អាជីវកម្ម០៧ទីតាំង ក្នុង​ក្រុង​កំពង់ចាម​ នឹងអនុវត្តតាមកិច្ចសន្យា ក្រោយទទួលបានការណែនាំអំពីច្បាប់

0

ខេត្តកំពង់ចាម៖ក្រុមការងារត្រួតពិនិត្យ ការដាក់តាំងផ្សព្វផ្សាយផ្សេងៗ ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​០៥​ខែមិថុនា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ បានចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្ម​ ក្នុងក្រុងកំពង់ចាម។
លោក​ ឈាង​ បូរិន​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​ គោលបំណងដែលក្រុមការងារចុះត្រួតពិនិត្យនេះ​
១.ស្លាកអាជីវកម្មដែលបានលើកជាភាសាបរទេស ដែល មិនត្រឹមត្រូវតាមច្បាប់កំណត់។
២.ត្រួតពិនិត្យអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនប័ត្រចុះបញ្ជី ពាណិជ្ជកម្ម។ ៣.ជំរុញលើកស្លាកអាជីកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងជំរុញឲ្យអាជីកម្មមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ។
លោក​ ឈាង​ បូរិន​ បាន​បន្តថា​ ការ​ចុះ​អនុវត្ត​នេះ​ ក្រុមការងារបានត្រួតពិនិត្យអាជីវកម្ម​ ចំនួន០៨ទីតាំង​ ដែលសរសេរជាភាសាបរទេស ក្នុងនោះ១ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចំណែក៧ទីតាំងផ្សេងទៀត​ មិនទាន់បានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងសរសេរជាភាសាបរទេសដែលមិនត្រឹមត្រូវតាមច្បាប់កំណត់។​
លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា​ ក្នុង​ការ​ចុះ​អនុវត្ត​នេះ​ដែរ​ ក្រុមការងារបានពន្យល់ណែនាំ​ អំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងធ្វើកិច្ចសន្យាដោយទុករយៈពេល ៣០ថ្ងៃ​ ក្នុងការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម និងកែសម្រួលស្លាកយីហោឲ្យបានត្រឹមត្រូវ។​
ជាមួយ​គ្នា​នោះ​ ម្ចាស់អាជីវកម្មទាំង៧ទីតាំង បានសន្យាអនុវត្តតាមកិច្ចសន្យា​ ដែលបានកំណត់ និងអរគុណដល់ក្រុមការងារបានណែនាំ ពីការប្រកបអាជីវកម្មដែលអនុលោមតាមច្បាប់​ផងដែរ​៕SRP