បង្ក្រាបបារីម៉ាកអុីសេ ក្លែងក្លាយ នៅខេត្តសៀមរាប ដោយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

បង្ក្រាបបារីម៉ាកអុីសេ ក្លែងក្លាយ នៅខេត្តសៀមរាប ដោយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

ខេត្តសៀមរាប៖តៃកុងរថយន្តនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមពិធីច្បាប់ក្នុងករណីចែកចាយបារីក្លែងក្លាយ។

លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង​ ៨និង៣០ នាទីថ្ងៃទី១៥ ខែ​តុលា​ ឆ្នាំ២០២៥​ នៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ដោយកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការអនុញ្ញាតពីសំណាក់ លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពីឯកឧត្តម មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប។

លោកឧត្តមសេនីយ៍ត្រីសឿន សេន បានបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះឃាត់រថយន្តហុីយ៉ាន់ដាយ (Hyundai) មួយគ្រឿង ពាក់ពន្ធនឹងករណីចែកចាយបារីម៉ាកអុីសេ ESSE ក្លែងក្លាយ ដែលម្ចាស់រថយន្តមានឈ្មោះ ជីប ចន្ថន អាយុ៣៨ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ត្រី សឿន សេន ក្នុងករណីនេះកម្លាំងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើចំណាត់ការ៖

-ឃាត់ជនសង្ស័យ១នាក់
-ឃាត់ទុករថយន្ត ១គ្រឿង
– បារី ESSE ក្លែងក្លាយ ចំនួន២៤០សុង និង៥កញ្ចប់
-ទូរស័ព្ទ ២គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់ជាធរមាន៕SRP