ខេត្តកំពង់ចាម៖ក្រុមប្រឹក្សាខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំវិសាមាញលេីកទី៥ អាណត្តិទី៣ របស់ខ្លួន ដេីម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងស្តីពីផែនការចំណូល-ចំណាយថវិកាសម្រាប់ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្ត។
កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយករបៀបវារៈអំពីការអនុម័តសេចក្តីព្រាងស្តីពីផែនការចំណូល-ចំណាយថវិកាសម្រាប់ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្តមក ដើម្បីអនុម័តនាសម័យ ប្រជុំវិសាមញនេះ។
បេីតាមរបាយការណ៍លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា យោងតាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកា របស់ថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។ របាយការណ៍បានបញ្ជាក់ទៀតថាឥណទានដែលបានគ្រោងសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២១ ដែលមានទឹកប្រាក់ចំណូលសរុបប្រមាណជាង៨០លានរៀល និងទឹកប្រាក់ចំណាយសរុបប្រមាណជាង៤០លានរៀល គឺស្របតាមនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាឆ្នាំ២០២១ របស់ថ្នាក់ក្រោមជាតិ។
ក្នុងកិច្ចប្រជុំ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យសុខាភិបាល គឺមានតួនាទីយ៉ាងសំខាន់ និងសេវាដេីរជួរមុខ ក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីបម្រើលេីសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ហេីយលោកអភិបាលខេត្ត ក៏បានជូនពរដល់ការគ្រប់គ្រងថវិកាឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្តនេះ ឲ្យទទួលបានផ្លែផ្កាប្រកបដោយភាពរីកចម្រេីនផងដែរ៕SRP