ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី២៤ខែឧសភាម្សិលមិញបានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ច្រាំងព្រែកកុយ ប្រវែង២៥០ម៉ែត្រ ដែលគ្រោងសម្រេចឲ្យបានរួចរាល១០០% នៅមុនរដូវទឹកឡើងឆ្នាំនេះ។ការសាងសង់ច្រាំងព្រែកកុយ យោងតាមសំណើររបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំបន្តទៅក្រសួងធនធានទឹកនិងឧតុនិយម ជួយអន្តរាគមន៍ ដើម្បីជាខឿនការពារច្រាំង និងផ្លូវអមតាមមាត់ព្រែកនេះ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត រួមនឹងប្រតិភូអមដំណើរ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារមួយចំនួន ដែលជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរុះរើផ្ទះគេចចេញពីកន្លែងបាក់ច្រាំង ចំនួន២គ្រួសារ នៅឃុំសូរគង និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស៕SRP

