អាជ្ញាធរ​ខេត្តកំពង់ចាម​ ចាត់ទុកថា អ្នក ផ្ដល់ឈាម គឺសុទ្ធតែជាវីរៈជន ដែល​មាន​វីរៈភាព ស្នេហាជីវិតមនុស្ស និងសង្គមជាតិ

0

ខេត្តកំពង់ចាម​៖លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត តំណាងលោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា បងប្អូនដែលបានចូលរួមផ្ដល់ឈាម គឺសុទ្ធតែជាវីរៈជន ដែល​មាន​វីរៈភាពស្នេហាជីវិតមនុស្ស និងសង្គមជាតិ ដោយ​បងប្អូនកំពុងរួមគ្នាធ្វើបុណ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស។
ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសចូលរួមបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ក្រោមប្រធានបទ ៖«ផ្ដល់ឈាមផ្ដល់សេចក្ដីស្រឡាញ់» ដែលបានរៀបចំឡេីងនៅសាលាស្រុកព្រៃឈរ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រោម​វត្តមានលោកស្រី តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកព្រៃឈរ​។

នាឱកាសនោះដែរ​ លោកស្រី​ ប៉ាង ដានី និងលោកស្រី តោ ពិឡា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ លោកលោកស្រីបងប្អូនជនរួមជាតិ ទាំងអស់ ដែលបានជួយគាំទ្រ​ក្នុង​យុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ដែល​ជា​ទឹកចិត្ត​មនុស្សធម៌​ ផ្ដល់សេចក្ដីស្រឡាញ់ តាម​រយៈ​ដំណក់ឈាម នៃក្ដីសង្ឃឹម ជាពិសេស បាននឹងកំពុងបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត​ ដើម្បីយកទៅប្រើប្រាស់ ក្នុង​ករណី​សង្គ្រោះបន្ទាន់ និងជួយដល់អ្នកជម្ងឺ ដែលកំពុងខ្វះឈាម និងអ្នកជួបគ្រោះថ្នាក់ផ្សេងៗ ។ ដូច្នេះការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស គឺមានសារៈសំខាន់ណាស់ ពីព្រោះថា ការបរិច្ចាកឈាម គឺដើម្បីបញ្ឈប់បញ្ហាកង្វះឈាម ឬនិន្នាការ នៃការជួញដូរឈាម ដោយខុសច្បាប់ ខណៈដែលតម្រូវការឈាម មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់ប្រមាណពី ១៥%ទៅ២០%។
បើតាមឲ្យដឹង ពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បញ្ជាក់ថា ការប្រារព្ធពិធីផ្ដល់ឈាម នាពេលនេះ ដើម្បី ៖ ១.បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺ ដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង និងមប្រកាន់ជាតិសាសន៍ឬសាសនា ។ និង២.ផ្សាភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ទៅនឹងសកម្មមនុស្សធម៌ ក្នុងសង្គម ។
គូសបញ្ជាក់ដែរថា ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាម នេះដែរ គេសង្កេតឃើញថា មានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម សរុបប្រមាណជា ៣២នាក់ និងទទួលបានឈាមចំនួន៣២ប្លោកផងដែរ៕SRP