អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិនេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាពលរដ្ឋដោយគិតថ្លៃ នៅបរិវេណសាលាបឋមសិក្សាស្រះកកោះ ស្ថិតក្នុងភូមិកកោះ ឃុំសណ្តែក​ ស្រុកបាធាយ​ ដើម្បីការពារនូវជម្ងឺ ឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោម កិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់​បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ​​ ។

បើយោងតាមលោកស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាន ឱ្យដឹងថា នៅឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន ១ ៨៨៩ក្បាល និងក្របី ១ ២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះមាន​ គោចំនួន ៦១៣ក្បាល និងក្របីចំនួន ៩៩១ក្បាល។​ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ​វិញ គឺតែងតែធ្វើឡើងជាប្រចាំ​ នារដូវទឹកឡើង​ ដោយ​មិន​​តម្រូវ​ឱ្យ​​ប្រជាពលរដ្ឋ​បង់ប្រាក់​​ឡេីយ​៕SRP