Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៥

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចមាសយកទៅលក់នៅផ្សារលើធំថ្មី

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណី​ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ)។

ករណីលួចនេះ កាលពីវេលាម៉ោង២២:០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ ស្ថិតនៅចំណុចភូមិខ្នារ សង្តាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាការឃាត់ខ្លួនបានធ្វើឡើង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងមូលដ្ឋាន​កងអាវុធហត្ថក្រុងសៀមរាប នៅចំណុចផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រា ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានបន្តថាជនសង្ស័យបានសារភាពខ្លួនបាន​យកគ្រឿងអលង្ការទាំងនោះទៅលក់ឱ្យជីវករចំណុចផ្សារធំថ្មី ក៏ត្រូវបាន​កម្លាំង​អាវុធហត្ថប្រចាំការឃាត់ខ្លួនតែម្ដង។

វត្ថុតាងរួមមាន៖ លោហៈធាតុពណ៌លឿងចំនួន០២ខ្សែ ខ្សែកពណ៌ប្រាក់០១ខ្សែ ខ្នាយជ្រូកព្រៃ០២ខ្នាយ រូបបដិមា ១០ព្រះអង្គ មេដាយ០៦ បន្តោង​ខ្សែក ០២បន្តោង កថា០៧កថា វ៉ាលី០១ ទូរស័ព្ទ​០១គ្រឿង និងសម្ភារៈមួយចំនួន​ទៀតទៀត គ្រឿង​អលង្ការ និងសម្ភារៈ ប្រគល់ជូន​ម្ចាស់​ដើម​វិញ។

ជាមួយគ្នានេះដែរ អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសមួយចំនួន រហូតបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៥

គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប នឹងបើកការដ្ឋានឆាប់ៗនេះ នៅតំបន់ភាគខាងត្បូងមានប្រវែង ៤៦,៥៧ គីឡូម៉ែត្រ ពីស្រុកប្រាសាទបាគងទៅស្រុកពួក

អភិបាលរងខេត្តសៀមរាបលោក លី សារី នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈអំពីគម្រោងធ្វើទីតាំងជញ្ជីងថ្លឹងរថយន្តថ្មី ក្នុងស្រុកពួក ស្ថិតគម្រោងផ្លូវវាងក្រុងសៀមរាប ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ទាំង ៤ក្បាលដី នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្តមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីជូនដំណឹងដល់ម្ចាស់ក្បាលដីទាំង៤ប្លង់ និងពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ អំពីទីតាំងជញ្ជីងថ្លឹងរថយន្តថ្មី ក្នុងស្រុកពួក ដែលស្ថិតក្នុងគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ដែលមានប្រវែង ៤៦,៥៧ គីឡូម៉ែត្រ (PK0+000-PK46+570) ចំណុចចាប់ពីស្រុកប្រាសាទបាគង (ផ្លូវចូលព្រលានថ្មី) រហូតដល់ស្រុកពួក នៃខេត្តសៀមរាប (ខាងលិចសាលាស្រុកពួក) ដែលបានសិក្សារួច មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។

លោកអភិបាលរងខេត្តបន្ថែមថា គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប រៀបចំឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិយាកាស ក្នុងក្រុង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់តាមរយៈការបង្កើនលទ្ធភាពប្រើប្រាស់អន្តរតំបន់ ពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងខេត្ត ដែលជាទីក្រុងទេសចរណ៍ ពង្រីកតំបន់លំនៅដ្ឋាន និងជំរុញសកម្មភាពពាណិជ្ជកម្មនៅតំបន់ភាគខាងត្បូងនៃខេត្តសៀមរាបក្នុងរយៈពេលវែង និងចូលរួមចំណែកការពារទីក្រុងសៀមរាបពីការជន់លិចបឹងទន្លេសាប។

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 4.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៥

ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃម្សិលមិញ បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកទុក្ខ និងយកថវិកាមួយចំនួន ជូនក្រុមគ្រួសារទាំងអស់នៃសព លោកអនុសេនីយ៍ឯក កេត សុភត្រា នាយក្រុម៣ ដែលបានពលីជីវិតនៅលើសមរភូមិកាលពីថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងលោកអនុសេនីយ៍ឯក កុក មីរិនដា នាយរងក្រុម២ ដែលបានពលីជីវិតថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ឯកឧត្តម គុជ លីណា បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា “ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់កូន និងសាច់ញាតិជាទីស្រឡាញ់ ដែលតែងតែប្រណិប័តន៍តាមគន្លងធម៌របស់ ឪពុក ម្តាយ និងក្រុមគ្រួសារ។ ការពលីជីវិត របស់ លោកអនុសេនីយ៍ឯក កេត សុភត្រា និងលោកអនុសេនីយ៍ឯក កុក មីរិនដា គឺជាការបាត់បង់វីរកងទ័ពកម្ពុជា ដែលមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។

ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ ខ្ញុំ និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក កេត សុភត្រា និងលោកអនុសេនីយ៍ឯក កុក មីរិនដា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២៥

ឯកឧត្តមខៀវ កាញ្ញារីទ្ធ៖ សៀមប្រើយុទ្ធសាស្ត្រចំនួន៣ ការដែលវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា

សៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ បើពង្វាតទឹកដី សៀមច្បាស់ជាប្រមូលផ្តុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលសៀមវាយគ្រប់កន្លែងគឺចង់អោយខ្សែការពារកម្ពុជាស្តើង ( ពិតមែនតែសៀមមិនច្បាស់ថាក្បាលពួកគេទ្រគ្រាប់ផ្លោងរបស់កម្ពុជាបានប៉ុន្មានពេលក៏ដោយ ) តែពេលនេះជិតបោះឆ្នោត​ មានន័យថាទឹកដល់ច្រមុះទោះស្រវាអោបគម្រង់ខ្មោចឆ្កែក៏អោបដែរ ហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន ៣ ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន ។ យុទ្ធសាស្ត្រទាំងនោះ គឺ :

១. លើកទំនុកចិត្តប្រជាជនសៀមឡើងវិញអោយជឿថា សៀមនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជាដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន ( នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី ៣០ ឆ្នាំមុន ) ។ ប្រជាជនសៀមកើនទំនុកចិត្តបានន័យថាសន្លឹកឆ្នោតគាំទ្រនសឹងកើនឡើង ។

២. សង្កត់សេដ្ឋកិច្ចកម្ពុជាអោយធ្លាក់ចុះ អាស្រ័យការបង្ខំអោយមានប្រជាជនភៀសសឹករាប់សែននាក់ ( មកដល់ពេលនេះជិតកន្លះលាននាក់ហើយ ) ដែលនឹងក្លាយជាដុំថ្មមួយដែលរាជរដ្ឋាភិបាលត្រូវទទួល​ ( បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ ៥ ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន ?) ហើយនេះគឺជាសង្គ្រាមមួយដែលសៀមមិនចាំបាច់ចំណាយធំ ។ តែអ្វីដែលសៀមគិតមិនដល់ គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាននាំគ្នាជួយបងប្អូនអ្នកភៀសខ្លួនដែលជួយបន្ថយបន្ទុករាជរដ្ឋាភិបាលមួយចំណែកធំ ។ អ្វីដែលកាន់តែពិសេស គឺចលនាប្រើផលិតផលខ្មែរជួយខ្មែរ ធ្វើអោយខ្សែផលិតកម្មក្នុងស្រុក និង ការចំណាយក្នុងស្រុក ( Domestic spending ) កើនឡើងទៅវិញ ។

៣. អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់សៀម គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជានឹងធ្វើអោយពាក្យស្លោក «យើងជឿជាក់រាជរដ្ឋាភិបាល និង វីរកងទ័ពយើង» នឹងរបេះបន្តិចម្តងៗរហូតរាជរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិ ។​

សៀមលើកនេះចាក់ធំ តែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរ ! តែយើងក៏ប្រយ័ត្នស្នៀតជន្លស្តាំវ៉ៃឆ្វេង បើយើងប្រហែសគាត់បែរទៅសង្គ្រប់ទីតាំងមួយចំនួនហើយនៅក្រាញក្នុងឧម្មង្គទប់យើងដែលជាអ្នកឡើងវាយម្តង៕អត្ថបទឯកឧត្តមខៀវ កាញ្ញារីទ្ធ

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២៥

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ រួមជាមួយរដ្ឋបាលស្រុក ក្រុមការងារ នៅព្រឹកមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ដែលបានការជយយឧបត្ថម្ភពី អ្នកឧកញ៉ា ហេង ឡុង ផ្ដល់ជូនដល់បងប្អូនជាជនភៀសសឹកចំនួន ១ ៥០០គ្រួសារ ដែលបានមកស្នាក់នៅក្នុងគោលដៅសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនច្រើនថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានតស៊ូប្រកៀកស្មាគ្នាក្លាហាន ម៉ឺងម៉ាត់ ប្តូរផ្តាច់ រក្សាការពារឱ្យខានតែបាននូវបូរណភាពនិងអធិបតេយ្យភាព ទឹកដីមិនរបេះរបូតឡើយ។ ផលវិបាកនៃសង្គ្រាមគឺបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និង ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយសង្គ្រាមនេះ បានបង្ខំចិត្តប្រជាពលរដ្ឋនៅតំបន់កៀកសមរភូមិឱ្យភៀសខ្លួន ចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ គោក្របីស្រែចម្ការជាដើម មករកទីសុវត្ថិភាព។

ឯកឧត្តម បញ្ជាក់ថា ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។ ក្នុងគ្រានេះ យើងត្រូវចែករំលែក ក្រោមស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមក ទាំងសម្ភារ និងស្មារតី។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោល និងនៅជាមួយបងប្អូនជានិច្ច។

ឯកឧត្តម សៀង ណាំ ក៏បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារដែលមានកូនមានប្តីជាកងទ័ពកំពុងបំពេញភារកិច្ច នៅសមរភូមិមុខដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាកេរដូនតាយើងបានការពារទុកឱ្យដល់សព្វថ្ងៃទទួលបានជោគជ័យគ្រប់ពេលវេលា ហើយសូមឱ្យកម្លាំងមហាសាមគ្គីនៅតែបន្តជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពបបន្តបេសកកម្មក្នុងការការពារទឹកដីរបស់យើង។

ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ឱ្យយកចិត្តទុកដាក់ថែទំាសុខភាព ថែទាំអនាម័យ ត្រូវហូបស្អាត ផឹកស្អាត ដើម្បីបង្ការ និងចៀសវាងពីជំងឺតម្កាត់នានា ហើយបើមានតម្រូវការបន្ទាន់ត្រូវទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានដែលនៅក្បែរបំផុត៕SRP
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន នៅព្រលប់ថ្ងៃអាទិត្យនេះបានប្រកាសជាថ្មីទៀតថា៖ ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។
អាចមានការភាន់ច្រឡំឬចង់បង្ករឿង
ពីភាគីម្ខាងទៀតដែលគិតថាយើងមិន
អនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅ
ប្រទេសវិញ។
ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។

សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស
នៅតែអាចធ្វើដំណើរបានធម្មតាព្រោះ
គ្មានការប្រយុទ្ធនៅព្រលានយន្តហោះ
ទេ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ
តាមផ្លូវអាកាសនៅទីកន្លែងដែលមាន
ជើងហោះហើរមកកម្ពុជា។

ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២៥

សារបន្ទាន់​ពី​ ឯកឧត្ដម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ !

បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរទាំងនេះ ខ្ញុំបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះស្ថានភាពនេះ និងបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាទៅមុខនៃអង្គភាពប្រដាប់អាវុធ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2025 វេលាម៉ោង 22:00 (UTC + 7)។

ដើម្បីគាំទ្រដល់ការបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់តម្លាភាព ខ្ញុំបានស្នើសុំការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ដើម្បីតាមដានការវិវត្តន៍នៅលើដី។ បេសកកម្មនេះនឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចាប់ផ្តើមក្នុងពេលតែមួយ។

ការរកឃើញពីការត្រួតពិនិត្យផ្កាយរណប និងការសង្កេតនៅនឹងកន្លែងនឹងត្រូវបានចងក្រងដោយ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី 16 ខែធ្នូ។ របាយការណ៍នេះនឹងផ្តល់នូវការពន្យល់ដ៏ច្បាស់លាស់អំពីស្ថានភាព រួមទាំងជំហររបស់ភាគីទាំងពីរ ក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថាការសន្ទនា ការអត់ធ្មត់ និងការទូតទទួលបានជោគជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៥

ក្រសួងមហាផ្ទៃ ផ្អាកការងារជាបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម!

Like 196
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៥

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណលោក ពាក់ មី នាំអំណោយពីក្រុមផ្ការីកគ្រប់រដូវចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត ដល់លោក ពាក់ មី ដែលនាំអំណោយពីក្រុមផ្ការីកគ្រប់រដូវ ចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាសប្បុរជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីក្រុមផ្ការីកគ្រប់រដូវ ដឹកនាំដោយ លោក ពាក់ មី ដែលបានចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក រួមមាន៖ មុង១៩៩ អាវចំរុះឈុត៦៩៧ និង៦៩៨ដុំ សារ៉ុង៥០ ខ្នើយ២០ កន្ទេល ២៦១ដុំ មី ១៨៦៤កេស ត្រីខ ៦៧៦កេស ត្រីងៀត ១៧០គីឡូ អង្គរ ១៥០គីឡូ ទឹកត្រី ១៦ដប ទឹកស៊ីអ៉ីវ ២២យួរ ទឹកសុទ្ធ ១២០០កេស សាប៊ូដុសខ្លួន ៣០០ដុំ នំចំរុះ ស្ករគ្រាប់ ១៨ប្រអប់ និង ២កេស កាហ្វេ ៤កញ្ចប់ ទឹកដោះគោជូរ ៥០កេស តង់៤x៦ ១៨២ដុំ តង់បោះជំរុំ ២តង់ អង្រឹង៩០ ភួយ៨៩២ ក្រមា ៩២ដុំ មួក១៣០ កន្សែង ១០៤ដុំ សំឡីអនាម័យ ២៤ដុំ ខោទឹកនោម ៤១ដុំធំ ផ្លិត៦០ ថង់ក្រណាត់ ៣៩ថង់ ធូបមូស ១កេស និង១០ប្រអប់ នំប៉័ងសសរ៥០ អំបុក ៦២កញ្ចប់ ស្ករគ្រាប់ ៣ប្រអប់ កំប៉ុងទឹកដោះគោ ១២០កំប៉ុង សាច់ក្រក ៨,៥គីឡូ ឆៃប៉ូវប្រៃ ១គីឡូ សាតេសញ្ញាក្តាម ១៨០កញ្ចប់ ត្រីផាត់ ៤០កញ្ចប់ ពងទា ៤៥០គ្រាប់ សៀងឆា ៣០កំប៉ុងតូច ត្រសក់ចាវឆា ១៦កំប៉ុងតូច ប្រហិត និងប៉ាតេ ២កេសធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៥

ពីធីបុណ្យសម្ពោធឆ្លងឈាបនដ្ឋាន និងសមិទ្ធផលនានា ក្នុងបរិវេណវត្តតាហង្សសរ៉ារាម

ខេត្តសៀមរាប៖ឈាបនដ្ឋានដែលជាសមិទ្ឋផលថ្មី ក្នុងបរិវេណវត្តតាហង្សសរ៉ារាម ស្ថិតនៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមព្រះវត្តមាន ព្រះព្រហ្មវិមុត្តិ បណ្ឌិត ម៉ក ប៉ឹង អគ្គធម្មោ ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការ វត្តព្រះអង្គទ្រង់ ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ និងព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តតាហង្សសរ៉ារាម និងឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិ និងលោកជំទាវ គាត សុថាវី និងលោក ថាន់ ហឹក អភិបាលរងស្រុកពួក តំណាងលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក លោកស្រី គឹម សុគន្ធី មេឃុំព្រៃជ្រូក លោក ឡុក វួន មេឃុំស្រណាល ភូមិចំណុះជើងវត្តទាំង៦ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទជជើងវត្តផងដែរ។

ព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តមានថេរដីកាថា៖ សមិទ្ឋផលទាំងអស់នេះសាងសង់រយៈពេលមួយឆ្នាំ ដោយចំណាយថវិកាសរុបជិត៤ម៉ឺនដុល្លារអាមេរិកក្នុងនោះនៅខ្វះថ្លៃសម្ភារៈ និងថ្លៃជាងចំនួនជាង៣ពាន់ដុល្លារ បច្ច័យទាំងនេះបានពីការចូលរួមបរិច្ចាគរបស់ញាតិញោមជិតឆ្ងាយ និងបានពីការសន្សំ ប្រមូលពីកម្មវិធីបុណ្យនានាក្នុងវត្តនាពេលកន្លងមក។

លោក ថាន់ ហឹក អភិបាលរងស្រុកពួក បានសម្ដែងនូវការកោតសរសើរចំពោះ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី ដែលបានដឹកនាំកសាងនូវឈាបនដ្ឋាន ព្រមទាំងសមិទ្ធផលនានា ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេចក្តីត្រូវការសម្រាប់មូលដ្ឋាននេះ។ ក្រៅពីសមិទ្ធផលខាងលើ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត ដែលបានកើតឡើង និងរីកចម្រើនជាលំដាប់ក្នុងអារាមនេះ។

អភិបាលរងស្រុកពួកបន្តថា៖ សមិទ្ឋផលទាំងនេះស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីដ៏ល្អប្រពៃ ដោយបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដែលផុសចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជិតឆ្ងាយបូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅ ឱ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះធនធានមនុស្ស លើកកម្ពស់សីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម និងការបណ្តុះព្រលឹងជាតិ។

សមិទ្ឋផលថ្មីៗនេះដែរ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា តួនាទីវត្តអារាមព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរពិតជាមានសារៈសំខាន់ណាស់ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគតផងដែរ។

ព្រះយសោធរញាណ ឡោម សុឈាត បានសម្តែងនូវបិតិសោមនស្សចំពោះហេដ្ឋារចនាសម្ព័ន្ឋថ្មីៗទាំងនេះ ថាពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋានទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង ជាពិសេសឈាបនដ្ឋាន ជាទីកន្លែងចុងក្រោយសម្រាប់បុគ្គលគ្រប់រូបបន្ទាប់ពីមរណកាលទៅ ដើម្បីក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យកុសលជូន ព្រោះសេចក្តីស្លាប់នេះពុំមាននរណាម្នាក់អាចគេចបានឡើយ នេះជាសច្ចភាពនៃជីវិតម្នាក់ៗ ហើយជាប្រការចាំបាច់ដែលវត្តអារាមត្រូវតែមានឈាបនដ្ឋានដើម្បីធ្វើឈាបនកិច្ច។

ឈ្លៀតឪកាសនោះ ឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិថា ប្រទេសយើងមានការរីកចម្រើនសព្វបែបយ៉ាង និងមានភាពស៊ីវិល័យយ៉ាងសម្បូរបែប គ្រួសារខ្លះមានលទ្ឋភាពជួលរោងជួលមេរុដើម្បីបូជាសពសមាជិកគ្រួសារដែលទទួលមរណភាពក្តី តែក៏នៅមានគ្រួសារជាច្រើនត្រូវការវត្តអារាមសម្រាប់ធ្វើបុណ្យទាន និងទីកន្លែងដើម្បីធ្វើឈាបនកិច្ចដែរ។
ហេតុនេះសូមប្រជាពុទ្ឋបរិស័ទរក្សានូវសាមគ្គីធម៌ ជាពិសេស ការបណ្តុះគំនិតគិតរឿងគុណធម៌ សីលធម៌ ចរិយាធម៌ឱ្យមានទឹកចិត្តគោរពស្រឡាញ់ សណ្តោសប្រណី និងការដឹងគុណអ្នកមានគុណទាំងឡាយដែលជាគុណធម៌របស់ពលរដ្ឋខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមប្រាក់ សោភ័ណក៏សូមស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតកាណាដាប្រចាំកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគតផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ស្វាគមន៍យ៉ាងដូច្នេះ នៅរដ្ឋបាលខេត្តសៀមរាបនាថ្ងៃចន្ទព្រឹកព្រឹកមិញនេះ ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា​ ក្នុងគោលបំណងដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍលើវិស័យទេសចរណ៍​ និងវិស័យពាណិជ្ជកម្មតាមរយៈការវិនិយោគពីបណ្តាក្រុមហ៊ុននានារបស់ប្រទេសកាណាដា​ លើសក្តានុពុលដ៏សម្បូរបែបនៃធនធានវប្បធម៌ និងធម្មជាតិរបស់ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៥

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែទប់ស្កាត់ជាដាច់ខាតនូវបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន និងការដឹកជញ្ជូនលៀសខុសច្បាប់ ក្នុងរដូវបើកនេសាទឆ្នាំ២០២៥ នេះ ដើម្បីធានាបាននូវការអភិរក្សធនធានជលផលនៅបឹងទន្លេសាប។

លោកក៏បានជំរុញយ៉ាងមុតមាំដល់មន្ទីរជំនាញអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តវិធានការនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាបាននូវភាពសម្បូរបែបនៃធនធានជលផល ដូចជាប្រភេទត្រីកម្រ និងដែលជិតផុតពូជ និងរក្សាបាននូវធនធានជលផល ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រើប្រាស់យូរអង្វែង។ ជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់ជាកេរមរតកបន្តដល់កូនចៅជំនាន់ក្រោយៗ។

លោកមានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាស
តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សា និងពង្រឹងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្រុងស្រុកទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ខេត្តសៀមរាបនារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥ កម្លាំងចម្រុះដែលដឹកនាំដោយខណ្ឌរដ្ឋបាលជលផលសៀមរាប រួមជាមួយកងកម្លាំងយោធា ក្រុមអន្តរាគមន៍ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងលុបបំបាត់បទល្មើសជលផលសរុបចំនួន ៤១៨ ករណី។ ក្នុងចំណោមករណីទាំងនោះ ក្រុមការងារបានបំផ្លាញចោលនៅនឹងកន្លែង ៣៨០ ករណី, ពិន័យអន្តរការណ៍ ១៦ ករណី, បញ្ជូនសំណុំរឿងទៅតុលាការ ២២ ករណី និងឧបករណ៍ឈ្នាងអូសលៀសខុសច្បាប់ ៣១ ករណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×