សមត្ថកិច្ចចំរុះបង្ក្រាបបទល្មើសព្រៃឈើចំនួន២ករណីនៅស្រុកស្វាយលើ រឹបអូសរថយន្តពីរគ្រឿងនិងគោយន្តកន្ត្រៃមួយគ្រឿង
ខេត្តសៀមរាប៖ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តសៀមរាបបានចំនួន ២ករណី ដោយសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើស្វាយលើនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយលើ។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបលោកម៉ុង ប៊ុនលីម បានបង្ហាញថា ករណីទីមួយ នៅវេលាម៉ោង ២១និង៣០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ។
សម្ភារៈដកហូតរួមមាន%
១- រថយន្ត ០១ គ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611
– ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប។
២- រថយន្ត ០១ គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ។
– ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤០ ដុំ ស្មើនឹង ០,៥៤៦ ម៉ែត្រគូប។
លោកម៉ុង ប៊ុនលីម បានបន្តថា នៅវេលាម៉ោង ០០:៣០ នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។
សម្ភារៈដកហូតរួមមាន%
– គោយន្តកន្រ្តៃ ០១ គ្រឿង
– ឈើលេខ៣(ប្រាំដម្លឹង)ចំនួន ៤៧ ដុំ ស្នើនឹង ១,៥១៤ ម៉ែត្រគូប។
សូមជំរាបថាវត្ថុតាងដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានត្រូវបានអនុវត្តតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕SRPហាមចម្លងអត្ថបទដោយគ្មានការអនុញ្ញាត