ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែកក្កដាម្សិលមិញ បានដឹកមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលកំពុងប្រមូលផលប្រមាណ៥១២ហិកតា ដោយតំបន់នេះប្រេីប្រាស់ប្រភពទឹកចេញពីអាងទឹកឆា។
លោកអ៊ុន ចាន់ដា កក៏បានបន្តពិនិត្យផ្ទៃដីរងផលប៉ះពាល់នៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ចំនួន៩៤ហិចតា ដោយសារនៅក្នុងភូមិសាស្រ្តនេះពុំមានប្រភពទឹកសម្រាប់ស្រោចស្រព។
ក្នុងដំណើរចុះពិនិត្យស្រូវរបស់កសិករ លោកអ៊ុន ចាន់ដា បានជម្រុញលើកទឹកចិត្តដល់ ប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ចំពោះតំបន់ដែលរងផលប៉ះពាល់ លោក បានធ្វើការណែនាំដល់មន្ទីរជំនាញ ឲ្យធ្វើការសិក្សាលើកជាគម្រោងកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនដល់ប្រជាពលរដ្ឋ៕SRP
សៀមរាប ប៉ុស្តិ៍
១ សីហា ២០២០