ម្ចាស់ឈើ មន្ត្រីចុះចាប់ឈើរបស់ខ្លួនហើយនៅសើចបានទៀត!

ខេត្តសៀមរាប៖ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី សឿន សេន បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះត្រួតពិនិត្យការធ្វើសន្និធិឈើមូលចម្រុះ។

ការចុះបង្ក្រាបនៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅដីឡូត៌មួយកន្លៃងនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះ សាយ មេសា អាយុ ៥៥ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី សឿន សេន បានបន្តថា ប្រតិបត្តិការ បង្ក្រាបនេះកម្លាំងចម្រុះ បានធ្វើចំណាត់ការ៖ ចាប់យកឈើមូលចម្រុះលេខ១ (ផ្ចឹក សុក្រំ ឈ្លីក ក្រឡាញ់ កកោះ ) ចំនួន៤៩ដើម ស្មើ ៧ ម៉ែត្រត្រីគុណ ៨៩៧ គ្មានច្បាប់អនុញ្ញាតពីមន្រ្តីជំនាញ ដើម្បីអនុវត្តតាមនីតិវិធីតាមច្បាប់ ស្តីពីព្រៃឈើ៕SRP