ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ខែឧសភា ម្សិលមិញបាននាំយកអំណោយសង្រ្គោះបន្ទាន់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនពលរដ្ឋចំនួន៤៣គ្រួសារ មកពី០៣ភូមិ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលរងគ្រោះដោយធម្មជាតិ។
លោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ តែនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកជំទាវបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ។
លោកជំទាវក៏បានធ្វើការណែនាំមួយចំនួន ដើមី្បជាមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនិងបង្កា ការពារ ទប់ស្កាត់នូវរលកទី២ នៃជម្ងឺឆ្លងកូវិដ១៩ ទោះបីមានភាពធូស្រាលពីជម្ងឺកូវិដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ហើយក្នុងពេលថ្មីៗនេះដែរ កម្ពុជាក៏មានអ្នកនាំចូលនូវជម្ងឺកូវិដ១៩ ចំនួន២ករណីទៀតផង។ ទោះបីនៅកម្ពុជាយើងពុំ មានអ្នកស្លាប់ដោយជម្ងឺឆ្លងកូវិដ១៩ក៏ដោយ យើងទាំងអស់គ្នា រួមសហការគ្នាប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវជម្ងឺឆ្លងកូវិដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដោយមិនបានបន្ថូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជម្ងឺកូវីដ១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍។
លោកជំទាវក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំ ប្រមូលផ្តុំគ្នា។ លោកជំទាវក៏បានធ្វើការក្រើនរំលឹកដល់ បងប្អូនត្រូវត្រៀម លក្ខណៈសម្ភារកសិកម្ម ដើមី្បបង្កបង្កើនផលឲ្យបានទាន់រដូវធ្វើស្រែ ចំការ។ ម៉្យាងទៀតក៏ត្រូវមានការប្រុងប្រយ័ត្ន នៅពេលភ្លៀង ខ្យល់ ផ្គររន្ទះ កុំប្រើប្រាស់នូវគ្រឿងអេឡិចត្រូនុច(ទូរស័ព្ទ)ដែលជាចរន្តចម្លង ដែលបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត និងត្រូវចេះថែរក្សា សុខភាព សំខាន់ចំពោះកុមារតូចៗ និង ចាស់ជរា ដែលជាមុខសញ្ញាក្នុងការឆ្លងនៃជម្ងឺកូវីដ១៩ ហើយបើមានកើតនូវ រោគសញ្ញាណាមួយ ក៏ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតខ្លួន។
សូមបញ្ជាក់ថាការចែកអំណោយនេះ
នៅក្នុងបរិវេណសាលាបុណ្យភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប មួយគ្រួសារទទួលបានអង្ករ៣០គីឡូ មី០១កេស ,ត្រីខ០១យួរ , កន្ទេល០១ឃីត០១កញ្ចប់ ,អាវយឺត០២ , ហើយបន្ថែមលើនោះអ្នកផ្ទះរលំ ទទួលបានស័ង្កសី១៦សន្លឹក ថវិកា២០ម៉ឺនរៀល និងគ្រួសារផ្ទះរបើក ដំបូលបន្ថែមនូវស័ង្កសី១០សន្លឹកនិងថវិកា១០ម៉ឺនរៀល។
សូមរំលឹកថាហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីថ្ងៃទី២២ឧសភាឆ្នាំ២០២០បណ្ដាលឲ្យរលំផ្ទះ០៨ខ្នងរបើកដំបូលធ្ងន់ធ្ងរ៣៥ខ្នង៕SRP