‎ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង

ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង

‎ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំ និងផ្ដាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការទាំងអស់ នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារយុត្តិធម៌ ជាពិសេសការងារអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាព។

‎ឯកឧត្តម កើត រិទ្ធ បានជំរុញដោយផ្ដោតសំខាន់លើចំណុចគន្លឹះមួយចំនួនដូចជា ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។ ត្រូវពង្រឹងគុណភាពនៃការចាត់ការសំណុំរឿងឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី។ ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម សាលដីកាឱ្យបានឆាប់រហ័ស ត្រឹមត្រូវតាមក្បួនខ្នាត ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។

‎ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញបន្ថែមមួយចំនួនទៀត ដោយក្នុងនោះ ត្រូវបន្តចូលរួមយ៉ាងសកម្ម និងស្វាហាប់ ក៏ដូចជាផ្ដល់កិច្ចសហការពេញលេញ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជាមួយគ្នានេះ ក៏សូមឱ្យមន្ត្រីទាំងអស់ ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។

‎ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយបញ្ហា ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ។

‎សូមជម្រាបថា ឯកឧត្តម សៀង សុខ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ដែលត្រូវផ្លាស់ប្ដូរទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

‎មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងអយ្យការអមសាលាដំបូងខេត្ត ដែលកន្លងមកមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យខេត្តសៀមរាប ទទួលបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរព្រមទាំងបានសម្រេចស្នាដៃធំៗជាបន្តបន្ទាប់ក្នុងការស្វែងរកយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ៕SRP

‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ អ៊ុន ណារាជ្យ
ដោយមន្ទីរព័ត៌មានខេត្តសៀមរាប