ខេត្តបន្ទាយមានជ័យ៖ម្តាយនិងកូនស្រីអាយុ៣ខែម្នាក់ បាត់បង់ជីវិតគួរឲ្យរន្ធត់ ចំណែកឪពុកនិងកូនប្រុសអាយុ៨ឆ្នាំម្នាក់ រងរបួសស្រាលដោយរថយន្តបែកកង់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ០៦ ខាងលិចស្ពានសាលាក្រៅប្រហែល២០០ម៉ែត ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោសួន នីប៉ូ នាយការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ជនរងគ្រោះអ្នកបើកបររថយន្តឈ្មោះអឿន សំអាត ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។រថយន្តម៉ាកសាំយ៉ុងពណ៌ សំបកឪឡឹក ពាក់ស្លាកស្វាយរៀង.2A5859 ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ដឹកបន្លែ ផ្លែឈើ និងក្រុមគ្រួសារប្រពន្ធនិងកូន សរុបចំនួន៤នាក់ ពេលធ្វើដំណើរដល់ចំណុចកើតហេតុ រថយន្តបានបែកកង់ក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តេរចង្កូងមកខាងស្តាំដៃធ្លាក់ពីលើថ្នល់ក្រឡាប់ផ្ងាជើងឡើងលើ។
លោកនាយការិយាល័យបានបញ្ជាក់៖ជនរងគ្រោះដែលរងរបួសនិងស្លាប់ ជាក្រុមគ្រួសារអ្នកបើកបររថយន្តមានឈ្មោះ
១/-អឿន សំអាត ភេទប្រុសអាយុ៣៤ឆ្នាំ,
២/-ឈ្មោះអាត ស៊ីវហួរ ភេទប្រុសអាយុ៨ឆ្នាំ ទាំង២នាក់ឪពុកនិងកូនរងរបួសស្រាល,
៣/-ឈ្មោះវុទ្ធី សូរិយា ភេទស្រីអាយុ២៨ឆ្នាំ របួសធ្ងន់ក្រោយមក ក៏បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ,
៤/-ឈ្មោះអាត ស៊ីវមាន ភេទស្រីអាយុ៣ខែ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
កម្លាំងនគរបាលជំនាញខេត្តបានចុះទៅ ធ្វើការត្រួពិនិត្យ និងដឹកសពជនរងគ្រោះទៅគេហដ្ឋាននៃសពនៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ចំពោះមូលហេតុ ដឹកលើសចំណុះ រថយន្តបែកកង់ កើតមានគ្រោះថ្នាក់តែម្តង៕SRP