Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២៥

ខេត្តសៀមរាប៖ក្នុងមួយយប់ៗត្រូវបានគេរាយការណ៍ថាមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំងខេត្តសៀមរាបយកទៅលក់នៅប្រទេសវៀតណាមដោយសមត្ថកិច្ចជំនាញក្នុងខេត្តសៀមរាបគ្មានអ្នកទប់ស្កាត់ឡើយ។

ជាក់ស្ដែងកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះបង្ក្រាបរថយន្តមួយគ្រឿង ដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅកាន់វៀតណាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥។

យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកតែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។

ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។

យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឈ្មោះ អេង សាយ អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសមានទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ក្នុងតម្លៃ ៩០ម៉ឺនរៀល ដោយដឹកចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។

បើតាមមន្រ្តីយោធា, ឈ្មួញដឹកលៀសនេះ ពេលមកដល់ភ្នំពេញ គឺបន្តទៅវៀតណាមតែម្តង។

ក្រោយការឃាត់បានរថយន្តជាមួយលៀសប្រមាណ២០តោន កម្លាំងយោធា នឹងបន្តនីតិវិធី ប្រគល់ជូនរដ្ឋបាលជលផល ដើម្បីចាត់ការបន្តទៀត។

សូមជម្រាបថា ក្រៅពីឈ្មួញមានឈ្មោះខាងលើដែលរងការបង្ក្រាបក៏មានឈ្មួញជាច្រើនទៀតដែលសម្រុកដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំង ក្នុងនោះត្រូវបានគេទម្លាយដឹងថាមានឈ្មួញឈ្មោះយាយ សុខ គឺជាថៅកែជើងខ្លាំងក្នុងការប្រមូលទិញលៀសនៅតំបន់ឃុំកំពង់ឃ្នាំង រាប់សិបឆ្នាំមកហើយ។ ករណីយាយ សុខ ប្រមូលទិញលៀយ៉ាងគគ្រឹកគគ្រេងនៅឃុំកំពង់ឃ្លាំងបានដោយរលូនបែបនេះសមត្ថកិច្ចជំនាញនៅតំបន់នោះហាក់មិនអើពើទប់ស្កាត់បង្ក្រាបនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២៥

ខេត្តសៀមរាប៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកប្រតិបត្តិការឃាត់ខ្លួន

ជនសង្ស័យចំនួន១៩នាក់ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ហេតុការណ៍ឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រឹងបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។

លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ថា ពិតជាមានការឃាត់ខ្លួនជនបរទេស ១៩ នាក់ពិតប្រាកដមែន។ ប៉ុន្តែក្រុមនេះមិនទាន់ធ្វើសកម្មភាពនៅឡើយទេទើបតែមកស្នាក់នៅខេត្តសៀមរាបហើយត្រៀម ធ្វើសកម្មភាព។

សូមបញ្ជាក់ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ១៦នាក់ និងនេប៉ាល់៣នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៥

គ្រឹះស្ថានអង្គរ រកប្រាក់ចំណូលបានជាង ៤០លានដុល្លារ ពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានបង្ហាញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រដើរទស្សនារមណីយដ្ឋានអង្គរចំនួន ៨៦៧ ១៩៥នាក់ ដោយទទួលបានចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ថយចុះ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

របាយការណ៍ដដែលក៏បានបង្ហាញថា សម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរអន្ដរជាតិចំនួន ១០១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានចំណូល ៤ ៩០៥ ១៦៤ដុល្លារអាមេរិក ថយចុះជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ដោយឡែកក្រៅពីចំណូលនៃការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ ផងដែរ៕

អត្ថបទ៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២៥

ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង
‎
‎ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំ និងផ្ដាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការទាំងអស់ នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារយុត្តិធម៌ ជាពិសេសការងារអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាព។
‎
‎ឯកឧត្តម កើត រិទ្ធ បានជំរុញដោយផ្ដោតសំខាន់លើចំណុចគន្លឹះមួយចំនួនដូចជា ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។ ត្រូវពង្រឹងគុណភាពនៃការចាត់ការសំណុំរឿងឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី។ ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម សាលដីកាឱ្យបានឆាប់រហ័ស ត្រឹមត្រូវតាមក្បួនខ្នាត ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។
‎
‎ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញបន្ថែមមួយចំនួនទៀត ដោយក្នុងនោះ ត្រូវបន្តចូលរួមយ៉ាងសកម្ម និងស្វាហាប់ ក៏ដូចជាផ្ដល់កិច្ចសហការពេញលេញ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជាមួយគ្នានេះ ក៏សូមឱ្យមន្ត្រីទាំងអស់ ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។
‎
‎ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយបញ្ហា ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ។
‎
‎សូមជម្រាបថា ឯកឧត្តម សៀង សុខ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ដែលត្រូវផ្លាស់ប្ដូរទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
‎
‎មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងអយ្យការអមសាលាដំបូងខេត្ត ដែលកន្លងមកមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យខេត្តសៀមរាប ទទួលបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរព្រមទាំងបានសម្រេចស្នាដៃធំៗជាបន្តបន្ទាប់ក្នុងការស្វែងរកយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ៕SRP
‎
‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ អ៊ុន ណារាជ្យ
ដោយមន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៥

រឿងលួចលុយចំនួន៣ម៉ឺនដុល្លារនៅភ្នំពេញ តាមចាប់ខ្លួនបានពីរនាក់នៅក្រុងសៀមរាប

ភ្នំពេញ៖មនុស្សចំនួន៣ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយនិងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម។

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថ្ងៃសៅរ៍នេះថា អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត  អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ជាបន្តបន្ទាប់។

ការឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយនិងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម  (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន៣០០០០ដុល្លារ -បីម៉ឺនដុល្លារ អាមេរិច)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីទាបភ្លឺ។

សមត្ថកិច្ចបានបន្តថាជនសង្ស័យទាំង០៣នាក់នោះ ដោយសមត្ថកិច្ចឃាត់ជនសង្ស័យបានម្នាក់នៅចំណុចផ្លូវK5  ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ និងជនសង្ស័យចំនួន០២នាក់ ក្នុងនោះស្រី០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តទៀតថា ១,ឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។(មានសារធាតុញៀន)
២,យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។
៣,អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។

ចំណែកជនរងគ្រោះ
– ឈ្មោះ អេង លាងហៀង   ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាង។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1MB5101
-ទូរសព្ទចំនួន០៣គ្រឿង
-លោហៈធាតុខ្សែក ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន១ខ្សែមានបន្តោងរូបយុទ្ធនាការ
-លោហៈធាតុប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រ
-លោហ:ធាតុប្រភេទចិញ្ចៀន ១វង់
-ប្រាក់ចំនួន ២១០០$(ដុល្លារអាមេរិក)
-ប្រាក់ចំនួន ១០២៤០០០យេន (ជប៉ុន)។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២៥

កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនមនុស្ចំនួន​០៣នាក់ ពាក់ព័ន្ធ​លួចអាឈើដោយខុសច្បាប់

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្ត​សៀមរាប កាលពីវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍សង្ស័យថាមានអ្នកលួចអាឈើដោយខុសច្បាប់ នៅចំណុចភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាបន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ​អាវុធហត្ថខេត្ត និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកជីក្រែង សហការ​ជាមួយ​កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះមកដល់ទីតាំងបានឃើញជនសង្ស័យ០២នាក់ (ជាអ្នកអារឈើ) ដែលកំពុងប្រព្រឹត្តបទល្មើសអាឈើពិតប្រាកដមែន។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា លុះដល់ម៉ោង១៨:០០នាទី ថ្ងៃខែឆ្នាំដ៏ដែល បន្តឃាត់​ខ្លួន​ជនសង្ស័យ​០១នាក់ទៀត (ជាអ្នកទិញឈើ) ជនសង្ស័យ​ទាំង០៣នាក់ មានទីលំនៅ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

វត្ថុតាងដកហូតរួមមាន៖ ម៉ាសុីនអាឈើ ០២គ្រឿង,ម៉ាសុីនរ៉ៃចល័ត ០១គ្រឿង ,គោយន្តកន្រ្តៃ ០១គ្រឿង, ប្រភេទឈើយ៊ាង និងប្រភេទឈើឃ្លុំ សរុបចំនួន ៥,៨០៥ ម៉ែត្រគូប។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងត្រូវបានកម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្តនិតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២៥

ទីតាំងស្តុកធ្យូង ជាង១០០តោន នៅក្រោយផ្សារលើធំថ្មីខេត្តសៀមរាបត្រូវបានបង្ក្រាប

ខេត្តសៀមរាប៖ទីតាំងស្តុកធ្យូងជាង១០០តោនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាបនិងរឹបអូសយកទៅអនុវត្តតាមនីតិវិធីច្បាប់។

ការបង្ក្រាបបានធ្វើឡើង នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប រួមជាមួយកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកនេះថា ការបង្ក្រាបធ្យូង នៅទីតាំងស្តុកធ្យូង មានចំនួន ៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០គីឡូក្រាម ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (គ្មានលិខិអនុញ្ញាត) ដែលមានម្ចាស់ឈ្មោះ ស៊ង វាសនា ភេទប្រុស អាយុ៦០ឆ្នាំ និងជាម្ចាស់តែមួយនៅទីតាំងស្តុកអុសចម្រុះ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានអុសចម្រុះ សរុបចំនួន ២៥៥.៤៧៥ស្ទែរ (មានច្បាប់អនុញ្ញាត)ផងដែរ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងចម្រុះបានចាប់យកវត្ថុតាង៖ ធ្យូងចំនួន៥,០១៨ ការ៉ុង បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធី អនុលោមតាមច្បាប់ស្តីពីព្រៃឈើ។

សូមបញ្ជាក់ថាគេតែងតែសង្កេតឃើញកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប ដែលមាន ឧត្តមសេនីយ៍ ត្រី សឿន សេន ស្នងការរងទទួលផែន តែងតែធ្វើការចុះបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ខណៈជំនាញរដ្ឋបាលព្រៃឈើមិនទាន់មានសកម្មភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២៥

រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា  នៅថ្ងៃម្សិលមិញ បានរៀបចំ សិក្ខាសាលាស្តីពីការស្តារឡើងវិញនៃទេសចរណ៍មេគង្គ-ឡានឆាង និងផែនការសកម្មភាពធន់ ឆ្នាំ២០២៦-២០៣០ នៅខេត្តសៀមរាប ក្រោមប្រធានបទស្នូល៖ “ការចូលរួមរបស់ទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង” ដែលមានគោលបំណងចម្បងក្នុងការចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមឯកអគ្គរដ្ឋទូតទេសចរណ៍យុវជននៃតំបន់មេគង្គ-ឡានឆាង ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។

‎
‎លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះជាយន្តការសម្រាប់វេទិកាផ្លាស់ប្តូរ ដែលផ្ដល់ឱកាសចែករំលែកចំណេះដឹងសំខាន់ៗ បណ្តុះភាពជាដៃគូដ៏មានអត្ថន័យ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ លោកជឿជាក់ថាលទ្ធផលនៃសិក្ខាសាលានឹងក្លាយជាផ្លែផ្កា និងមានប្រយោជន៍ រួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យទេសចរណ៍នៅក្នុងតំបន់ទាំងមូល។
‎
‎ថ្លែងក្នុងពិធីបើក ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជា ឱកាសដ៏សំខាន់ ដែលនឹងជួយតំបន់មេគង្គ-ឡានឆាង ឆ្ពោះទៅរកវិស័យទេសចរណ៍ដែលមាន ភាពធន់នៃការតភ្ជាប់ទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង និងត្រៀមខ្លួនសម្រាប់អនាគតមួយដែលបើកចំហ និងរឹងមាំជាងមុន។
‎
‎ឯកឧត្តមបានបន្តថា វឌ្ឍនភាពនៃកម្មវិធី “Youth Tourism Ambassadors” បានបង្ហាញឱ្យឃើញថា នៅពេលដែលយុវជនត្រូវបានផ្តល់កន្លែង និងការគាំទ្រត្រឹមត្រូវ ពួកគេអាចចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍តំបន់របស់យើង។
‎
‎ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកនូវទស្សនវិស័យចំនួន ៤ យ៉ាង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតជាពិសេសលើយុវជនបន្តផ្តល់អំណាចដល់យុវជនដោយចំណេះដឹង និងជំនាញ៖ ផ្តល់ឱកាសឱ្យយុវជនអភិវឌ្ឍសមត្ថភាពក្នុងវិស័យទំនាក់ទំនងឌីជីថល បដិសណ្ឋារកិច្ច ភាសា ការច្នៃប្រឌិត និងការយល់ដឹងអំពីវប្បធម៌។ បង្កើតវេទិកាបន្ថែមទៀតសម្រាប់ការចូលរួមរបស់យុវជន៖ ជួយយុវជនឱ្យភ្ជាប់ទំនាក់ទំនងឆ្លងកាត់ព្រំដែន ចែករំលែកគំនិត និងកសាងមិត្តភាពយូរអង្វែង។
‎លើកទឹកចិត្តយុវជនឱ្យក្លាយអ្នករួមចំណែកយ៉ាងសកម្មក្នុងសហគមន៍៖ ជំរុញឱ្យយុវជនផ្សព្វផ្សាយវប្បធម៌ក្នុងស្រុក គាំទ្រគំនិតផ្តួចផ្តើមសហគមន៍ និងរួមចំណែកដល់ការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។
‎ជួយយុវជនឱ្យទទួលបានការបង្ហាញ និងឱកាសក្នុងតំបន់កាន់តែច្រើន៖ តាមរយៈកម្មវិធីរួមគ្នា សម្ភារសិក្សារួមគ្នា និងភាពជាដៃគូរវាងសាកលវិទ្យាល័យ ដើម្បីទទួលបានការសិក្សាប្រកបដោយគុណភាព និងការផ្លាស់ប្តូរបទពិសោធន៍។
‎
‎សិក្ខាសាលានេះត្រូវគេរំពឹងទុកថានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការគូសវាសផែនការសកម្មភាពជាក់ស្តែង សម្រាប់ធានាបាននូវអនាគតទេសចរណ៍ដែលធន់ និងចីរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង៕SRP
‎
‎អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២៥

តាមរយៈឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែនរដ្ឋបាលខេត្ត​សៀមរាប សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង សម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀត លើវិស័យសក្តានុពលនានា រវាងប្រទេសទាំងពីរ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការបន្តហោះហើរត្រង់មកកាន់ខេត្តសៀមរាប​ ព្រមទាំងពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការវិស័យផ្សេងៗទៀត ទៅវិញទៅមក ដូចជាការជំរុញនូវវិស័យកសិកម្ម ពាណិជ្ជកម្ម និងការផ្លាស់ប្តូរនានាជាដើម។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ ក៏បានជំរុញឱ្យចំណងមិត្តភាពកម្ពុជា-បារាំង កាន់តែរឹងមាំ ហើយមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និងខេត្តអូដឺសែន កាន់តែរីកចម្រើន និងរឹងមាំតរៀងទៅ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន និងជាសមាជិកក្រុមប្រឹក្សាក្រុង Chatenay-Malabry ម្សិលមិញ។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Georges SIFFREDI ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន និងជាសមាជិកក្រុមប្រឹក្សាក្រុង Chatenay-Malabry​ និងមានការអញ្ជេីញចូលរួមពីឯកឧត្តម​ អភិបាលរងខេត្តទទួលបន្ទុក​ លោក​ អភិបាលក្រុង​ ស្រុក​ មន្រ្តីជំនាញពាក់ព័ន្ធ​ និងអង្គការដៃគូរនានាផងដែរ។

ឯកឧត្តមប្រាក់ សោភ័ណ បានសម្តែងនូវអំណរអរគុណចំពោះរដ្ឋបាលខេត្ត អូដឺសែន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនអូដឺសែន ជាពិសេស ឯកឧត្តម Georges SIFFREDI ប្រធានក្រុមប្រឹក្សាខេត្ត និងសហការីទាំងអស់ ដែលតែងតែគាំទ្រ ដល់ដំណើរការ នៃកិច្ចសហប្រតិបត្តិការ និងរួមចំណែកសម្រាប់ការអភិវឌ្ឍខេត្តសៀមរាប ក៏ដូចជាការផ្លាស់ប្តូទៅវិញទៅមករវាងខេត្តទាំងពីរ នាពេលកន្លងមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ វិច្ឆិកា ២០២៥

តំណាងឯកឧត្តម ប្រាក់ សោភ័ណ ចូលរួមបុណ្យសព និងរំលែកសមានទុក្ខជាមួយគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍ នៅខេត្តកំពង់ធំ

ខេត្តសៀមរាប៖ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកមិញនេះ អញ្ជើញចូលរួមបុណ្យសព និងរំលែកសមានទុក្ខជាមួយគ្រួសារសពរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចណ៍ នៅខេត្តកំពង់ធំ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យបង-ប្អូនប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបមួយចំនួនស្លាប់ ក្នុងនោះសាខាបានចូលរួមបុណ្យសពចំនួន ៩គ្រួសាររួមមាន៖

សពទី១- ឈ្មោះ ទៀង ទាក់ ភេទប្រុស អាយុ ២៥ឆ្នាំ សមាជិកគ្រួសារ ៣នាក់​ (ស្រី ២នាក់) រស់នៅភូមិក្រូច ឃុំសែនសុខ ស្រុកក្រឡាញ់
សពទី២- ឈ្មោះ ណូ សាឡាត់ ភេទស្រី អាយុ ២៦ឆ្នាំ សមាជិកគ្រួសារ ៣នាក់​ (ស្រី ២នាក់) រស់នៅភូមិក្រូច ឃុំសែនសុខ ស្រុកក្រឡាញ់
សពទី៣- ឈ្មោះ តត់ សាន់ ភេទប្រុស អាយុ ២៤ឆ្នាំ សមាជិកគ្រួសារ ៣នាក់​ (ស្រី ១នាក់) រស់នៅភូមិសុខសាន ឃុំយាង ស្រុកពួក
សពទី៤- ឈ្មោះ ចេម ភេទស្រី អាយុ ២៧ឆ្នាំ សមាជិកគ្រួសារ ៣នាក់​ (ស្រី ១នាក់) រស់នៅភូមិសុខសាន ឃុំយាង ស្រុកពួក
សពទី៥- ឈ្មោះ ឃ្នឿប យ៉េត ភេទស្រី អាយុ ៣១ឆ្នាំ សមាជិកគ្រួសារ ៤នាក់​ (ស្រី ២នាក់) រស់នៅភូមិសុខសាន ឃុំយាង ស្រុកពួក
សពទី៦- ឈ្មោះ ភិ សុខា ភេទស្រី អាយុ ២៦ឆ្នាំ សមាជិកគ្រួសារ ៣នាក់​ (ស្រី ២នាក់) រស់នៅភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក
សពទី៧- ឈ្មោះ ភីង សុឃា ភេទប្រុស អាយុ ៣៦ឆ្នាំ សមាជិកគ្រួសារ ៣នាក់​ (ស្រី ២នាក់) រស់នៅភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក
សពទី៨- ឈ្មោះ ទាវ ស្រីនិត ភេទស្រី អាយុ ២៦ឆ្នាំ សមាជិកគ្រួសារ ៧នាក់​ (ស្រី ៣នាក់) រស់នៅភូមិគោកចាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ
សពទី៩- ឈ្មោះ សេង​អៀង ភេទស្រី អាយុ ៦៣ឆ្នាំ សមាជិកគ្រួសារ ៧នាក់​ (ស្រី ៤នាក់) រស់នៅភូមិមោងខាងត្បូង ឃុំមោង ស្រុកស្រីស្នំ។

ស្ថិតក្នុងឱកាសរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរំលែកសមានទុក្ខយ៉ាងសោកសង្រេងខ្លាំងបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប ជូនចំពោះគ្រួសារសពទាំង ៩គ្រួសារ និងបានគូសរំលេចពីការគិតគូររបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទៅដល់សុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកអ្នកណាម្នាក់ចោល»។ បន្ថែមលើសនេះ ឯកឧត្តម សម្តែងនូវការសោកស្ដាយក្រៃលែង បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់តក់ស្លុតឥតឧបមា ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ កាលពីវេលាម៉ោង ៣ ទៀបភ្លឺកន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏ដូចជាសាខា កក្រក ខេត្តសៀមរាប ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព និងសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនចំពោះវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគជូនគ្រួសារសព ក្នុង១គ្រួសារមាន៖ អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គ.ក្រ, ឃីត ១កញ្ចប់ (ក្នុង១កញ្ចប់មាន មុង១, ភួយ១, កន្ទេល១, សារុង១, ក្រមា១) និងថវិកា ១លានរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២៥

លោកឧត្តមសេនីយ៍ទោហួត សុធី លើកសរសើរមន្ត្រីក្រោមឳវាទពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ដសៀមរាប បានថ្លែងលើកសរសើរពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានណែនាំបន្ថែម និងដាក់ចេញនូវផែនការ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដោយត្រូវបន្តជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែសកម្ម និងជាពិសេសផងដែរដោយត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់និងបង្ក្រាប ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ហួត សុធី មានប្រសាសន៍យ៉ាងដូច្នជក្នុងឳកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា នៅព្រឹកមិញនេះ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ផងដែរអំពីការផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ក្នុងបំណងពង្រឹងវិន័យមន្ត្រីនគរបាលជាតិឱ្យកាន់តែប្រសើរ លើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយសរបស់នគរបាលជាតិ ស្របតាមគោលការណ៍កំណែទម្រង់ និងទំនើបកម្មនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របតាមស្ថានភាពជាក់ស្តែង និងការវិវឌ្ឍរីកចម្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២៥

អាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ថាមានក្មេងមួយក្រុមជិះម៉ូតូគ្មានស្លាកលេខ និងសួររកអ្នកទិញម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវសួនសត្វ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងចាប់យក : ម៉ូតូចំនួន០២គ្រឿង។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើក ពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុងចុង ខែតុលាឆ្នាំ ២០២៥ បានធ្វើសកម្មភាពលួច នៅជិតផ្សារហ៊ុយឡេង ភូមិតាភុល សង្កាត់ស្វាយដង្គំ និងលើកទី២ លួចនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ដូច្នេះក្នុងនាមជាសមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលធ្វើឲ្យជនឆ្លៀតឱកាស មានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយស្រួល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×