ប៉ូលិសផ្កាយ២គង់​ វុទ្ធី ចូលបំភ្លឺ ករណីយកលុយ​២លាន​ដុល្លារ​ រត់ការមិនបានសម្រេច

ប៉ូលិសផ្កាយ២គង់​ វុទ្ធី ចូលបំភ្លឺ ករណីយកលុយ​២លាន​ដុល្លារ​ រត់ការមិនបានសម្រេច

ភ្នំពេញ៖តាមរយៈបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាបន្តបន្ទាប់ថានៅព្រឹក​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អគ្គនាយករងនៃអគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​ បានចូល​ខ្លួន​បំភ្លឺដល់​ក្រុមប្រឹក្សា​វិន័យ​ នៃ​ អគ្គ​នាយកដ្ឋានអត្តសញ្ញាណកម្ម​ ពាក់ព័ន្ធ​ករណី​យកលុយ​ជនរងគ្រោះ​ ២លាន​ដុល្លារ​ ដេីម្បី​រត់ការការងារ​មិនបានសម្រេច​ហើយបែជាមិនព្រមប្រគល់លុយ​ជូន​ជនរងគ្រោះវិញ​។

ករណីនេះលោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ បាន​បដិសេដ​មិនបាន​ឆបោក​ជនរងគ្រោះ​ ដូច​សារ​ព័ត៌មាន​បានផ្សាយនោះទេ​ តែ​បាន​ទទួលស្គាល់ថា​ នៅ​ខ្វះ​លុយ​ជនរងគ្រោះ​ប្រមាណ​ ២លានដុល្លារ​ពិត​ប្រាកដមែន​។ ជាមួយគ្នានេះដែរជនរងគ្រោះ​ នឹង​ចូល​បំភ្លឺនៅ​ អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយក​ឯកសារ​ជា​ភស្តុតាង​ទៅជាមួយផង​ដែរ។ នៅ​រសៀលថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ នេះ​ អគ្គាធិការដ្ឋាន​ ក្រសួង​មហាផ្ទៃ​ ក៏បាន​អញ្ជេីញ​លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ ទៅបំភ្លឺផងដែរ​។

សូមជម្រាបថា លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាន​ទទួល​ប្រាក់​ចំនួន​ ២លាន​ដុល្លារ​ ដេីម្បី​រត់​ការ​ការងារ​អោយ​ជនបរទេស​។ ប៉ុន្តែចាប់​តាំង​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ទទួល​បានលុយ​ពី​ជនរងគ្រោះ​ហើយ​ មានរយះពេល​ជាង​ ១ឆ្នាំ​ហើយ​ លោក​មិនបាន​ធ្វើ​ការ​អោយជនរងគ្រោះ​បានសម្រេច​ទេ​ ហេីយ​លុយ​ ២លាន​ដុល្លារ​ ក៏​មិនព្រម​ប្រគល់​ជូន​ជនរងគ្រោះ​វិញដែរ។

ជុំវិញការបែកធ្លាយរឿងអាស្រូវរត់ការមិនបានសម្រេចនេះ ពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP