Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានអះអាងថា ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវស្ថាបនាជា៤ប្រភេទផ្សេងគ្នា ទៅតាមស្ថានភាពផ្លូវ និងតម្រូវការដឹកជញ្ជូន។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ លោកស៊ុន ចាន់ថុល បានឱ្យដឹងថា «ប្រភេទទី១ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូACពីលើទេ», «ប្រភេទទី២ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន» «ប្រភេទទី៣ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង» «ប្រភេទទី៤ អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ»។

រដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែ ដែលមានប្រវែងសរុប១០៨គីឡូម៉ែត្រ នឹងត្រូវសាងសង់ដោយអង្គភាពរដ្ឋ ចំនួន៦ មានដូចជា៖ «កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប» «កងវិស្វកម្ម១០៨» «នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន» «នាយកដ្ឋានជួសជុលនិងថែទាំផ្លូវក្រសួងសាធារណការនិងដឹកជញ្ជូន» «អគ្គនាយកដ្ឋានសាធារណការ» «នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់» « មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប» ដោយបែងចែកជាកំណាត់ៗ ដើម្បីឱ្យការសាងសង់ធានា បានទាំងគុណភាព និងទាន់ពេលវេលាតាមការគ្រោងទុក។

ជុំវិញការស្ថាបនាផ្លូវនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដឹកនាំសាងសង់ស្ថាបនាផ្លូវទាំងនេះ បានជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឱ្យបានចប់រួចរាល់ មុននឹងឈានទៅអនុវត្តគម្រោងនីមួយៗ។

បើតាមការបញ្ជាក់របស់ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា មកដល់ពេលនេះ ការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ បានសម្រេចជាង៧៥ភាគរយហើយ ដោយនៅសល់២៥ភាគរយទៀត នឹងត្រូវពន្លឿនឱ្យចប់រួចរាល់មុនពេលអនុវត្តគម្រោង។ អភិបាលខេត្តបានបញ្ជាក់ថា «ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប គឺការដោះស្រាយពុំមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ មន្ត្រីរាជការ និងអ្នកមានអំណាចមួយចំនួនទៅវិញទេ ដែលធ្វើការតវ៉ាចំពោះគម្រោងពង្រីកផ្លូវ»។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ ក្រោមវត្តមានរបស់សម្ដេច តេជោ ហ៊ុន សែន ស្ថិតក្នុងគម្រោងចំណាយពី១០០ ទៅ១៥០លានដុល្លាអាមេរិក។

រាល់គម្រោងស្ថាបនាកែលម្អនេះ នឹងត្រូវធ្វើការស្តារប្រឡាយដាក់លូបង្ហូរទឹកភ្លៀង និងលូទឹកកខ្វក់ ព្រមទាំងរៀបចំខឿនចិញ្ចើមផ្លូវ ដោយការក្រាលការ៉ូឡា ខណៈផ្លូវមួយចំនួន នឹងសាងសង់ឱ្យមានផ្លូវសម្រាប់ជិះកង់ ផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជនពិការ ព្រមទាំងដាក់ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ភ្នំពេញ៖លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ នៅរសៀលថ្ងៃទី ០៣​ខែ​ វិច្ឆិកា​នេះ បានថ្លែងប្រាប់PVNNថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណី​ ក្រុមហ៊ុន​ ស៉ីន​នីវ​ ទទួលបាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​ ហេីយបំប្លែងជាល្បែងស៉ីសង​តាម​អនឡាញ​ Keno online រួចមក​ លោកនាយឧត្ដមសេនីយ៍ បាន​បញ្ជាអោយ​នាយកដ្ឋាន​ជំនាញ​ចុះ​ស្រាវជ្រាវ​ដេីម្បី​មានចាត់វិធានការតាមច្បាប់​ ដោយមិនលេីកលែងឡេីយ​។

លោកឧត្ដមសេនីយ៍ឯក សៀង​ សេង​ ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ បានអោយដឹងដែរថា​ លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហេីយ​នៅរសៀល​ថ្ងៃនេះ​ ដេីម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​ ស៉ិន​ នីវ​ ដែល​ប្រជាពលរដ្ឋ​ រាយការណ៍ថា បាននឹងកំពុងបេីកល្បែងស៉ីសងតាមអនឡាញ Keno Online ជ្រកក្រោម​ស្លាក​ ឆ្នោត​ឡូតូ​។
លោកឧត្ដមសេនីយ៍ឯក បានបន្ថែមថា​ បេីក្នុងករណី​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​ឃើញ​ការពិត​ដូចប្រជាពលរដ្ឋរាយការណ៍​ លោកនឹងចាត់​ការតាមច្បាប់​តែម្ដង​ ។

គួរបញ្ជាក់ថា​ ករណី​ក្រុមហ៊ុន​ ស៉ិន​ នីវ​ ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ និង​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​ ត្រូវបាន​ប្រជាពលរដ្ឋ​ រាយការណ៍ថា ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​ បង្វក់ប្រជាពលរដ្ឋ​ ទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វី​ទាំងអស់​ ។ ជាពិសេស​ក្រុមហ៊ុន​ បានដាក់​តាំង​ទូរទស្សន៍​តាម​ហាងនានាជាសាធារណៈថែមទៀតផង​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់នេះ​ តំណាង​ក្រុមហ៊ុន​ ស៉ីន​ នីវ​ មួយរូប​បានអោយដឹងថា​ ក្រុម​ហ៊ុន​ របស់​លោក​ ពិតជា​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​មែន​ តែ​មិនបាន​បេីកល្បែងស៉ីសង​តាមអនឡាញ​នោះទេ​ ។

ទោះជាយ៉ាងណាក្ដី​ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ មួយរូប​បានង្ហេីបអោយដឹងថា​ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន​ ស៉ីន​ នីវ​ បានហួសសុពលភាពហេីយ​ ហេីយ​ក្រុម​ហ៊ុន​នេះ​នៅ​តែ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយមិនរាយការណ៍​ជូនក្រសួងនោះទេ​។
ពាក់ព័ន្ធ​នឹងការបំពានរបស់​ក្រុម​ហ៊ុន​នេះ​ ក្រសួង​កំពុង​ចាត់​ការ​តាមនិតិវិធី​ផងដែរ​ដោយ​ពិន័យ​ក្រុមហ៊ុន​តាមច្បាប់​កំណត់​។
ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​បង្វក់ប្រជាពលរដ្ឋ​ ទូទាំងប្រទេសនោះ បេី​ សមត្ថកិច្ច​ស្រាវជាវ​រកឃើញ​ ក្រុមហ៊ុន​នេះ​អាចប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ផង​ និង​ អាចដកអាជ្ញាប័ណ្ណវិញផងដែរ​។

ពាក់ព័ន្ធករណីនេះ នៅក្រុងសៀមរាបឯណាវិញ ល្បែងឡូតូ ប្រភេទដូចខាងលើ បានបើកដំណើរការ ឲ្យពលរដ្ឋចាក់ស៊ីសង នៅតាមហាងកាហ្វេ សឹងគ្រប់កន្លែង យ៉ាងអនធិបតេយ្យដោយចំហតែម្ដង។ ទោះយ៉ាងណា ពលរដ្ឋ សូមគាំទ្រចំណាត់ការរបស់ លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បានដាក់​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ចាត់ការ​តាមច្បាប់​ចំពោះ​ករណីនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ ហុងគ្រី ដែលបានមកជួយដល់កម្ពុជាកាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីកម្ពុជាងើបពីសង្គ្រាម។

សម្ដេចហ៊ុន សែន លើកឡើងយ៉ាងដូច្នេះនៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។

នៅក្នុងជំនួបនេះ លោក ភីធើ ស៉ីចាតូ (Péter Szijjártó) ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលទទួលស្វាគមន៍ លោកយ៉ាងកក់ក្តី នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ប្រទេសកម្ពុជា នាពេលនេះ។
លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺ ទី១)ដើម្បីអបអរសាទរចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ទី២) គឺដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី និងទី៣) ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការនាំមកនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា ទី១) គម្រោងទឹកស្អាត និងចំរោះទឹក ទី២) គម្រោងបច្ចេកវិទ្យា (IT) និងទី៣) គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងទី៤)គម្រោងកសិកម្ម
និងនេសាទ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈគម្រោងទាំងបួនខាងលើផងដែរ។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី។ ហើយឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានស្នើសុំ និងអញ្ជើញ នាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសណាមួយនាពេលខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ភ្នំពេញ៖កិច្ចព្រមព្រៀង និងអនុស្សារណៈចំនួន៣ ត្រូវបានចុះហត្ថលេខា រវាងកម្ពុជា និងហុងគ្រី នៅវិមានសន្តិភាព នារសៀលថ្ងៃ០៣ខែវិច្ឆិកា នេះក្រោមវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី។

កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖

១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។

២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។

៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦។

សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកយកមកពិភាក្សា អនុម័តនាពេលនេះនឹងក្លាយជាច្បាប់សម្រាប់រាជរដ្ឋាភិបាលយកទៅអនុវត្តក្នុងការដឹកនាំប្រទេសជាតិ ទាំងកិច្ចការក្នុងប្រទេសនិងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក លើការងារកិច្ចការព្រំដែន ពាណិជ្ជកម្ម និងសន្តិសុខ ជាដើម។

សេចក្តីព្រាងច្បាប់ទាំងនោះមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ី- អាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២០

ភ្នំពេញ៖ខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក ដោយភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានឱ្យដឹងថាក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងរយៈពេលថ្ងៃ២ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។

រដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី០២ ខែវិច្ឆិកា នេះថា រយៈពេល៣ថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន៤១៨,០៨៩នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន៤១៨,០៩៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ៥,៩៩៣នាក់។

រដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖

* ខេត្តសៀមរាប៖ ១១១,១១១នាក់
* ខេត្តកំពត៖ ៤៩,៤៦០នាក់
* ខេត្តព្រះសីហនុ៖ ៣៨,៦៣៧នាក់
* ខេត្តកណ្តាល៖ ២៩,៥៤០នាក់
* ខេត្តកែប៖ ២៣,១២៨នាក់
* ខេត្តកំពង់ស្ពឺ៖ ២០,៧៧៥នាក់
* ខេត្តមណ្ឌលគិរី៖ ១៧,២២៩នាក់
* ខេត្តកោះកុង៖ ១៥,៨៨៧នាក់។

ដោយឡែកក្រៅពីចំនួនជាង៤១ ម៉ឺននាក់ខាងលើ តាមការវាយតម្លៃរបស់អាជ្ញាធររាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០ ម៉ឺននាក់ផ្សេងទៀត ដែលបានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ នារយៈពេល២ថ្ងៃកន្លងមក នៃព្រះរាជពិធីបុណ្យអុំទូក។

ជាការកត់សម្គាល់ ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទែក្នុង មានការថយចុះធៀបឆ្នាំមុន។ បញ្ហាទឹកជំនន់ ក៏បានធ្វើឱ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមា២៦,៤២៦នាក់ ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ ១២៧,១១២នាក់។

ប៉ុន្តែទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ១១១,១១១នាក់ ដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។

បើតាមរដ្ឋមន្ដ្រី ថោង ខុន ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តតាមប្រសាសន៍ក្រើនរំលឹក របស់សម្តេច ហ៊ុន សែន ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដោយត្រូវសហការយ៉ាងជិតស្និតជាមួយ គណៈបញ្ជាការឯកភាពរាជធានីខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការ របស់សម្តេច នៅព្រឹកនេះបានសរសេរថា៖
ថ្ងៃ១០ វិច្ឆិកា ២០២០ខាងមុខនេះជាខួបលើកទី៤៤ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បងរបស់ខ្ញុំ(១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើកនេះខ្ញុំចង់រៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនខ្ញុំ។
ខ្ញុំ និងភរិយា បានរៀបការនៅថ្ងៃ៥ មករា ១៩៧៦ ពិតមែនតែក្រោយរៀបការប្តីប្រពន្ធយើងមិនបានរស់នៅជាមួយគ្នាដោយសារពួកអង្គការយកភរិយាខ្ញុំទៅលត់ដំឱ្យលើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែខ្ញុំតែងតែខិតខំរកពេលទៅជួបភរិយាខ្ញុំ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយាខ្ញុំចាប់មានផ្ទៃពោះហើយធ្វើឱ្យនាងចាញ់កូនយ៉ាងខ្លាំង។ ទោះមានផ្ទៃពោះ និងចាញ់កូនក៏ភរិយាខ្ញុំនៅតែខិតខំធ្វើការយ៉ាងលំបាកតាមការចាត់តាំងរបស់អង្គការសុីអត់សុីឃ្លានដូចប្រជាជនកម្ពុជាទូទាំងប្រទេសផ្សេងទៀតដែរ។ ប្តីប្រពន្ធយើងពិតជាកំសត់ យើងមិនដែលបានរស់នៅជាមួយគ្នាលើសពីមួយសប្តាហ៍ឡើយ ខ្ញុំតែងស្រក់ទឹកភ្នែកអាណិតប្រពន្ធពេលនាងចាញ់កូន និងមានជម្ងឺដោយសារធ្វើការធ្ងន់ហួសកម្លាំង។
ក្នុងខែតុលា ១៩៧៦ ខ្ញុំបានសុំអង្គការយកភរិយាខ្ញុំទៅទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)មុនបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។ យុទ្ធមិត្តក្នុងអង្គភាពក៏ដូចជាប្រជាជននៅភូមិកោះថ្ម និងភូមិក្តុលបានផ្តល់មតិមកខ្ញុំថា ទុកភរិយាខ្ញុំឱ្យឆ្លងទន្លេនៅក្នុងអង្គភាពដោយឆ្មបបុរាណ។ ដោយសារការព្រួយបារម្ភអំពីការឆ្លងទន្លេកូនដំបូងហើយដែលអាចឈានដល់ការវះកាត់ខ្ញុំ និងភរិយាបានពិភាក្សាគ្នាហើយសម្រេចថាត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យសុវត្តិភាពជាង។ ចុងខែតុលា ១៩៧៦ ខ្ញុំបានបញ្ជូនភរិយាខ្ញុំ មកកាន់មន្ទីរពេទ្យតំបន់ដែលមានទីតាំង នៅស្រុកមេមត់(ពេលនេះជាវិទ្យាល័យមេមត់)។ នៅមន្ទីរពេទ្យ មានគ្រូពេទ្យស្ត្រីម្នាក់ជាពេទ្យឆ្មបដែលធ្លាប់រៀនពេទ្យជាមួយភរិយាខ្ញុំ ដែលជាពេទ្យឆ្មបដូចគ្នា។ ឯប្រធានមន្ទីរពេទ្យគឺជាមនុស្សល្អនិងរាប់អានជាមួយខ្ញុំច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យខ្ញុំមានការជឿទុកចិត្តទៅលើមន្ទីរពេទ្យនេះ។ ជាអកុសលតាំងពីពេលយកភរិយាចូលមន្ទីរពេទ្យនាចុងខែតុលា ១៩៧៦ ខ្ញុំពុំដែលបានទៅជួបភរិយាខ្ញុំទេ ដោយសារជាប់កិច្ចការផង និងប្រធានយោធាតំបន់ដែលមកនៅអង្គភាពខ្ញុំ ខ្វះអាធ្យាស្រ័យផងដែលមិនអាចសុំច្បាប់ទៅមើលប្រពន្ធបាន។
ដូចទេវតាបានរៀបចំនៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ១៩៧៦ ប្រធានយោធាតំបន់បានប្រាប់ខ្ញុំថា ព្រឹកស្អែក(១០ វិច្ឆិកា) សែនឯង ត្រូវធ្វើដំណើរជាមួយខ្ញុំទៅស្រុកពាមជីលាំង(ស្រុកពាមជីលាំងបានបង្កើតឡើងនៅឆ្នាំ១៩៧៣ ដោយយកឃុំខ្លះនៃស្រុកត្បូងឃ្មុំ និងឃុំខ្លះនៃស្រុកក្រូចឆ្នា)។ ខ្ញុំត្រេកអរខ្លាំងណាស់ហើយសង្ឃឹមថា និងបានចូលមើលប្រពន្ធនៅមន្ទីរពេទ្យព្រោះផ្លូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមន្ទីរពេទ្យនៅជាប់និងផ្លូវស្រាប់។ ជាមួយនឹងការរីករាយខ្ញុំក៏មានការងឿងឆ្ងល់លើប្រធានយោធាតំបន់រូបនេះដោយសារការធ្វើដំណើរទៅស្រុកពាមជីលាំងគឺទៅរកនារី១០០នាក់ដើម្បីរៀបការឱ្យយុទ្ធជនពិការដែលជាកិច្ចការរបស់ស្នងការនយោបាយ មិនមែនរូបខ្ញុំដែលទទួលការងារសេនាធិការនោះឡើយ។
ខ្ញុំបានចោទចេញជាសំនួរថាតើគាត់អាចបោកខ្ញុំយកទៅចាប់នៅក្រៅអង្គភាពឬទេ? ព្រោះវាជារបៀបដែលពួកនេះធ្លាប់បានធ្វើពីមុនមកក្នុងការចាប់កម្មាភិបាលយុទ្ធជនវាតែងប្រាប់ថាទៅរៀនឬទៅបំពេញការងារឬបេសកម្មនៅក្រៅអង្គភាព។ បញ្ហាសំខាន់ដែលធ្វើអោយខ្ញុំទទួលបញ្ជាយ៉ាងឆាប់នោះ គឺខ្ញុំចង់ឆ្លៀតចូលមើល រ៉ានី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមេមត់ ព្រោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ កាត់តាមមុខមន្ទីរពេទ្យនេះ។ អាស្រ័យដោយនិស្ស័យប្តី និងប្រពន្ធ ឪពុក និងកូននៅយប់ថ្ងៃ៩ ឈានដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ១៩៧៦ ខ្ញុំដេកមិនលក់សោះ សម្លេងសត្វមៀម ខ្លែងស្រាក និងសត្វផ្សេងៗទៀតបានយំឭកងរំពងចេញពីដើមជ្រៃដ៏ធំ ដែលនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ ធ្វើអោយខ្ញុំព្រឺក្បាល។ ខ្ញុំមានអារម្មណ៍ថានឹងមានហេតុការមិនល្អសម្រាប់ខ្ញុំហើយ ព្រោះតាំងពីធំដឹងក្តីមក ខ្ញុំហាក់មានអ្នកតាមថែរក្សា ដែលអាចអោយខ្ញុំដឹងមុននូវហេតុការណ៍ ដែលនឹងកើតនាពេលខាងមុខ ទាំងល្អ ទាំងអាក្រក់ តាមរយៈនៃការយល់សប្តិឬតាមរយៈសត្វយំ ឬប្រផ្នូលផ្សេងៗទៀត។ល។ យប់នោះខ្ញុំនឹក រ៉ានី ខ្លាំងណាស់ ហើយគិតថា រ៉ានី អាចឆ្លងទន្លេយប់នេះ។ ខ្ញុំដេកមិនលក់សោះ ហើយក្រោយម៉ោង១២យប់ សត្វមិនគ្រាន់តែនៅដើមជ្រៃប៉ុណ្ណោះទេដែលយំ តែនៅដើមឈើក្រៅបន្ទាយក៏ស្រែកយំគួរអោយតក់ស្លុត។ ក្រោយម៉ោង១២យប់ ជាពេលដែល រ៉ានី ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។ ម៉ោងប្រហែល២រំលងអាធ្រាតចូលដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំចេញមកក្រៅផ្ទះ ឃើញភ្លើងហោះចេញពីដើមជ្រៃទៅកន្លែងផ្សេង និងពីកន្លែងផ្សេងមកដើមជ្រៃវិញ។ សម្លេងសត្វយំកាន់តែកងរំពងខ្លាំងឡើង ហាក់ចង់ដាស់តឿនខ្ញុំថាខ្ញុំនឹងជួបគ្រោះ។ ខ្ញុំព្រឺក្បាលកាន់តែខ្លាំង និងនឹកទៅដល់ភរិយារបស់ខ្ញុំកាន់តែខ្លាំង។ ខ្ញុំអង្គុយយំម្នាក់ឯងអាណិតខ្លួន អាណិតប្រពន្ធដែលខំមកតាមប្តីក្នុងពេលដែលប្តីមិនអាចការពារ និងថែទាំប្រពន្ធបានរហូតខ្ញុំគិតថាមិនគួរមានប្រពន្ធ មានកូនក្នុងពេលដែលប្រទេសជាតិកំពុងជួបនឹងគ្រោះថ្នាក់បែបនេះទេ។ ខ្ញុំមិនសម្រាកទេ និងបន់អោយ តែមេឃឆាប់ភ្លឺ។ ខ្ញុំបានពិនិត្យសម្ភារៈរបស់ខ្ញុំឡើងវិញ ដែលកាំភ្លើងខ្ញុំបានបញ្ចូលគ្រាប់កាំភ្លើងខ្លីម៉ាក K54សម្រាប់ក្រវ៉ាត់នឹងចង្កេះ និងកាំភ្លើងខ្លីមួយដើមទៀតម៉ាក K59 ដាក់ក្នុងកាបូបស្ពាយរបស់ខ្ញុំ។ កាំភ្លើងទាំង២ដើមបើកសោរត្រៀមប្រយុទ្ធហើយស្រេច ព្រោះបារម្ភប្រធានយោធាតំបន់ បោកខ្ញុំយកទៅ ចាប់ឬសម្លាប់ក្រៅ អង្គភាព។
ម៉ោងប្រមាណ៥ មិនទាន់ភ្លឺផង ប្រធានយោធាតំបន់បានជិះម៉ូតូមកដល់ផ្ទះខ្ញុំ ហើយសួរខ្ញុំថា តើរៀបចំខ្លួនហើយឬនៅ យើងចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបានឆ្លើយតបថា រួចហើយបង។ ប្រធានយោធាតំបន់បានប្រាប់ខ្ញុំថា សែនឯងជាអ្នកជិះម៉ូតូឌុបខ្ញុំ។ ពេលនោះខ្ញុំគិតថាពិតជាមិនស្រួលហើយ ហេតុអីគាត់អោយ ខ្ញុំជិះម៉ូតូឌុបគាត់ទៅទៅវិញ? ឆ្លៀតពេលមិនទាន់ចេញពីផ្ទះ ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ដកយកកាំភ្លើងចេញពីស្រោមមកសៀតនឹងចង្កេះឆ្វេងវិញងាយស្រួលប្រើដៃស្តាំដកចេញហើយបាញ់តែម្តង។ ពេលជិះម៉ូតូចេញមកតាមផ្លូវខ្ញុំគិតថាប្រសិនម្នាក់នេះដកកាំភ្លើងភ្ជង់ខ្ញុំពីក្រោយ ខ្ញុំត្រូវផ្តួលម៉ូតូភ្លាមដើម្បីឱ្យដួលទាំងអស់គ្នា និងដើម្បីកុំអោយគាត់បាញ់ខ្ញុំពីក្រោយបាន។ ខ្ញុំត្រូវជិះម៉ូតូអោយលឿន ព្រោះគាត់ពិតជាមិនហ៊ានបាញ់ទេនៅពេលម៉ូតូនៅមានល្បឿនលឿន។ នេះជាការដែលខ្ញុំគិតដើម្បីការពារជីវិតនាពេលនោះ តែរឿងបែបនេះមិនបានកើតឡើងនាពេលនោះទេ ដូចនេះបានជាខ្ញុំយកការសន្ឋិដ្ឋានមួយថាមូលហេតុដែលគាត់អោយខ្ញុំជិះម៉ូតូឌុបគាត់អាចបណ្តាលមកពីគាត់មិនទុកចិត្តខ្ញុំ ខ្លាចខ្ញុំបាញ់គាត់ពីក្រោយដូច ដែលខ្ញុំគិតទៅលើរូបគាត់នៅពីក្រោយខ្ញុំដែរ។ ផ្លូវជាតិលេខ៧ ពីឃុំទន្លូង មកមន្ទីរពេទ្យនៅអនុវិទ្យាល័យមេមត់ ទទួលរងការខូចខាតយ៉ាងខ្លាំងតាំងពី ឆ្នាំ១៩៧០-១៩៧១ ពេលដែលកងទ័ពអាមេរិក និងវៀតណាមខាងត្បូង បញ្ជូនរថក្រោះមកបើកបរលើផ្លូវនេះនៅពេលដែលគេចូលឈ្លានពានកម្ពុជានាពេលនោះ។ ដូចនេះទោះត្រូវជិះលឿន ក្នុងចម្ងាយផ្លូវជាង៣០គីឡូម៉ែត្រ យើងត្រូវប្រើពេលប្រមាណមួយម៉ោង។ ចេញមកម៉ោងជាង៥ មកដល់មន្ទីរពេទ្យម៉ោងជាង៦ព្រឹក។ ពេលដល់មន្ទីរពេទ្យ ខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យប្រធានយោធាតំបន់សួរខ្ញុំថា ចូលមន្ទីរពេទ្យធ្វើអី? ខ្ញុំឆ្លើយថាចូលមើលប្រពន្ធខ្ញុំបន្តិច ព្រោះគាត់សម្រាកពេទ្យនៅទីនេះ។ គាត់ថាតែបន្តិចទេណាប្រញាប់ធ្វើដំណើរទាន់ព្រឹក។ ក្រោយម៉ោង៦ព្រឹក ភាពតក់ស្លុតបានកើតឡើងសម្រាប់រូបខ្ញុំ គឺនៅពេលដែលខ្ញុំបានចូលដល់មន្ទីរពេទ្យ មានស្ត្រីដែលសម្រាកព្យាបាលជាមួយភរិយាខ្ញុំ បានស្រែកប្រាប់ខ្ញុំថា ប្អូនប្រពន្ធ ប្អូនឆ្លងទន្លេ ឯកូនស្លាប់ហើយ។ ឯបងៗផ្សេងទៀតស្រែកថា រ៉ានី ឆ្លងទន្លេ ឯកូនស្លាប់ហើយ។ មានបងស្រីម្នាក់បាននិយាយថារវល់ទៅណាមិនមកមើលប្រពន្ធ ទុកអោយប្រពន្ធឆ្លងទន្លេតែឯង។ល។
ខ្ញុំពុំឆ្លើយតបជាមួយពួកគាត់ទេ តែប្រឹងរត់សំដៅទៅបន្ទប់សម្រាលកូនដែលបិទទ្វារជិត ខ្ញុំរុញទ្វារបើក ឡើងមិនឃើញ រ៉ានី ទេព្រោះពេទ្យបានបញ្ជូន រ៉ានី នៅបន្ទប់សម្រាកមួយផ្សេងទៀត។ និស្ស័យឪពុក និងកូន ខ្ញុំ បែរជាសម្លឹងទៅឃើញទារកមួយដែលកំពុងហូរឈាមចេញតាមមាត់ មានស្លាកស្នាម និងឆ្អឹងខ្នងប៉ះនឹងជ្រុងគ្រែបាក់ឆ្អឹងខ្នង និងមានប្រឡាក់ដី។ នោះគឺកូននេះកើតមកត្រូវពេទ្យធ្វើអោយរបូតពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅដី ទើបរើសពីដី មកដាក់ចោលលើគ្រែវិញ។ ដោយឃើញ កូននៅហូរឈាមតាមមាត់នៅឡើយ ខ្ញុំប្រឹងស្រែកអោយគេជួយសង្រ្គោះជីវិតកូនខ្ញុំ។ អ្នកជម្ងឺជា ស្ត្រី៥នាក់បានចូលមកជួយមើលដោយក្តីអាណិត បន្តិចក្រោយមកប្រធានមន្ទីរពេទ្យក៏បានចូលមកដល់។ គាត់ក៏ជាមនុស្សល្អម្នាក់បានសំដែង នូវការសោកស្តាយ និងសុំការអាធ្យាស្រ័យជំនួសគ្រូពេទ្យ ដែលធ្វើការធ្វេសប្រហែស ធ្វើអោយមានរឿងសោកនាដកម្មនេះកើតឡើង។ ខ្ញុំបានស្នើសុំប្រធានមន្ទីរពេទ្យអោយជួយរកចបកាប់ដើម្បីខ្ញុំយកសាកសពកូនខ្ញុំទៅកប់ប៉ុន្តែស្រាប់តែប្រធានយោធាតំបន់ស្រែកពីមាត់ទ្វារមកថា មិនបាច់យកខ្មោចកូននេះទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ។ ពេលឃើញប្រធានយោធាតំបន់មកដល់ ខ្ញុំក៏បានស្នើសុំទៅគាត់ ដោយពាក្យរាបសារទាំងទឹកភ្នែកថា ខ្ញុំសុំអនុញ្ញាតពីបងដើម្បីយកសពកូនទៅកប់ និងនៅមើលថែប្រពន្ទខ្ញុំ ដែលទើបឆ្លងទន្លេ។ អាឃោរឃៅមួយនេះចាប់ផ្តើមបញ្ចេញនូវសារជាតិរបស់វាមកហើយ វាមិនគ្រាន់តែមិនចូលរួមសោកស្តាយនូវការបាត់បង់ដ៏ធំធេងរបស់ខ្ញុំ តែវាបែរជាយកពេលនេះមកបំបាក់ស្មារតីខ្ញុំទៀតផង។ ចម្លើយរបស់វាមកកាន់ខ្ញុំដំបូងវានិយាយថា ចរិតពួកអនុធនមិនកែប្រែសោះ កម្មសិទ្ធិ មនោសញ្ចេតនាក្រាស់ មិត្តឯងមិនមែនគ្រូពេទ្យទេ បើមិត្តឯងនៅក៏អាកូននេះមិនរស់ឡើងវិញដែរ។ មានពេទ្យយកខ្មោចកូននេះ ទៅកប់ហើយមិនបាច់កប់ខ្លួនឯងទេ។ ការងារអង្គការសំខាន់ជាងការងារបុគ្គល។ ឮសំដីបែបនេះកំហឹងខ្ញុំក្តៅរោលរាលពេញខ្លួន តែការអត់ធ្មត់គឺជារឿងចាំបាច់ ព្រោះការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការទើបអស់មនុស្សបែបតិរច្ឆាននេះ។ មុនវាដើរចេញទៅ វាប្រាប់ខ្ញុំថា ខ្ញុំទៅចាំនៅខាងក្រៅ១៥នាទី ត្រូវចេញដំណើរ។ ប្រធានមន្ទីរពេទ្យដែលនៅទីនោះដែរ សំដែងការហួសចិត្តផង និងភ័យខ្លាចផង ហើយចូលរួមអាណិតអាសូរដល់ខ្ញុំ។ ជាមួយទឹកភ្នែកដែលស្រក់មកមិនឈប់ ខ្ញុំបានទាញយកក្រម៉ា ពីករខ្ញុំដែលសើមដោយទឹកភ្នែករបស់ខ្ញុំមករុំសពកូនរបស់ខ្ញុំហើយស្នើសុំប្រធានមន្ទីរពេទ្យអោយជួយរកក្រដាស់សរសេរអក្សរថា (កំសត់) ដាក់ក្នុងកូនដប ដើម្បីយកទៅកប់ជាមួយកូនខ្ញុំ។ បំណងរបស់ខ្ញុំគឺដាក់ឈ្មោះកូននេះមានឈ្មោះថា “កំសត់”និងងាយចំណាំ ដោយយើងមានអក្សរនៅក្នុងដបបិទជិត។ ខ្ញុំមិនច្បាស់ថាប្រធានមន្ទីរពេទ្យ ធ្វើតាមសំណូមពរខ្ញុំ ឬអត់នោះទេ ព្រោះតែប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវពួកអង្គការចាប់យកទៅសម្លាប់ដែរ។ ដូចនេះហើយ ទើបខ្ញុំមិនដឹងថាសពកូនរបស់ខ្ញុំកប់នៅទីណា ពិតប្រាកដ។ បន្ទាប់ពីរុំសពកូន និងផ្តាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយ ខ្ញុំប្រញាប់ទៅរក រ៉ានី ដែល កំពុងអាំងភ្លើងនៅបន្ទប់មួយទៀត។ តាមពិត រ៉ានី មិនបានឃើញមុខកូនយ៉ាងណានោះទេ ។ យើងជាប្តីប្រពន្ធក្មេងៗ មើលមុខគ្នាយំដោយការស្តាយស្រណោះ ។ ខ្ញុំមិនមានក្រម៉ាជូតទឹកភ្នែកទៀតទេ ដោយសារក្រម៉ាបានយកទៅរុំសពកូនទៅហើយមានដៃអាវទាំងសងខាងសម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះ។ រ៉ានី ផ្តល់ក្រម៉ាអោយខ្ញុំទាំងខ្លួននាងនៅរងារញ័រញាក់ បន្ទាប់ពីឆ្លងទន្លេទើបបានប្រហែល ជាងមួយម៉ោង។ សាកសពកូនមិនបានយកទៅកប់ ភរិយាទើបឆ្លងទន្លេ មិនបាននៅមើលថែទាំ តើទំហំនៃការឈឺចាប់ប៉ុណ្ណា? តែខ្ញុំបានយកឈ្នះលើចិត្តខ្លួងឯង ដើម្បីធ្វើការងារធំជាង គឺរំដោះប្រជាជន កម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ខ្ញុំបន្តដំណើរជាមួយប្រធានយោធាតំបន់ទៅឃុំពាមជីលាំង ស្រុកពាមជីលាំង នាពេលនោះ និងជាស្រុកត្បូងឃ្មុំ នាពេលនេះ។ នេះជាការធ្វើដំណើរដោយបង្ខំចិត្ត ក្នុងពេលដែលវិញ្ញាណទាំងអស់នៅជាមួយភរិយាដ៏កំសត់ និងការសោកស្តាយចំពោះកូនដែលបាត់បង់ជីវិតទៅ។ យើងបានធ្វើដំណើរ និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក ពេលរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពួកយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានឆ្លៀតស្នើសុំប្រធានយោធាតំបន់សារជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែទាំភរិយាខ្ញុំ។ ប៉ុន្តែសំណើដដែលចម្លើយក៏ដដែលដែរ បន្ថែមដោយការអប់រំមកលើខ្ញុំថាខ្វះចរិតដាច់ខាតក្រោយពេលមានប្រពន្ធ។ ខ្ញុំខឹងខ្លាំងណាស់ស្ទើរតែអត់ទ្រាំមិនបាន បំរុងទាញកាំភ្លើងបាញ់អាចង្រៃនេះនៅម្តុំបុស្តតាកុក ចន្លោះភូមិស្អំ និងភូមិដារ ដែលពេលនោះមានសុទ្ធតែព្រៃគ្មានមនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូចពេលនេះទេ។ ប៉ុន្តែខ្ញុំនៅតែអត់ធ្មត់បាន ដើម្បីដឹកនាំការតស៊ូ មួយដែលខ្លួនបានម្ចាស់ការរៀបចំកម្លាំងជាបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ និងដែលមានមួយចំនួនត្រូវគេចាប់ខ្លួនរួចទៅហើយដូចនេះចលនាតស៊ូត្រូវតែមានជាបន្ត មិនអាចបាត់បង់ដោយសារកំហឹងរបស់ខ្ញុំបានឡើយ។ ម៉ោងប្រហែល៤ល្ងាច ម៉ូតូមកដល់មុខមន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិននិយាយអ្វីទាំងអស់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរចូលទៅបន្ទប់ដែល រ៉ានី សម្រាកពិនិត្យឃើញ រ៉ានី ហើមមុខ ហើមខ្លួន បន្ទាប់ពីឆ្លងទន្លេបានប្រហែល៣៥ម៉ោង។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ នាងបានប្រាប់ខ្ញុំថា អាចមកពីពេទ្យកាយទម្លាក់សុកមិនអស់។ ពួកយើងបាន ត្រឹមទឹកភ្នែក តែ រ៉ានី ហាក់រឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើ ទោះខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែកដោយការអាណិតភរិយា និងពុំបានទៅសួរប្រធានមន្ទីរពេទ្យអំពីទីកន្លែងដែលកប់សាកសពកូនខ្ញុំដែរ។ មកដល់អង្គភាព ខ្ញុំបានយករឿងនេះទៅជម្រាបប្រធាននយោបាយអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់ និងមានអាយុប្រហែលឪពុកខ្ញុំ។ គាត់បានអនុញ្ញាតអោយយក រ៉ានី ទៅព្យាបាលនៅអង្គភាព។ គាត់បានសំដែងនូវការហួសចិត្តចំពោះទង្វើប្រធានយោធាតំបន់មកលើខ្ញុំ ហើយប្រាប់ខ្ញុំថាម្នាក់នេះជាអតីតចោរលួចគោអ្នកស្រុកទៅលក់អោយវៀតកុង នៅតាមព្រំដែនកម្ពុជា វៀតណាម។ ដល់ប៉ូលីសតាមរកចាប់ក៏រត់ចូលព្រៃតស៊ូជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៦៨ ទើបគេក្លាយជាអ្នកមានអំណាចដ៏អស្ចារ្យក្នុងរបបខ្មែរក្រហម។ ប្រហែលដោយសារប្រធាននយោបាយអង្គភាពបានប្រាប់ទៅគាត់ថាខ្ញុំអន់ចិត្ត និងដោយសារយុទ្ធជនក្នុងអង្គភាពនេះស្ថិតក្រោមបញ្ជាខ្ញុំ ទើបធ្វើអោយប្រធានយោធាតំបន់រូបនេះចាកចេញពីអង្គភាពតាំងពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៅរស់នៅទីបញ្ជាការយោធាតំបន់នៅចំការដូង ស្រុកមេមត់ ដែលទើបកសាងរួច។ មុនពេលភ្លឺ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំប្រញាប់ចេញទៅមន្ទីរពេទ្យ ដើម្បីដឹកយក រ៉ានី មកអង្គភាពរបស់ខ្ញុំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង។ ពេលមកដល់ក្រឡេកឃើញយុទ្ធមិត្តខ្ញុំ បានជួយរៀបចំបន្ទប់ជញ្ជាំងភ្ជល់អោយខ្ញុំ។ ពួកគេបានដឹងពីរឿងកូនខ្ញុំស្លាប់ និងភរិយាខ្ញុំឈឺ ពួកគេបានចូលរួមសោកស្តាយ និងការលំបាកជាមួយប្តីប្រពន្ធរបស់ពួកយើង។ ជាសំណាង ល្អដែលខ្ញុំបានយក រ៉ានី មកអោយឆ្មបបុរាណកាយទម្លាក់សុកទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើង និងឈានទៅគ្រោះថ្នាក់ដល់ជិវិតជាមិនខានឡើយ ។ ខ្ញុំបានបំពេញភារកិច្ចជាស្វាមីពិតប្រាកដសម្រាប់ភរិយាមួយរូប ដែលបានលះបង់គ្រប់យ៉ាងដើម្បីរូបខ្ញុំដែលជាជនពិការម្នាក់។ ខ្ញុំរកបានអុសល្អៗដើម្បីដុតកំដៅដែលជំនាន់ដើមហៅថា(អាំងភ្លើង) ក្រោយឆ្លងទន្លេរួច។ ឆ្នាំ១៩៧៦ ត្រូវនឹងឆ្នាំដែលមានធាតុអាកាសត្រជាក់ណាស់។ រ៉ានី មិនចេះផឹកស្រា ដែលខ្ញុំបានផ្សំទុកជាមួយសត្វអាញី និងទឹកឃ្មុំ។ ដូចនេះខ្ញុំត្រូវរកវិធីផ្សំថ្នាំតាមចាស់ៗនិយាយប្រាប់។ ខ្ញុំក្លាយជាអ្នកចេះផ្សំថ្នាំដើម្បីសុខភាពភរិយា។ សក់ក្បាលរបស់ខ្ញុំសំបូរដោយផេះ ព្រោះត្រូវផ្លុំភ្លើងដាំថ្នាំដាំបាយបំរើភរិយា។ រៀងរាល់ព្រឹក ក្នុងចន្លោះម៉ោង៤ ដល់ម៉ោងជាង៥ ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីលាបពន្លៃ ត្រាំស្រា និងដុតភ្លើងឱ្យប្រពន្ធ។ ខ្ញុំបំរើ រ៉ានី ដូចបំរើម្តាយចាស់ប្រហែលជាងកន្លះខែ ទើបរឹងដៃរឹងជើង តែខ្ញុំនៅតែចាត់ទុកថា ភរិយាខ្ញុំនៅសសៃខ្ចីនៅឡើយ។ ដូចនេះបានជាខ្ញុំមិនបណ្តោយអោយនាងធ្វើអ្វី ហើយខ្ញុំក៏មិនទៅណាឆ្ងាយចោលនាងដែរ។ ទោះបីជួបការលំបាក តែនេះជាលើកដំបូងហើយ ដែលខ្ញុំបានរស់នៅជាមួយគ្នាលើសមួយសប្តាហ៍បន្ទាប់ពីរៀបការហើយ។ ប្តីប្រពន្ធយើងបានរស់នៅជាមួយគ្នាដោយមិនសូវមានការរំខានពីពួកអង្គការដូចពេលមុនឡើយ។
នេះជាការឈឺចាប់ដែលមិនអាចបំភ្លេចបានចំពោះរឿងរ៉ាវដែលកូនប្រុសច្បង បានស្លាប់តែការឈឹចាប់នោះហើយដែលបានជួយលើកទឹកចិត្តខ្ញុំឱ្យងើបឈរឡើងដើម្បីសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីខែមករា ឆ្នាំ១៩៧៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង​ វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ និងជា​អនុប្រធានអចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា​ ក្នុងឱកាសចម្រេីនអាយុវឌ្ឍនមង្គលរបស់សម្តេច​។

សារលិខិតជូនពរនោះ មានខ្លឹមសារថា​ «សិ្ថតក្នុងបរិយាកាសដ៏សែនមនោរម្យ នៃពិធីចម្រើនអាយុវឌ្ឍនមង្គល របស់ សម្តេច​ចៅហ្វាវាំង ​ជាបឋម នាងខ្ញុំ រួមនឹង សមាជិក​ សមាជិកា នៃគណៈកម្មាធិការកណ្តាល ព្រមទាំង សហការី គ្រប់លំដាប់ថ្នាក់នៃកាក​បាទ​​ក្រហម​កម្ពុជា សូម​ចូលរួមអបអរសាទរ ដោយមនោសញ្ចេតនាសោមនស្សរីករាយជាអនេកប្បការ និងសូម​គោរព​​​​​ជូន​ពរ បវរមហាប្រសើរ សូម សម្តេច​ចៅហ្វាវាំង​ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រ​ឡា​ញ់ មាន​សុខភាព​ល្អ​ កម្លាំងពលំ​មាំមួន ប្រាជ្ញាវាងវៃ ជន្មាទីឃា​យឺន​យូរ​ ត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភា​ព​​តរៀងទៅ។

​ជាមួយវរោកាសដ៏ត្រចះត្រចង់នេះ នាងខ្ញុំ និងសហការី នៃកាក​បាទ​ក្រហម​កម្ពុជា សូមសម្តែងនូវ​សមាន​​ចិត្ត​គោរពអរគុណដោយក្តីស្មោះត្រង់បំផុត និងសូមថ្លែងការកោតសរសើរនូវសក្ខីកម្មជាវិជ្ជមាន​គួរជាទីគោរពស្ញប់​ស្ញែង ចំពោះ​​​វីរភាព របស់ សម្តេច​ចៅហ្វាវាំង​ អនុប្រធានអចិន្ត្រៃយ៍ កាក​បាទ​ក្រហម​កម្ពុជា ដែលបានបូជាកម្លាំងកាយ ប្រាជ្ញា ស្មារតី ទេពកោសល្យ រួមចំណែកដឹកនាំកាក​បាទ​ក្រហម​កម្ពុជាស្របតាមព្រះរាជវីរគំរូ ហ្លួងម៉ែ ជាអម្ចា​ស់ ព្រះប្រធា​ន​កិត្តិយសកាក​បាទ​ក្រហម​កម្ពុជាដ៏ខ្ពង់ខ្ពស់បំផុត ដោយសម្រេចបាននូវជោគជ័យដ៏គាប់ប្រសើរជា​បន្ត​បន្ទាប់។

ជាថ្មីម្តងទៀត នាងខ្ញុំ និងសហការី នៃកាក​បាទ​ក្រហម​កម្ពុជាទាំងអស់ សូមវន្ទាបួង​សួ​ង​ដល់បារមី​នៃ​វត្ថុ​ស័ក្ដិសិទ្ធិទាំងអស់លើលោក សូម​អភិបាល​គ្រងរក្សា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ និង លោក​​​​ជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមសមប្រកបដោយ​ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​​​​​ឃ្លាត​ឡើយ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូន​ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ៖

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២០

ភ្នំពេញ៖ក្រសួងកសិកម្មបានប្រកាសថា៖ លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។ ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន ។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង -១៩,៩២% ធៀបទៅនឹងខែតុលា ឆ្នាំ២០១៩ ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា៖
ក) ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ ១) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៧៤ ៣៩១ តោនកើនចំនួន ៣២,៥១%, ២) ប្រទេសចិនមានបរិមាណសរុបចំនួន ១៩៤ ៤៥១ តោន កើនឡើងចំនួន ៣៦,២៦%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧១ ៨៨២ តោន កើនឡើងចំនួន ១៣,៤០%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៥ ៥៨១ តោន បានកើនឡើងចំនួន ១៧,៨៣% ។
ខ) ការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ (មកទល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន  ១ ៤២៧ ២២៦ តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិកម្ពុជា សម្ដេច ហេង សំរិន បានលើកឡើងថា«ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងឱកាសឈប់សម្រាកពីការងារដូច្នេះ បងប្អូនជនរួមជាតិ បានជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត បានយ៉ាងសប្បាយរីករាយនៅតាមរមណីដ្ឋាននានា ទូទាំងប្រទេស»។

សម្ដេច ហេង សំរិន បន្តថា៖សូមបងប្អូនជនរួមជាតិ សប្បាយរីករាយនៅក្នុងឱកាសឈប់សំរាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ទោះបីព្រះរាជពិធីអុំទូក ត្រូវរាជរដ្ឋាភិបាលសម្រេចមិនរៀបចំធ្វើនៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី តែនៅតាមបណ្តាខេត្ត ក្រុងនានា បានប្រារព្ធពិធីការប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំណែក នៅតាមវត្តអារាម និងគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានរៀបចំពិធី អកអំបុក យ៉ាងសប្បាយរីករាយ តាមទំនៀមទម្លាប់ប្រពៃណីជាតិ របស់យើង។ ទន្ទឹមនឹងនោះសហគមន៍ទេសចរណ៍ រមណីដ្ឋាននានា បានកំពុងរៀបចំកែលម្អឱ្យកាន់តែប្រសើរឡើង ក្នុងការត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលក្រោយវិបត្តិកូវីដ១៩ បញ្ចប់ផងដែរ។

សម្ដេច បានបន្តថា៖សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ខណៈដែលប្រទេសជិតខាង និងពិភពលោក កំពុងបន្តរាតត្បាតដោយជំងឺ ពុំទាន់មានថ្មាំព្យាបាលនេះនៅឡើយទេ។

សូមបងប្អូនជនរួមជាតិជួបតែសុខសុវត្ថិភាព នៅក្នុងការធ្វើដំណើរកម្សាន្ត ទាំងពេលទៅនិងពេលអញ្ជើញត្រឡប់មកវិញ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់មន្ត្រីអាជ្ញាធរសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ ថែរក្សា សណ្ដាប់ធ្នាប់ឲ្យបានល្អ។

សារអំពាវនាវ របស់នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី ៣០ ខែតុលានេះ។
តាមរយៈទំព័រ page ហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រីបានសរសេរថា៖អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១

នាយករដ្ឋមន្ត្រីបានបន្តថា៖ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ
ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។

នាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖
សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៩ខែតុលាឆ្នាំ ២០២០ ម្សិលមិញនៅក្រុងសៀមរាប ឯណាវិញ គេសង្កេតឃើញមាន រថយន្តរាប់សិបគ្រឿងបានចូលមកក្រុងសៀមរាប ដែលក្រុងសៀមរាប គេចាត់ទុកថាជាទីក្រុងមួយដ៏អស្ចារ្យល្បីល្បាញ មានកន្លែងកំសាន្តច្រើន ជាពិសេសជាងហ្នឹងទៀតគឺក្រុងសៀមរាបមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២០

ភ្នំពេញ៖ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ បានចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះ សមិទ្ធផល បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសឹង្ហបូរី ដែលបានធ្វើឲ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជានិងសឹង្ហបុរីមានការរីកចម្រើន ជាលំដាប់ ក្នុងនោះ វិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សឹង្ហបុរី ដែលបានជួយអភិវឌ្ឍវិស័យធនធានមនុស្សដល់កម្ពុជា ជាពិសេសការបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជា ជិតមួយម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។

ឯកឧត្តម ម៉ៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់សម្តេចប្រធានរដ្ឋសភាបាន អនុញ្ញាតឱ្យឯកឧត្តមបានចូលជម្រាបលា និងបានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទ្វេភាគី មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើស្ទើគ្រប់វិស័យ មានទំាងវិស័យនយោបាយ វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជនប្រទេសទាំងពីរ។ លើសពីនេះ ទៅទៀត ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែតមានដំណើរការ ទោះបីជា មានការរំខានដោយ បញ្ហាជំងឺកូវីដ-១៩យ៉ាងណាក្តី ។

ឯកអគ្គរដ្ឋទូត បានលើកឡើងថារដ្ឋសភាកម្ពុជានិងសឹង្ហបុរី បានសហការគ្នាយ៉ាងល្អ ទៅវិញទៅមក តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច និង បានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាក អន្តរជាតិ តាមរយៈវេទិកាសភានានាដូចជា AIPA និង APPF ជាដើមនោះ។

សម្តេចអគ្គមហាញាចក្រី ហេង សំរិន និងឯកឧត្តមឯកអគ្គរដ្ឋទូត ចប់អាណត្តិមានជំជឿយ៉ាងមុតមាំថា កម្ពុជានិងសិង្ហបុរី ដែលមានទំនាក់ទំនងជា មួយគ្នាតាំងពីឆ្នាំ១៩៦៥ មកនោះ នឹងត្រូវបានបន្តពង្រឹង ពង្រីក និងរីកចម្រើនទៅមុខថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page124 Page125 Page126 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×