ស្រវឹងស្រាទំនាស់ជាមួយប្អូន ម្តាយចូលទៅឃាត់យកកាំបិតតាំងតោកាប់បណ្តាលឲ្យរបួសធ្ងន់
ខេត្តសៀមរាប៖ជនដៃដល់ដែលបានធ្វើសកម្នភាពកាប់ម្ដាយបង្កើតកាលពីល្ងាចម្សិលមិញត្រូវបានចាប់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាឲ្យលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់
ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ (កាប់ម្តាយដោយកាំបិតតាំងតោ)។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា កាលពីថ្ងៃទី១៤ ខែកវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៧,០០នាទី នៅចំណុចបន្ទប់ជួល ក្នុងផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ (កាប់ម្តាយដោយកាំបិតតាំងតោ) បង្កឡើងដោយជនសង្ស័យឈ្មោះ កៃ កេង បានផឹកស្រាស្រវឹងហើយ ឈ្លោះពាក្យសំដីជាមួយប្អូនរបស់ខ្លួន បន្ទាប់មកជនរងគ្រោះឈ្មោះ ហ.ស.ធ ដែលជាម្តាយបានចូលទៅឃាត់ជនសង្ស័យ តែក៏ត្រូវជនសង្ស័យយកកាំបិតតាំងតោ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាម្តាយត្រូវក្បាលចំនួន៣កន្លែងដេរជាច្រើនថ្នេរ និងកាប់ត្រូវម្រាមដៃខាងឆ្វេង រយះកូនដៃ និងនាងដៃ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួន។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២,៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានកាប់ទៅលើម្តាយពិតមែន ចំណែកកាំបិតខ្លួនបានបោះចោល( មិនចាំកន្លែងបោះចោល )។
ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៃ កេង ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។(ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលចំនួន១លើករយៈពេល៣ខែ)។
វត្ថុតាងដកហូតបាន គ្មាន
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕SRP