Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២០

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុង «ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១» ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។

ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ នៅព្រឹកថ្ងៃអាទិត្យ ទី​ ២៥​ ខែតុលា ឆ្នាំ២០២០នេះ បានបន្តអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់​ចំនួន៦​ (ក្នុងចំណោមសង្កាត់ទាំង​ ៨) នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបន្ទូលរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់​ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង​ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡេីងដោយការប្រែប្រួលអាកាសធាតុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់​ និងមិនទុក​ប្រជាពលរដ្ឋណាម្នាក់ចោលឡេីយ។

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ ឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ នំប៉័ងផ្អែម​ ១នំ​ និងទឹកបរិសុទ្ធ​ ១ដប។

សូមជម្រាបជូនថា​ ក្នុងរាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុងនោះមាន​ផ្ទះចំនួន ១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន ១០.៨២៥គ្រួសារ។​ ខណ្ឌរងគ្រោះទាំង៤ មានខណ្ឌដង្កោ ៥.៥៨៧គ្រួសារ​ ខណ្ឌពោធិ៍សែនជ័យ ៣.១៨១គ្រួសារ​ ខណ្ឌច្បារអំពៅ ១.៦៧២គ្រួសារ​ និងខណ្ឌកំបូល ៣៨៥គ្រួសារ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ភ្នំពេញ៖កងកម្លាំងការពារព្រំដែន នៃអង្គភាពតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង របស់កម្ពុជា បានបង្ក្រាបការជួញដូរគ្រឿងញៀន រឹបអូសបាន«ជាង៤០គីឡូក្រាម»។

មន្ត្រីដែលស្ថិតក្នុងហេតុការណ៍បង្ក្រាបបានថ្លែងថា៖កាលពីយប់ថ្ងៃទី២៣ តុលាឆ្នាំ២០២០ នេះ កម្លាំងការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅតាមផ្លូវខ្សែបន្ទាត់ព្រំដែន នៅចំណុចចន្លោះបង្គោលព្រំដែនកម្ពុជាឡាវ លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

មន្ត្រីបានបញ្ជាក់៖ ពេលយប់កម្លាំងព្រំដែនតែងចុះប្រតិបត្តិការ ជាប្រចាំទើបនៅវេលាម៉ោង៣ទៀបភ្លឺក៏ប្រទះឃើញម៉ូតូ បើកពេលយប់ ហើយក៏ហៅធ្វើការឆែកឆេរ តែម្ចាស់ម៉ូតូទុកម៉ូតូចោលរត់ចូលព្រៃបាត់។ ករណីនេះកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិតម៉ូតូ នោះមានឥវ៉ាន់ច្រកការ៉ុងពណ៌លៀងចំនួន០២ និងពិនិត្យមើលឃើញគ្រឿងញៀនសរុបចំនួន៤២កញ្ចប់។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានចាត់ទុកថា៖នេះជាអំពើល្មើសច្បាប់ ដែលក្រុមឧក្រិដជន ហ៊ានប្រព្រឹត្តនាំចូលពីប្រទេសឡាវមក។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានស្មើឱ្យនាយទាហាន និងពលទាហាន ត្រូវពង្រឹងកិច្ចទំនាក់ ទំនងជាមួយកម្លាំងទាំងអស់ នៅតាមព្រំដែន រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងពាក់ព័ន្ធផ្សេងៗទៀត បន្តរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែន ឲ្យបានល្អ ជាពិសេសការងារបង្ក្រាបការជួញដូរគ្រឿងញៀន។ សូមជម្រាបថា ថ្នាំញៀនទាំងអស់«៤២កញ្ជាប់»សមត្ថកិច្ចជំនាញ បានធ្វើការថ្លឹងមានចំនួន«សរុបជាង៤១គីឡូក្រាម (៤១.៨៦២៣ ក្រាម» និងរៀបចំចាត់ចែងទៅតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ភ្នំពេញ៖លោកវសេនីយ៍ទោ សេង សូនី អធិការងទទួលការងារអត្តសញ្ញាណកម្ម លោក យិនវុធ ចៅ សង្កាត់ច្បារអំពៅ២ លោកអ៊ុរតនា នាយប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះបានដឹកនាំកម្លាំងផ្នែកជំនាញ និងនគរបាល ចុះរៀបចំបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋព្រមទាំងធ្វើវេទិកាផ្សព្វផ្សាយ ទម្រង់៤មាន។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋចូលរួម សរុបចំនួនៈ ៤០នាក់.ស្រី ៣០នាក់
-ផ្សព្វផ្សាយខ្លឹមសាររួមមាន៖
-ការអនុវត្តគោលនយោបាយ «ភូមិ.សង្កាត់ មានសុវត្ថិភាព » លក្ខណៈសម្បត្តិ៩យ៉ាង។
-វិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩។
-ចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គីភយ័។
-បង្ការទប់ស្កាត់អំពើ ហឹង្សាលើ
កុមារ ស្រ្តី និងក្រុមគ្រួសារ ។
-គ្មានការដាំដុះ ការចែកចាយ ការ
ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ភ្នំពេញ៖តាមរយ:ទំព័រផេកហ្វេសប៊ុករបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានសរសេរថា៖ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ភ្នំពេញ៖ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ការដឹកនាំកិច្ចប្រជុំនេះ ក្រោយវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ កម្ពុជា ដែលបានធ្វើនៅវិមានសន្តិភាព។

កិច្ចប្រជុំនេះដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

៣-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អាក់ទីវភីភល​ ភីអិលស៊ី» ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០.០០០.០០០រៀល (ដប់លានរៀល) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

ក្នុងស្ថានភាពគ្រោះទឹកជំនន់រហ័សនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញេីសារអំពាវនាវដល់បងប្អូនជនរួមជាតិ៖

១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
៤. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖ករណីគ្រោះធម្មជាតិដោយទឹកជំនន់ មានអ្នកស្លាប់ចំនួន២៥នាក់ និងជម្លៀសប្រជាជន ជាង៣ម៉ឺននាក់ទៅកាន់ទីទួលសុវត្ថិភាព គិតត្រឹមថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០
មានប្រជាជនប៉ះពាល់ដោយជំនន់ទឹកភ្លៀងប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជនប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់ និងមានប្រជាជនស្លាប់ ចំនួន២៥នាក់ ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា មានរាជធានី-ខេត្តចំនួន១៩ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ,ប៉ៃលិន ,បន្ទាយមានជ័យ ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តរមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង និងកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកទី២០ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា សម្ដេចពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធន៍នៅប្រទេសការអភិវឌ្ឍន៍តែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។

សម្ដេចក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិចដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទីលើឧស្សាហកម្មធុនធ្ងន់។

បន្ទាប់មកលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ មុននឹងកិច្ចប្រជុំទាំងមូលបានបន្តការពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់មូលនិធិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖ក្រសួងកសិកម្មបានឲ្យដឹងថាដោយទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ គឺ

១) កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន

២) កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និង៣) កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃបណ្តាប្រទេស អាស៊ាន ប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និងប្រទេសឥណ្ឌា នឹងអនុម័តលើឯកសារមួយចំនួនដើម្បី អនុវត្តក្នុងគោលដៅលើកកំពស់ប្រព័ន្ធសិវត្ថភាពចំណីអាហារ ជំរុញពាណិជ្ជកម្មលើផលិតផលកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវិដ១៩ជាដើម។

ចំពោះលទ្ធផលនៃកិច្ចប្រជុំទាំង៣នេះ ក្រសួងនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំនីមួយៗនៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅ ក្នុងពេលឆាប់ៗនេះ នូវសេចក្តីព្រាងច្បាប់ចំនួន ៤ (បួន) ដែលគណៈកម្មករជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ថ្មីចំនួន៤ទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យនិងសិក្សា។

សេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានទទួលយកមកពិនិត្យ តាមសំណើរបស់រាជរដ្ឋាភិបាល និងបានសម្រេចប្រគល់ដល់គណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា រួចហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញនោះមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣-សេចសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

– ពិធីសារទី៣ស្តីពី សិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិក អាស៊ានណាមួយ។
– ពិធីសារទី៤ស្តីពី សិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃ ប្រទេសជាសមាជិកអាស៊ាន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង បានអរគុណ សប្បុរសជន ដែលបានឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារផ្សេងៗ ជួយដល់ពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។

តាមរយៈ page facebook ផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានសរសេរថា៖«បងប្អូនជនរួមជាតិជាទីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត»  ខ្ញុំសូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ខ្ញុំបានទទួលនូវជំនួយឧបត្ថម្ភពីបណ្ដាសប្បុរសជននានា សរុប មានអង្ករចំនួន៣៧៥តោន, មី១០០កេស, ប្រាក់រៀល៩០លានរៀល និងប្រាក់ដុល្លារ២០០,៥០០ដុល្លារសហរដ្ឋអាមេរិក។

សម្ដេចស ខេង បន្តថា ជំនួយទាំងនេះ ខ្ញុំ និងសហការី បានរៀបចំបែងចែកជូនបងប្អូនជនរួមជាតិដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តាមរយៈរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ពោលគឺជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។

ទន្ទឹមគ្នានេះដែរ ខ្ញុំក៏នៅតែបន្តទទួលបាននូវការចូលរួមចំណែកជាថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់នានាជាបន្តទៀត ពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដើម្បីបន្តបែកចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរងគ្រោះដោយទឹកជំនន់។

រដ្ឋមន្ត្រីមហាផ្ទៃបន្ថែមថា ខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅពេលបានឃើញបងប្អូនជនរួមជាតិយើង រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយល្អណាស់ នៅក្នុងពេលដែលជនរួមជាតិយើងមួយចំនួនបាននិងកំពុងរងគ្រោះដោយមហាន្តរាយជំនន់ទឹកភ្លៀងនេះ។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដែលមានទឹកចិត្តសប្បុរសចូលរួមបរិច្ចាកថវិកា គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនដល់រូបខ្ញុំ ដើម្បីចាត់ចែងចែកជូនបងប្អូនជនរងគ្រោះ។ សូមជូនពរសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធពរ៤ប្រការ និងសូមជូនពរបងប្អនជនរួមជាតិឆាប់បានរួចចាកផុតពីគ្រោះមហន្តរាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page125 Page126 Page127 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×