នគរបាលខេត្តសៀមរាប ចាប់ខ្លួនថៅកែហាងម៉ាស្សា រស្មីរត្ន័១៦៨ និងរំដោះនារីបំរើផ្លូវភេទ៤នាក់

0

ខេត្តសៀមរាប៖កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីរសៀលថ្ងៃទី១២ខែឧសភាម្សិលមិញ បានចុះបង្ក្រាបករណីបំរើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនថៅកែហាងម្នាក់ និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់។
លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានអោយដឹងថា ទីតាំងហាងម៉ាស្សាយីហោរស្មីរត្ន័១៦៨ ដែលបានចុះបង្ក្រាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ហាងម៉ាស្សានេះបានរកសុីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា។ លោកបន្តថា ក្នុងពេលបង្ក្រាប យើងបានប្រមូលស្រ្តីរកសុីផ្លូវភេទបានចំនួន៤នាក់ ក្នុងនោះមានអនីតិជន អាយុ ១៧ ឆ្នាំម្នាក់ និង ចាប់បានថៅកែម្នាក់ឈ្មោះ ទន់ សារត្ន័ ភេទស្រី អាយុ ៣២ ឆ្នាំ ។ ជាមួយគ្នានោះ ក៏ឆែកឆេររកឃើញវត្ថុតាងស្រោម អនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ។ ជនសង្ស័យគឺបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
លោកនាយការិយាល័យ បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិជាបានអនុញ្ញាតឲ្យស្រីៗរកសុីផ្លូវភេទនៅក្នុងហាងម៉ាស្សារបស់ខ្លួន ដោយបំរើផ្លូវភេទជាមួយភ្ញៀវម្តងតំលៃ ចាប់ពី២៥ $ ទៅ៣០$ ហើយខ្លួនដកយក ១០០០០ រៀល។ ក្រោយពេលសាកសួរ ស្ត្រីរកសុីផ្លូវភេទទាំង៤ នាក់គឺបានបញ្ជូនទៅមន្ទីសង្គមកិច្ចខេត្ត ។ចំណែកស្ត្រីថៅកែហាង បានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ខែឧសភានេះ ដោយចោទប្រកាន់ ពីបទ សញ្ចារកម្ម៕SRP