ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៦ខែឧសភាម្សិលមិញ បានជិះម៉ូតូដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យស្ថានភាពទំនប់៧៨ ដែលមានសក្ដានុពលក្នុងការទាញទឹកទន្លេ យកមករក្សា ក្នុងអាងស្តុកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង។
យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកខេត្តសៀមរាបបានឲ្យដឹងថាទំនប់៧៨ មានប្រវែងសរុបជិត៨៧គីឡូម៉ែត្រ គ្រប់ដណ្ដប់លើស្រុកក្រុងចំនួន៥ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប និងអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងជិត០៣ម៉ឺនហិកតា។
តាមការបញ្ជាក់របស់លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកទៀ សីហា អភិបាលខេត្ត ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិករ នៅតាមភូមិឃុំ ក្នុងភូមិសាស្ត្រទំនប់៧៨ អភិបាលខេត្តបានចុះមកពិនិត្យស្ថានភាពនៅតាមខ្នងទំនប់ និងទ្វារទឹកមួយចំនួន ដោយផ្ទាល់ ចាប់ពីស្រុកសូទ្រនិគម រហូតដល់ព្រំប្រទល់ រវាងក្រុងសៀមរាប និងស្រុកពួក។
បើតាមការប៉ាន់ស្មានរបស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ទំនប់៧៨ មានការខូចខាតប្រហែល 50ភាគរយ ដែលទាមទារឲ្យមានសិក្សាជាមុន ដើម្បីរកប្រភពថវិកាសម្រាប់ធ្វើការជួសជុល៕SRP
លោកទៀ សីហា ជិះម៉ូតូចុះពិនិត្យស្ថានភាព អាងស្តុកទឹក ទំនប់៧៨