គម្រោង​​​អភិវឌ្ឍផ្លូវចំនួន​​០៦​​ ក្នុង​ស្រុកបាធាយ​ ត្រូវ​បាន​ដាក់​ដេញថ្លៃ

0

ខេត្តកំពង់ចាម​​៖​គម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០២០ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ក្នុង​ការ​ជួសជុល​និង​សាងសង់​ផ្លូវ​នៅ​មូលដ្ឋាន​​ ​ចំនួន០៦គម្រោង ស្មើ​នឹង​៦ឃុំ​ នៅស្រុកបាធាយត្រូវបានដំណើរការដាក់ដេញថ្លៃ នៅព្រឹកមិញនេះ។
ការដាក់ដេញថ្លៃធ្វើនៅសាលា​ស្រុក​បាធាយ​​​​​​ ដោយមានការចូលរួមពី លោកឡី មិច​​ នាយក​រង​រដ្ឋបាលសាលា​ខេត្ត​កំពង់ចាម​ និងលោកទឹម ដា​ណា​ អភិបាល​រង​ស្រុក​​ រួមជាមួយតំណាងក្រុមហ៊ុនអ្នក​ទទួល​ការ​ជា​ច្រើន​រូប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​០៦ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ ក្នុង​នោះ​មាន​
១-ឃុំ​សំបូរ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០៥ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ នៅភូមិសង្កើប។
២-ឃុំ​ត្រប់​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣១២ម ទទឹង៤ម នៅភូមិរោធិ៍។ ​
៣-ឃុំ​ផ្អាវ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៩៥ម ទទឹង៤ម នៅភូមិបាកាស ភូមិផ្អាវ។
៤-ឃុំ​មេព្រីង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៧៤ម ទទឹង៤ម នៅភូមិតាំងរលៀង និងភូមិតាំងថ្លើង។
៥-ឃុំសណ្តែក​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៣៣ម ទទឹង៥ម នៅភូមិកំប៉ាល់ ភូមិស្រឹង្គ។
និង​៦-​​ឃុំ​តាំង​ក្រសាំង​ ជួសជុលផ្លូវដីក្រាលថ្មភ្នំ ប្រវែង២.៩៤៧គ.ម​ ទទឹង៤ម និងសាងសង់លូទោល មុខកាត់៦ម ប្រវែង៦ម នៅភូមិជីនាង ភូមិខ្វិត-ភូមិស្តុកធំ។
ក្នុង​ពិធី​នោះ​ ​ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​០៦ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​០៦គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ ត្រូវ​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​​ផងដែរ​៕SRP