ការទន្ទឹងរងចាំមកដល់ហើយផ្លូវដីក្រហមភ្ជាប់វាងក្រុងសៀមរាបទៅភូមិភ្នំក្រោមត្រៀមសាងសង់​ក្រាលកៅស៊ូឬបេតុង

0

ខេត្តសៀមរាប៖លោកនួន​ ពុទ្ធារ៉ា​ អភិបាលក្រុងសៀមរាប និងជាតំណាងអោយ​ លោកទៀ សីហា​ អភិបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ បានដឹកនាំក្រុមការងារ នៃរដ្ឋបាល​ក្រុងសៀមរាប​ ដោយមានចូលរួមពីលោកចៅសង្កាត់សៀមរាប​ បានបន្តដំណើរដោយថ្មើរជើង​ ពិនិត្យមើលផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប ដើម្បីពិនិត្យមើលស្ថានភាព​ និងលទ្ធភាព ត្រៀមសាងសង់​ ជាប្រភេទផ្លូវក្រាលកៅស៊ូ ឬជាប្រភេទផ្លូវបេតុង ដើម្បីធានា​ និង​ ស្របតាមតម្រូវការប្រើប្រាស់ជាក់ស្តែង​ ក្នុងឆ្នាំ២០២០នេះ។

សូមជម្រាបថា​ យោងតាមរយៈសេចក្តីសម្រេចក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០​នេះ រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាព​ ក្នុងនោះផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប​ ក៏ជាផ្លូវអាទិភាព​ ដែលត្រូវត្រៀមបើកការដ្ឋានសាងសង់ ដើម្បីរួមចំណែក​លើកកម្ពស់​សោភ័ណភាព សុខុមាលភាព​ និង ចៀសវាងការកកស្ទះចរាចរ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ នេះផងដែរ៕SRP