ស្នងការរងខេត្តបន្ទាយមានជ័យ មួយរូបរងការចោទថា
វាយបុរសម្នាក់ក្នុងប៉ុស្តិ៍នគរបាល
មានការចោទប្រកាន់ថា ស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានវាយបុរសម្នាក់ ក្នុងប៉ុស្តិ៍នគរបាលផ្សារក្រោម ខេត្តកំពង់ឆ្នាំង នឹងជេរប្រមាថទៅលើឪពុកម្តាយរបស់បុរសរងគ្រោះ ខណៈដែលបុរសនោះកំពុងត្រូវបានសាកសួរដោយសមត្ថកិច្ចក្រោមពាក្យបណ្តឹងរបស់ប្រពន្ធជនដៃដល់ ដែលបានទាមទារឲ្យជនរងគ្រោះសងប្រាក់កើតចេញពីវិវាទក្នុងការរកស៊ីបើកក្រុមហ៊ុនសន្តិសុខជាមួយគ្នា។
អំពើហិង្សានេះត្រូវបានប្រព្រឹត្តដោយជនដៃដល់នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារក្រោម កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់ពីឈ្មោះឈួន សាលឿន ដែលបានសរសេចែកតាមបណ្ដាញប្រព័ន្ធតេឡេក្រាម។
លោកស្រី ធឿន ចិន្តា ជាប្រពន្ធរបស់បុរសរងគ្រោះបានយំរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ឈ្មោះ ទុន រ៉ាឌី ជានគរបាលពាក់ផ្កាយមួយ បានរំលោភអំណាចដោយវាយដំប្តីរបស់ខ្លួន ឈ្មោះឈួន សាលឿន ក្នុងប៉ុស្តិ៍នគរបាលផ្សារក្រោម ខេត្តកំពង់ឆ្នាំង ខណៈពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារក្រោមកំពុងធ្វើនីតិវិធីសាកសួរជនរងគ្រោះ ក្នុងសំណុំរឿងដែលឈ្មោះ ឈ្មោះ ស៊ឹម សូរិយា ត្រូវជាប្រពន្ធជនដៃដល់បានប្តឹងជនរងគ្រោះពាក់ព័ន្ធនឹងរឿងសហការរកស៊ីជាមួយគ្នា។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានរៀបរាប់បន្ថែមថា ប្តីរបស់ខ្លួនបានសហការគ្នារកស៊ីបើកក្រុមហ៊ុនសន្តិសុខ ឈ្មោះ FBF ប្រចាំក្រុងប៉ោយប៉ែតតាំងពីឆ្នាំ២០២៤ ជាមួយ ឈ្មោះ ឌី ខ្លី ដោយមានភាគហ៊ុនស្មើគ្នា គឺ ៥០% ម្នាក់។ ក្រោយមក ឈ្មោះ ស៊ឹម សូរិយា ដែលជាប្រពន្ធជនដៃដល់ឈ្មោះ ទុន រ៉ាឌី មានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមកចូលរួមសហការជាមួយគ្នាបន្ថែមទៀត តាមការណែនាំរបស់ជនដៃដល់ឈ្មោះ ទុន រ៉ាឌី។ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់ខ្លួនដែលជាជនរងគ្រោះបានដឹកនាំក្រុមហ៊ុនសន្តិសុខនោះក្នុងតួនាទីជានាយកសាខា។
បើតាមព័ត៌មាន នៅថ្ងៃកើតហេតុ វេលាម៉ោង ០៨:១០ នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៦ ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមរយន្ត ក្នុងទីរួមខេត្តកំពង់ឆ្នាំង ស្រាប់តែឈ្មោះ ទុន រ៉ាឌី បាននាំប៉ូលិសប៉ុស្តិ៍នគរបាលផ្សារក្រោម ក្រុងកំពង់ឆ្នាំង មកស្ទាក់ពីមុខរថយន្ត ហើយឃាត់ខ្លួនជនរងគ្រោះភ្លាមៗ ដោយពុំមានបង្ហាញនូវដីការបស់តុលាការ និង បាននាំខ្លួនជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលផ្សារក្រោម។
ព័ត៌មានបានបន្តថា នៅវេលាម៉ោង ០៨:៤៦នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ខណៈពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារក្រោម កំពុងសាកសួរចម្លើយជនរងគ្រោះនោះ ក៏មានឈ្មោះ ទុន រ៉ាឌី បានលូកមាត់ដោយសំដីហិង្សា និងគម្រាមលើជនរងគ្រោះ ហើយថែមទាំងជេរប្រមាថលើម្តាយឪពុករបស់ជនរងគ្រោះដែលនៅជិតនោះ បណ្តាលឲ្យជនរងគ្រោះទ្រាំមិនបានតបតសំដីចំពោះជនដៃដល់វិញ ធ្វើឲ្យជនដៃដល់ឈ្មោះ ទុន រ៉ាឌី បានស្ទុះមកវាយជនរងគ្រោះយ៉ាងកម្រោលចំកណ្តាលមុខនិងរាងកាយជនរងគ្រោះយ៉ាងដំណំ លុះត្រាតែលោកមេប៉ុស្តិ៍ផ្សារក្រោម និង លោកអធិការរងក្រុងកំពង់ឆ្នាំង ចូលមកជួយឃាត់ ទើបឈ្មោះ ទុន រ៉ាឌី នោះ ព្រមបញ្ឈប់សកម្មភាពហិង្សានោះ។
តាមការអះអាងបន្ថែមរបស់ ប្រពន្ធជនរងគ្រោះ បានប្រាប់ទៀតថា ប្តីរបស់ខ្លួនបានដឹកនាំក្រុមហ៊ុនរីកចម្រើន តាំងពីមានបុគ្គលិកត្រឹម៣៤នាក់ រហូតកើនចំនួនដល់៤០០នាក់។ ខ្លួនមិនច្បាស់ថា ដោយសារមូលហេតុអ្វីទេ ទើបជនរងគ្រោះ និង ប្រពន្ធជនដៃដល់បានផ្អាកការសហការរកស៊ីជាមួយគ្នាក្នុងអំឡុងឆ្នាំ២០២៥។ ប៉ុន្តែខ្លួនធ្លាប់ឭការត្អូញត្អែររបស់ជនរងគ្រោះជាប្តីថា ស្ថានភាពសេដ្ឋកិច្ចពិបាក ភ្ញៀវបង់ប្រាក់យឺត ជាហេតុនាំឲ្យខ្វះប្រាក់បើកប្រាក់ខែឲ្យបុគ្គលិក។ ប្រពន្ធជនរងគ្រោះបានរៀបរាប់ទាំងក្តុកក្តួលថា ប្តីរបស់ខ្លួនធ្វើការហត់ណាស់ដើម្បីក្រុមហ៊ុន មិនដែលកេងប្រវ័ញ្ចក្រុមហ៊ុនទេ មានតែចេញលុយខ្លួនឯងបន្ថែមដើម្បីដោះស្រាយលើការចំណាយរួមរបស់ក្រុមហ៊ុន មិនគួរណាជនដៃដល់ប្រើហិង្សាមកលើប្តីរបស់ខ្លួន និង ឲ្យតុលាការចាប់គាត់ឃុំខ្លួនបណ្តោះអាសន្ន ដោយសារតែរឿងជំពាក់ប្រាក់នោះទេ។
ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ បានសាកសួរព័ត៌មានបឋមពី ក្រុមមេធាវី អាស៊ី កម្ពុជា ដែលបានចាត់តាំងឲ្យ លោកមេធាវី ធិន ប៊ុនថាន និងលោកស្រីមេធាវី សេង វួចធី ជាមេធាវីការពារជនរងគ្រោះនៃអំពើហិង្សាខាងលើ បានបញ្ជាក់ថា បច្ចុប្បន្នកូនក្តីរបស់គាត់ត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យចោទប្រកាន់ ពីបទរំលោភលើទំនុកចិត្ត តាមបណ្តឹងរបស់ឈ្មោះ ស៊ឹម សូរិយា និង កំពុងស្ថិតក្នុងការឃុំខ្លួនជាបណ្តោះអាសន្នតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកនិងលោកស្រីមេធាវី បានបញ្ជាក់ថា កូនក្តីរបស់ខ្លួន និង ក្រុមគ្រួសារបានស្នើសុំតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និងបានទាមទាររកយុត្តិធម៌ដោយស្នើឲ្យមេធាវីជួយរៀបចំបណ្តឹង និងចាត់វិធានការតាមផ្លូវច្បាប់ ព្រមទាំងសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ ដើម្បីឲ្យជនដៃដល់និងបក្ខពួកទទួលខុសត្រូវចំពោះអំពើហិង្សា និងការជេរប្រមាថ មកលើជនរងគ្រោះ និងក្រុមគ្រួសារឲ្យខាងតែបាន។
ឆ្លើយតបតាមប្រព័ន្ធតេឡេក្រាម លោកស្រីស៊ឹម សូរិយា ជាដើមបណ្ដឹងបានបញ្ជាក់ប្រាប់សារព័ត៌មានសៀមរាបរាប ប៉ុស្តិ៍ ថា ករណីនេះជានីតិវិធីរបស់តុលាការ ប្រសិនជនដែលត្រូវចោទមិនមាន ពិរុទ្ធជននោះតុលាការក៏មិនអាចឃុំខ្លួនបាននោះដែរ។ ជាមួយគ្នានេះដែរ លោកទុន រ៉ាឌី ស្នងការរងខេត្តបន្ទាយមានជ័យ ស្វាមីរបស់លោកស្រី ស៊ឹម សូរិយា ដែលរងការចោទប្រកាន់ថា បានប្រើហិង្សាទៅលើឈ្មោះឈួន សាលឿន នៅខេត្តកំពង់ឆ្នាំងនោះ លោកបានបដិសេធច្រានចោលទាំងស្រុងដោយបញ្ជាក់ថា រូបលោកមិនបានប្រើអំពើហិង្សាដូចការចោទប្រកាន់របស់ឈ្មោះឈួន សាលឿន នោះទេ ហើយលោកទៅដល់ខេត្តកំពង់ឆ្នាំងនោះស្លៀកពាក់ស៊ីវិលក្នុងនាមជាស៊ីវិល។
លោកទុន រ៉ាឌី បន្តអះអាងថា ប្រសិនជាលោកប្រើអំពើហិង្សាលើឈ្មោះឈួន សាលឿន មែននោះប្រាកដជាមានរូបថតនៃស្នាកស្នាមហើយ ដោយឈ្មោះឈួន សាលឿន ក៏បានប្រើប្រាស់ទូរស័ព្ទតាំងពីនៅខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តបន្ទាយមានជ័យផងដែរ ដូច្នេះការចោទប្រកាន់បែបនេះលោកសុំបដិសេធថាជារឿងមិនពិត៕SRP