រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះពិនិត្យការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត

0

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះពិនិត្យសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការចុះត្រួតពិនិត្យនៅព្រឹកមិញនេះ អមដំណើរ  ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

នាឱកាសចុះពិនិត្យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងគណៈគ្រប់គ្រងសាលា សូមបន្តចុះត្រួតពិនិត្យតាមដានក្នុងការអនុវត្តគម្រោងខាងលើឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យសំណង់ខាងលើមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង។

បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា បានឲ្យដឹងថា សាលាមានលោកគ្រូ អ្នកគ្រូ សរុប ៣២ ស្រី ២៥ និង សិស្សសរុប ១៣២៥ ស្រី ៦៧៧។ ដោយឡែកសំណង់ដែលត្រូវបានកសាងថ្មី រួមមានៈ អាគារសិក្សាថ្មី ៣ខ្នង ២ជាន់ ៣០បន្ទប់, ទីចាត់ការ១ ២បន្ទប់, បណ្ណាល័យ១ខ្នង, ក្លោងទ្វារ-របងសាលា រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ជាង ៩០%ហើយ។

គួររំលឹកថា សាលាបឋមសិក្សា ព្រៃទទឹង ត្រូវបាន ក្រសួងអប់រំយុវជន និងកីឡា ប្រកាសទទួលស្គាល់ជាសាលាគំរូ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤៕SRP