​អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មី​​ សាងសង់សម្រេចបានប្រមាណ៨០%

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា នៅព្រឹកមិញនេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) ដែលសម្រេចបានប្រមាណ80% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ​2026។

ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​ការងារជាង​ ធ្វេីយ៉ាងណា​ត្រូវ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ ប្រកបដោយស្តង់ដារបច្ចេកទេសម ជាពិសេស​ត្រូវ​រៀបចំរចនាបទ និងសោភ័ណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួន ឱ្យ​បាន​ឆាប់​រួចរាល់​​ ដេីម្បី​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​នៅ​មុន​ពេល​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្ខ្មែរ ឆ្នាំ2026 ខាងមុខ។

គួរ​បញ្ជាក់ផងដែរថា អាគារ រដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​) ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់​ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុង​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ ការងារជួសជុល កែលំអ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្ត ព្រមទាំងចុះសួរសុខទុក្ខមន្ត្រីកំពុងបំពេញការងារនៅទីនោះ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅក្រៃលែង៕SRP