លោកសំ លាងទ្រី៖ ស្ពានស្ទឹងស្ដៅ ឆ្ពោះទៅកាន់ ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ត្រូវបានដាក់អោយ ប្រជាពលរដ្ឋឆ្លងជា បណ្ដោះអាសន្នហើយ

0

ភ្នំពេញ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកនេះថានៅថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២០នេះ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ត្រូវបានដាក់អោយប្រជាពលរដ្ឋឆ្លងជាបណ្ដោះអាសន្នហើយបន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់១០០% នៅថ្ងៃរសៀលម្សិលមិញនេះ។
សូមរំលឹកថាលោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ដ្ឋាន​សាង​សង់​ស្ពានស្ទឹងស្ដៅ។
លោកទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា ការ​សាង​សង់​ស្ពានស្ទឹងស្ដៅថ្មី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ការ​រួប​រួមសាមគ្គីរឹងមាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែ​ស្ពានស្ទឹងស្ដៅថ្មី​នេះ នៅមិន​ទាន់​កំណត់​កាល​បរិច្ឆេទ​សម្ពោធ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​។
សូមបញ្ជាក់ថាស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង៤៨ម៉ែត្រគុណ៤,២០ម៉ែត្រ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ លោក ទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិកា របស់សប្បុរសជនណាផ្សេងនោះទេ៕SRP