សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមេខ្យល់ពីរនាក់ ករណី នាំមនុស្សឆ្លងដែនដោយខុសច្បាប់

ខេត្តសៀមរាប៖មេខ្យល់ចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចខេត្តឃាត់ខ្លួនករណី នាំមនុស្សឆ្លងដែនដោយខុសច្បាប់។
ការឃាត់ខ្លួនធ្វើឡើងតាមបញ្ជាលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ១០និង៣០នាទីម្សិលមិញ។
អាជ្ញាធរបានឲ្យដឹងថានៅថ្ងៃទី២៩ខែ ឧសភាឆ្នាំ២០២០បានសហការជាមួយតំបន់ប្រត្តិបត្តសឹករងខេត្តនិងក្រុមកាងារទទួលពលករ ដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត បានទៅទទួលពលករចំនួន១៩នាក់ក្នុងនោះមានកុមារអាយុ៦ខែម្នាក់ នឹងអាយុ ៣ឆ្នាំម្នាក់ នៅភូមិក្លិនទា ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់។ ដោយនាំយកមកដាក់នៅកន្លែងចត្តាឡីស័ក សាលាករុកោសល្យ ខេត្តសៀមរាប។
អាជ្ញាធរបន្តថានៅថ្ងៃទី៣០ខែឧសភាម្សិលមិញ បានធ្វើការសម្ភាសន៍
ពលករទាំងអស់ពិនិត្យឃើញថាក្នុងពលករទាំង១៧នាក់នោះមានពីរនាក់ជាមេខ្យល់ដែលមានឈ្មោះដូចខាងក្រោមនេះ
១. ឈ្មោះ ទួន ទី ភេទ ប្រុស អាយុ ៣៦ឆ្នាំ
២. ឈ្មោះ តិច សត់ ភេទ ប្រុស អាយុ២៣ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប ជាមេខ្យល់។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ពួកខ្លួនទាំងពីរនាក់បានទំនាក់ទំនងថៅកែនៅប្រទេសថៃ ( រាក់យ៉ង ) ត្រូវការកម្មករទេ ថៅកែថាត្រូវការ ខ្លួនក៏ជ្រើសរើសពលករទាំងអស់នេះហើយដោយសន្យាថាមិនបាច់មានលិខិតឆ្លងដែនទេ គឺគេយកម្នាក់៣០០០បាតពីថៅកែ ហើយរត់ការឆ្លងដែនដល់រាក់យ៉ងប្រទេសថៃ បានធ្វើការទើបថៅកែកាត់ប្រាក់ខែពីពលករវិញម្នាក់៣០០០បាត។
ដោយឡែកពលករទាំង១៥នាក់បានឆ្លើយថាមេខ្យល់ទាំង០២នាក់ បានសន្យាថានឹងនាំពួកខ្លួនទាំងអស់គ្នាទៅដល់រាក់យ៉ង(ប្រទេសថៃ)បានការងារធ្វើ ទើប កាត់ប្រាក់ខែឈ្នួលម្នាក់ ៣០០០បាតវិញ ការធ្វើដំណើរពុំមានលិខិតឆ្លងដែនទេ លុះដល់ព្រំដែនភូមិក្លិនទា ឃុំសឹង្ហ ត្រូវសមត្ថកិច្ចចាប់បានបញ្ជូនមកវិញតែម្ដង។
ពាក់ព័ន្ធករណីខាងលើនេះមិនទាន់មានការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តសៀមរាបនៅឡើទេ៕SRP