ខេត្តសៀមរាប៖ម៉ូតូម៉ាកSUZUKI Smash V ចំនួន០៦គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមវត្តមានលោកសៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ការប្រគល់នាព្រឹកមិញនេះនៅមន្ទីរបរិស្ថានខេត្ត ដោយមានការចូលរូមពីលោកង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្ត។
សូមជម្រាបថាការប្រគល់ម៉ូតូខាងលើនេះ គឺសម្រាប់ជាមធ្យោបាយប្រតិបត្តិការងារក្នុងក្របខណ្ឌអនុវត្តន៍គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” របស់ក្រសួងបរិស្ថាន ដែលបានដាក់ឲ្យអនុវត្តន៍នៅក្នុងខេត្តគោលដៅចំនួន ០៧ខេត្ត រួមមាន ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដើម្បីអនុវត្តន៍គម្រោងនេះក្នុងរយៈពេល ០៦ឆ្នាំ (២០២០-២០២៥) ក្នុងគោលបំណងផ្តោតសំខាន់លើការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប៕SRP

