ប៉ូលិសក្រុងសៀមរាបចាប់បុរសម្នាក់ករណីលួចម៉ូតូ

0

ប៉ូលិសក្រុងសៀមរាបចាប់បុរសម្នាក់ករណីលួចម៉ូតូ

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុល សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទ្រាំង ឃុំស្លក្រាម ស្រុក.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ,ទូរស័ព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលក្រុងសៀមរាបបានបន្តថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦ មានជនរងគ្រោះចំនួន៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤ និង៤០នាទី ថ្ងៃដដែល មានករណីអំពើលួច (ម៉ូតូ និងទូរស័ព្ទ)។ ក្រោយពីទទួលពាក្យបណ្ដឹង បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង៩ និង០០នាទី ថ្ងៃដដែល នៅចំណុចតាមបណ្ដោយផ្លូវ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ (រួមទាំងវត្ថុតាងម៉ូតូចំនួន០១គ្រឿង,ទូរសព្ទចំនួន០១គ្រឿង) និងស្រាវជ្រាវរកឃើញម៉ូតូ១គ្រឿងទៀត និងយកមកធ្វើការសាកសួរបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះទាំង៣នាក់ខាងលើពិតប្រាកដមែន ។

វត្ថុតាងដកហូតរួមមាន ម៉ូតូជនរងគ្រោះចំនួន០២គ្រឿង និងទូរសព្ទដៃចំនួន០១គ្រឿង របស់ជនរងគ្រោះ តួណឺវីសចំនួន១ដើម កូនសោម៉ូតូចំនួន១ កាបូបស្ពាយចំនួន១។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕SRP