អាជ្ញាធរ​ខេត្តកំពង់ចាម​ ប្រជុំត្រួតពិនិត្យ បណ្តឹង ​របស់​ពលរដ្ឋ នៅ​​តំបន់​ មេទឹកកណ្តៀង

0

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ករណី​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ នៅ​តំបន់​មេទឹក​កណ្តៀង​ ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ឡើងនៅ​សាលា​ខេត្ត​កំពង់ចាម​ ​នាព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២០ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពពាក់ព័ន្ធ​ និងអាជ្ញាធរស្រុកបាធាយផដែរ។

លោក​​​ កែវ​ នា​ឫទ្ធិ​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ជុំវិញ​រឿង​ទំនាស់​នេះ​ ​គឺ​ផ្តេីម​ចេញ​ពី​ការ​លក់​ដូរ​ផ្ទៃដី​មេទឹក​កណ្តៀង​តាំងពី​ឆ្នាំ​២០០៧​ រវាង​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​មួយ​ចំនួន​តូច​ និង​ឈ្មួញ​ ដោយ​មាន​ការ​បោះ​បង្គោល​ធំៗ​ទន្ទ្រាន​ចូល​ ដល់​បាត​មេទឹក​។ ការ​ធ្វើ​ឯកជន​ភាព​ដោយ​មាន​ការ​លក់​ ទិញ​ដី​នៅ​ក្នុង​សហគមន៍​មេទឹក​ ​ដែល​ជា​សម្បត្តិ​សាធារណៈ​ ដោយ​សេរី​ និង​អនាធិបតេយ្យ​ មិន​ត្រឹម​ត្រូវ​ស្របច្បាប់​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​ មួយ​ចំនួន​ធំ​ ក្នុង​ភូមិ​ដែល​បាន​ និង​កំពុង​អាស្រ័យ​ផល​ ពី​មេទឹក​កណ្តៀង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ លើ​ការ​ងារ​ស្រោច​ស្រព​ដំណាំ​កសិកម្ម​ ដាំ​ឈូក​ នេសាទ​ និង​យក​ទឹក​ប្រើប្រាស់​ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ ដែល​មិន​បាន​ឯកភាព​យល់​ព្រម​ និង​មាន​ភាព​មិន​សុខ​ចិត្ត​ទេីប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​។ បច្ចុប្បន្ន​ ទំនាស់នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ដោយសារ​សំណុំរឿង​នៅ​ក្នុង​ដៃ​តុលាការ​ ដោយ​​កន្លង​មក​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ក៏បាន​ចេញ​សេចក្តី​ណែនាំ​ ស្តីពី​ការ​បញ្ឈប់​ការ​ទិញ​ លក់​ និង​ឈូស​ឆាយ​ដី​តំបន់​មេទឹក​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ ជាពិសេស​​នៅ​តំបន់​ស្រុក​បាធាយ​នេះ​ គឺ​ត្រូវ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​លេីដី​សាធារណៈ​របស់​រដ្ឋ​ ផង​ដែរ​។ ​

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​​អ៊ុន​ ចាន់ដា​ ​ បានដាក់ចេញនូវគោលការសំខាន់ៗ ដោយ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ទន្លេ​ថ្នាក់​ខេត្ត​ ពន្លឿន​ការ​វាស់វែង​ ដេីម្បី​ឈាន​ទៅ​ដល់​ការ​កំណត់​ព្រុំ​ ដោយ​មាន​និយាម​ការ​ច្បាស់លាស់​ ក្នុង​ការ​ចុះ​បញ្ជី​មេទឹក​កណ្តៀង​ជា​ផ្លូវការ​ ដើម្បី​អភិរក្ស​មេទឹក​កណ្តៀង​នោះ​ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​សហគមន៍​ ដោយ​គាំទ្រ​តាម​ចំណាត់ការ​របស់​តុលាការ​ផង​ដែរ​៕SRP