ក្រុមក្មេងដើរលើសម៉ោងសារភាពថា ការដកខ្សែក្រវ៉ាត់កាន់នឹងដៃគឺដើម្បីការពារខ្លួន
ខេត្តសៀមរាប៖ក្រុមក្មេងទំនើង០២ មានគ្នា ចំនួន២៦នាក់ ក្នុងនោះស្រី៨នាក់ ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ពិសេស បានសហការជាមួយកម្លាំងការិយាល័យជំនាញនិងអធិការដ្ឋាននគបាលក្រុងសៀមរាប ធ្វើការឃាត់ត្រួតពិនិត្យ ដើរហើរជាលក្ខណៈជាក្រុមលើសម៉ោង(ម៉ោង២ ម៉ោង៣ )មកធ្វើការត្រួតអប់រំ។
លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ ស្នងការរងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ក្រុមក្មេងទំនើងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ចំណុចខាងកើតស្ពានថ្មព្រះរាជដំណាក់ ក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅគល់ប្រគល់ជូនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវតាមនីវិធី។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តថាកម្លាំងការរិយាល័យជំនាញបានសួរលើបុគ្គលដែលមានកាន់ខ្សែក្រវ៉ាត់នៅក្នុងដៃជាក់ស្ដែងលើ ឈ្មោះ វាន់ វិសុទ្ធ (អ្នកកាន់ខ្សែក្រវ៉ាត់ និងជិះកណ្ដាល)បានសារភាពថា នៅវេលាម៉ោងម៉ោង៤:០០ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ខ្លួននិងបក្ខពួក២នាក់ទៀត ឈ្មោះ ព្រាន ប្រុស (អ្នកបើកម៉ូតូ) និងឈ្មោះ កុង សីហៈ(អ្នកជិះក្រោយ) បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ផ្លាកលេខ សៀមរ4423 ធ្វើដំណើរទៅរកញ៊ាំបបរសរនៅមុខផ្សារលើធំថ្មី ពេលជិះតាមផ្លូវក៏មានក្មេងទំនើង២ម៉ូតូជិះតាមពីក្រោយពួកខ្លួន ទើបខ្លួនលូកដៃទាញយកខ្សែក្រវ៉ាត់ពីចង្កេះរបស់ឈ្មោះ ព្រាន ប្រុស រួចមួលកាន់នឹងដៃ ដាក់នៅខាងមុខខ្លួន ប្រឡោះភ្លៅ ដើម្បីទុកការពារខ្លួន លុះជិះដល់ចំណុចខាងកើតស្ពានព្រះរាជដំណាក់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
ឈ្មោះ មឿន ដារ៉ាយុទ្ធ បានសារភាពថា ខ្លួននិងឈ្មោះ ប៉ា រិទ្ធរដ្ឋមុនី បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream 125cc ពណ៌ខ្មៅ ស៊េរី២០២៣ ផ្លាកលេខ សៀមរាប 1AP-9873 ចេញពីក្លឹបកំសាន្តក្លាស៊ីច ពេលជិះដល់ម្ដុំផ្លូវមាត់ស្ទឹងខាងកើតមុខកាហ្វេប្រោន ស្រាប់តែមានក្មេងទំនើង៣ម៉ូតូជិះតាមពីក្រោយពួកខ្លួន ទើបខ្លួនដកខ្សែក្រវ៉ាត់ពីចង្កេះ មូលកាន់នឹងដៃលូកចូលក្នុងអាវ ទុកសម្រាប់ការពារខ្លួន បន្ទាប់មកក្មេងទំនើង៣ម៉ូតូបានជិះបង្ហួសពួកខ្លួនទៅបាត់ ហើយពួកខ្លួនក៏បន្តជិះទៅមុខទៀត លុះដល់ចំណុចខាងកើតស្ពានព្រះរាជដំណាក់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បើតាមអ្នកនាំពាក្យស្នងការនគរបាលខេត្តសៀមរាប
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បញ្ជាក់ថាដោយខេត្តសៀមរាបជាខេត្តទេសចរណ៍ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងបង្កាទប់ស្កាត់មិនអោយបទល្មើសកើតឡើង ក្នុងក្រុងសៀមរាប លោកឧត្ដសេនីយ៍ទោ ហួត សុធី បានសុំគោលការណ៍ទៅឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការអប់រំ ឯកឧត្ដមព្រះរាជអាជ្ញា បានសម្របសម្រួល ឱ្យហៅអាណាព្យាបាលមកធានាទាំងមនុស្សនិងមធ្យោបាយត្រឡប់ទៅផ្ទះវិញដើម្បីធ្វើការអប់រំបន្ត។
សូមជម្រាបថា ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាររបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការចង្អុលបង្ហាញរបស់ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តសៀមរាប និងការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP