លោកផែង វណ្ណៈ លាតត្រដាងអំពើពុករលួយប្រធានមន្ទីរសុរិយោដីខេត្ត​តាកែវ​ និងបក្សពួក

លោក ផែង វណ្ណៈ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនលាតត្រដាងអំពើពុករលួយ ប្រធានមន្ទីរសុរិយោដីខេត្ត​តាកែវ​ និងបក្សពួក។

ការលាតត្រដាងឲ្យនូវអំពើពុករលួយនៅថ្ងៃទី 15 ខែតុលា ឆ្នាំ 2025 នេះ តាម account facebook ផ្ទាល់ខ្លួន ហើយត្រូវបានចែកចាយជាសាធារណៈ។

នៅក្នុងសារលោកផែង វណ្ណៈ បានសរសេរថា៖ អ្នកសារព័ត៌មាន​ចាប់​បានចោរគប់គិតគ្នា​លួចធ្វេីប្លង់​គ្របលេីដីរដ្ឋ​ (ស្ទឹងស្លាគូរ)​ ស្ថិតនៅ​ភូមិ​ ត្រពាំងពោធិ​ ឃុំ​ ជាងទង​ ស្រុក​ ត្រាំកក់​ ខេត្ត​ តាកែវ​ ! ។

លោក ផែង វណ្ណៈបានបន្តថា រឿង​លោក​នួន​ សុធា​ ប្រធានមន្ទីរ​សូរិយោដី​ ខេត្ត​តាកែវ​ និង​ លោក​ លន់​ ហួត​ ប្រធាន​សូរិយោដី​ស្រុក​ ត្រាំកក់​ គប់គិតគ្នា​លួច​ធ្វេីប្លង់​គ្រប់លេីដីរដ្ឋអោយ​ឈ្មួញ​ឈ្មោះ​ លី​ សម្បត្តិ​ កំពុងបែក​ពាង​ប្រហុកហេីយ​។ បន្ទាប់​ពី​សារ​ព័ត៌មានផ្សាយ​គេសង្កេតឃេីញ​ អភិបាលខេត្ត​ និង​ ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក​ ចុះទៅ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​ ឃេីញថា​ ពិត​ជា​រំលោភយកដីរដ្ឋមែន​។ ហេតុនេះហេីយ​ ទេីប​អភិបាលខេត្ត​បញ្ជាអោយវាយ​កំទេចរបងដែលសង់​រំលោភយកដី​ស្ទឹងស្លាគូរ​ប្រវែង​ ១៤៨​ ម៉ែត្រ​ ចោលវិញ​។

លោកបានសរសេរបន្តថា នៅ​ខេត្ត​តាកែវ​ អ្នកណាក៏ដឹងថា​ នួន​ សុធា​ ប្រធាន​មន្ទីរ​សូរិយោដីខេត្ត​តាកែវ​ ជា​មេក្លោងពុករលួយដែរ​ អោយតែមានលុយអោយគាត់​ ដីរដ្ឋក៏នួន​សុធា​ធ្វេី​ប្លង់បានដែរ​។ ចំណែក​ លន់​ ហួត​ ជំនាញ​កសាង​ប្លង់ពីក្រោមទៅលេី​ភូតកុហកថ្នាក់លេីយកដីរដ្ឋមកធ្វេី​ជា​កម្មសិទ្ធិឯកជន​។

តេី​កំហុស​មហាលបែបនេះ​ តេី​មន្ត្រី​ទាំង២នាក់នេះ​គួរតម្លេីងតួនាទី​បន្ថែម​ ឬ​ យ៉ាងណា​ ? ពេល​វេលា​ងូតទឹកដុះក្អែលគ្រប់គ្រាន់ហេីយ​ ពេលនេះ​ល្មមដល់ពេល​វះកាត់ហេីយ​ មន្ត្រីលួចជាតិបែបនេះ​មិនគួរទុកទេ​។

ជុំវិញការបង្ហោះសារលាតត្រដាងនូវអំពើពុករលួយរបស់ប្រធានមន្ទីរសុរិយោដីខេត្តតាកែវនិងបក្សពួកបែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍មិនទាន់ទទួលបានការបំភ្លឺពីប្រធានមន្ទីរសុរិយោដីខេត្តតាកែវនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP