខៀវខ្ចី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសំណេរខ្លីមួយថា «ព្រឹកនេះ វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយកាន់តែល្អ»។​សំណេរមួយប្រយោគនេះ ខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយ ដល់ នាយ សមុទ្រ ជាមួយទម្ងន់រាប់ពាន់តោនសមល្មមសង្កត់ឱ្យអ្នកនយោបាយ ដែល កំពុង បំផុសពាក្យ «ផ្ការីក» លើបណ្តាញសង្គមក្អួតឈាម។

ក្នុងមួយរយៈនេះ ពាក្យ «ផ្ការីក» កំពុងត្រូវបានជនក្បត់ជាតិតជំនាន់ សម រង្សុី បង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម។ «ផ្ការីក» ជាចលនាបដិវត្តន៍ មួយ ត្រូវបានគេប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន។ដូច្នេះពាក្យ «ផ្ការីក» ដែល សម រង្សុី បំផុសឡើង ក្នុងចេតនាដ៏អាក្រក់ញុះញង់ឱ្យពលរដ្ឋក្រោកឡើង បំផ្លាញក្តីសុខរបស់ជាតិកម្ពុជា។

«វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយ កាន់ តែ ល្អ» ជាសារដែលបង្ហាញច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន មិន ព្រួយ មិនព្រឺចំពោះការបំផុសចលនាបដិវត្តន៍ដោយជនក្បត់ជាតិ តជំនាន់ នេះ ឡើយ។ ផ្ទុយទៅវិញសម្តេចកំពុងរីករាយ មើលការបំផុសដ៏អាក្រក់របស់ជន ក្បត់ជាតិ ហើយត្រៀមកម្ទេចចោលរាល់ចលនាទាំងឡាយ ដែលចង់បំផ្លាញក្តីសុខរបស់កម្ពុជា។

ជនក្បត់ជាតិ សម រង្សុី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួល ការ ដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។

ក្រៅពីហេតុផលខាងលើ ភាពបរាជ័យធំបំផុតជាបន្តបន្ទាប់របស់ ជនក្បត់ ជាតិ សម រង្សុី ព្រោះតែភាព កំសាកខ្លាចគុករត់ចោលស្រុក ធ្វើឱ្យបាត់បង់ អស់ អ្នកជឿ និងលែងមានអ្នកធ្វើតាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៤

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងកាន់តែត្រូវបានពូនជ្រុំកាន់រឹងមាំបន្ថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបាន​បង្ហាញពីមិត្តភាព​ដ៏ស្និទ្ធស្នាល និងទំនាក់ទំនងជាប្រពៃណីរវាង​ប្រទេស​ និង​ប្រជាជនទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច សម្រេចបានយ៉ាងឆាប់រហ័សនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង​ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ននៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយនិងការទូត សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និងហិរញ្ញវត្ថុ​ សន្ដិសុខនិងការពារជាតិ ថាមពល​ ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​ អប់រំ​ ទេសចរណ៍​ និង​វប្បធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ  ។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើ(១) កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, (២) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៤

អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញអ្នកកាន់កាប់ដីព្រៃលិចទឹកខុសច្បាប់ជុំវិញបឹងទន្លេសាប ខេត្តកំពង់ធំ ចំនួន១៧៦នាក់។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំ លើកទី៤១ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តុប សំ , សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក.ជ.ប.ព ដើម្បើពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព លើកទី៤០ អាណត្តិទី៣ , ស្តាប់របាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និងបញ្ហាផ្សេងៗ។

បើតាមសេចក្តីជូនរបស់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) ក្រៅពីកិច្ចការប្រកាសទ្រព្យសម្បត្តិ និងបំណុល, ការងារពាក្យបណ្តឹង, ការងារអប់រំ, ការងារបណ្តុះបណ្តាល, ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ គឺមានករណីដីធ្លីរបស់អ្នកវិនិយោគធំៗ នៅតំបន់សេដ្ឋកិច្ចពិសេស(SSEZ) បញ្ហារាំរ៉ៃ នៃបន្តឹងដដែលៗដែលនៅមិនព្រមរលត់ , ករណីដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា អ.ប.ព កំពុង​ពិនិត្យ​ញ្ហា​ដី​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប តំបន់៣ តំបន់២ ខេត្តកំពង់ធំ ដែល​អង្គភាព​រក​ឃើញ អ្អ្នកកាន់កាប់ដីធំ​ៗខុសច្បាប់ ចំនួន ១៧៦​នាក់ (​សរុប​ដី​កាន់កាប់​ខុសច្បាប់ ក្នុង​នោះ​មាន ១៥២​នាក់ ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ៣០,១០៩​ហិ​កតា​) ហើយ​ ២៤​នាក់ (​កាន់កាប់​ខុសច្បាប់ ៩,៤៦៣​ហិ​កតា អ្នកខ្លះ​កាន់កាប់​រហូត​ដល់ ២,៥០០​ហិ​កតា​) ប្រកែក​មិន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​។ ករណី​រំលោភ​អំណាច​ក្នុង​ការងារ​លទ្ធកម្ម កិបកេង​ប្រាក់​ជាង ១​ពាន់​លាន​រៀល ពី​គម្រោង​អភិវឌ្ឍន៍ តាម​ឃុំ​ភូមិ​របស់​ឈ្មោះ ហេង វុ​ទ្ធី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​តាកែវ និង​បក្ខពួក ២​នាក់​ទៀត ។

អ.ប.ព បាន​និង​គំ​ពុង​ពិនិត្យ​ករណី​ជំនួញ​ឥទ្ធិពល​នៅ​ខេត្តកំពង់ឆ្នាំង (​ដោះ​ដូរដីពន្ធនាគារ​ចាស់ សាងសង់​ពន្ធនាគារ​ថ្មី​) ដែល​ឧកញ៉ា អ៊ុត ធី ចំណាយ​ទុន ១.៩​លាន​ដុល្លារ​អា​មេ​រិ​ក ចូល​ហ៊ុន​បន្ថែម​ក្នុង​ក្រុមហ៊ុន អា​ស្នា រិ​ទ្ធ ហើយ​ចំណាយ​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ទៀតឲ្យ​ មួ​ង ឃឹម​, ដួង តារា​, លី សា​ម៉េ​ត ប្រើ​ឥទ្ធិពល​មក​លើ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង យល់ព្រម​តាម​ដំណោះស្រាយ​របស់ ដួង តារា​។

ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តដោយ​ឈ្មោះ កន សុខកាយ ចំណាយ​ប្រាក់ ៣០​ម៉ឺន​ដុល្លារ ឲ្យ​មក​ដួង តារា​, ឡា​ច សំរោង​, លី សា​ម៉េ​ត ដើម្បី​ឲ្យ​រូប​ខ្លួន​ទទួល​បានការ​តែងតាំង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ (​ប្រគល់​លើក​ទី​១ ចំនួន​១៥​ម៉ឺន ប្រគល់​លើក​ទី​២ ចំនួន​១៥​ម៉ឺន ដួង តារា​, ឡា​ច សំរោង ប្រាប់ លី សា​ម៉េ​ត ជា​ទឹកប្រាក់ កន សុខកាយ ជូន​ដើម្បី​ឲ្យ​បានជា​អភិបាលក្រុង​អរិយ​ក្សត្រ មាន​តែ ១២​ម៉ឺន​ដុល្លារ​)។
ជាមួយ​គ្នា​នោះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​កំពុង​ពិនិត្យករណីប៉ុនប៉ង សូកប៉ាន់​ប្រព្រឹត្តិ​ដោយ​អភិបាលរង​ខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ (​ចំណាយ ប្រាក់ ៥៧​ម៉ឺន​ដុល្លារ​) ទៅ ឡា​ច សំរោង និង លី សា​ម៉េ​ត , ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្ត ដោយ មួ​ង ឃឹម និង​បក្ខពួក​ឲ្យ​យុវជន​ម្នាក់​ទើប​ជាប់​បរិញ្ញាបត្រ ឲ្យ​បាន​ចូល​ក្រប​ខណ្ឌ​គយ ហើយ​ឲ្យ​បាន​ធ្វើ​គយ​នៅ​ខេត្តបាត់ដំបង ជា​ថ្នូរនឹង​ប្រាក់​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២៤

ប្រធានមន្ទីរសុរិយោដីចំនួនពីរខេត្តត្រូវបានរដ្ឋាភិបាលសម្រេចដកឲ្យមកបម្រើការងារនៅក្រសួងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យសម្រួលភារកិច្ចលោក សំ សារឿន ពី​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តព្រះវិហារ និងលោក ដាញ់ សារី ពី​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តខេត្តកំពត ឲ្យមក​បម្រើ​ការងារ​នៅទីស្តីការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តែងតាំងលោក ព្រាប សុផាត ជា​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តខេត្តកំពត ជំនួសលោក ដាញ់ សារី ដែលទទួលភារកិច្ចថ្មី។

តែងតាំងលោក ស សាវ៉េត ជា​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តព្រះវិហារ ជំនួសលោក សំ សារឿន ដែលត្រូវទទួលភារកិច្ចថ្មី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២៤

តើលោក ប្រាក់ សុខុន ជានរណា?
..
ទោះក្នុងវ័យ ៧០ ឆ្នាំក្តី លោក ប្រាក់ សុខុន នៅថ្ងៃទី ២០ វិច្ឆិកានេះ ត្រូវបានរដ្ឋសភាជាតិ បោះឆ្នោតគាំទ្រទាំងស្រុងឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា។

កើតនៅថ្ងៃទី ៥ ឧសភា ឆ្នាំ១៩៥៤ លោក ប្រាក់ សុខុន មានដើមកំណើតនៅរាជធានីភ្នំពេញ។ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ លោកគឺជានិស្សិតច្បាប់នៅរាជធានីភ្នំពេញ។ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សិក្សាជំនាញផ្នែក ព័ត៌មាន នៅប្រទេសហុងគ្រី និង បានចូលកាន់ការងារជា ប្រធានផ្នែក និពន្ធនាយកកាសែតកងទ័ព ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ហើយការងារនិពន្ធនាយក សារព័ត៌មាននេះ លោកបានធ្វើរហូតដល់ទស្សវត្សឆ្នាំ ១៩៩០។

នៅឆ្នាំ១៩៩៣ លោកបានបន្តការសិក្សាជំនាញ ទំនាក់ទំនងអន្តរជាតិ នៅប្រទេសបារាំង និង ធ្លាប់សិក្សាជំនាញ ការទូតយុទ្ធសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០០១ ក្រោយមកលោកបានចូលបំពេញការងារជាច្រើនក្នុងជួយរាជរដ្ឋាភិបាល ដោយបានកាន់ការងារជាអ្នកការទូតនៅ បារាំង បែលហ្សិច ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហគមន៍អឺរុប និង អង្គការសហប្រជាជាតិ។

លោក ប្រាក់ សុខុន ធ្លាប់កាន់តំណែងជា រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៦ និង បានក្លាយជា រដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ ២០១៦ រហូតដល់ ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន។

ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និង ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជា អនុប្រធានទី១ នៃព្រឹទ្ធសភា។ហើយនៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាជាតិ បោះឆ្នោតគាំទ្រទាំងស្រុងឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ឡើងវិញ ក្នុងវ័យ៧០ ឆ្នាំ៕ ដកស្រង់ដោយស៊ីស៊ីថាមស៍

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២៤

ភ្នំពេញ៖ កាសែតឥណ្ឌា​ The Sunday Guardian បានចុះផ្សាយអត្តបទមួយដោយទម្លាយថា រដ្ឋបាលបៃឌិនរបស់សហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។

កាសែតមួយនេះទម្លាយទៀតថា គម្រោងផែនការធ្វើរដ្ឋប្រហារនៅកម្ពុជា បានកើតឡើងតាមរយៈមូលនិធិរបស់លោក​ George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាងឯកសារបែកធ្លាយដែលពួកគេទទួលបាន។

និពន្ធនាយកនៃកាសែតមួយនេះ បានទាញសេចក្តីសន្និដ្ឋាន ដោយយោងតាមខ្លឹមសារផ្ញើសារតាម email របស់សកម្មជននៃអតីតគណបក្សប្រឆាំង, សកម្មភាពនៃបណ្តាអង្គការសង្គមស៊ីវិលដែលមានទំនាក់ទំនងនឹងមន្ត្រីរបស់បៃឌិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកម្មភាពដោយប្រយោលនានាទៀតនៃមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundation(OSF) នៅក្នុងការផ្តល់ថវិការក្រោមរូបភាពគម្រោងនានា ជាពិសេសគម្រោងស្តារលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ជាពិសេសបានទាញឧទារហរណ៍នៃគម្រោងចលនាបះបោរដ៏ជោគជ័យនៅប្រទេសបង់ក្លាដេសនាពេលថ្មីៗនេះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃការចុះផ្សាយរបស់កាសែតThe Sunday Guardian:

https://sundayguardianlive.com/top-five/biden-administration-backed-organisations-plotting-colour-revolution-in-cambodia

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២៤

ភ្នំពេញ៖លោកហ៊ុន ម៉ានី កូនប្រុសទី 2 របស់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃអាទិត្យនេះ បានបង្ហោះសំណេរមួយថា ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ។

ការអះអាងរបស់លោកហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីសម្ដេចហ៊ុន សែន បានផុសសំឡេងជាងពីរនាទីដែលក្រុមប្រឆាំងនៅក្រៅប្រទេសបានទូរសព្ទរំខានសម្ដេចតេជោហ៊ុន សែន ថ្ងៃអាទិត្យទី 10 ខែវិច្ឆិកាឆ្នាំ 2024 នេះ។

តាមរយៈសំណេររបស់លោកហ៊ុនមម៉ានី បានបញ្ជាក់បន្ថែមថា៖ អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពីepisodeនេះមកពិចារណាគឺ៖ 

១ វិជ្ជាជីវៈសារព័ត៌មាន

២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។

ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។

គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?

យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?

ជារួម ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page17 Page18 Page19 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×