ខេត្តសៀមរាប៖លោក ឌី រ៉ាដូ បានសង្កត់ធ្ងន់ថា សេវាករអគ្គិសនី តាមបណ្ដាស្រុក ត្រូវពន្លឿនការងារដំឡើងបង្គោលភ្លើងថ្មីឱ្យបានឆាប់រហ័ស ស្របតាមផែនការដែលបានដាក់ជូននៅទីតាំងដែលរដ្ឋបាលខេត្តបានសម្រេចអនុញ្ញាត ឱ្យពង្រីក ព្រោះការពន្យារពេលកំពុងធ្វើឱ្យប្រជាពលរដ្ឋបន្តរង់ចាំ និងជួបការលំបាកក្នុងការប្រើប្រាស់ចរន្តអគ្គិសនី។ ជាមួយគ្នានេះ សូមឱ្យសេវាករទាំងអស់បំពេញការងារនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ ផ្ដល់សេវាលឿនរហ័ស ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះការផ្ដល់សេវាអគ្គិសនីជាកត្តាគន្លឹះក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។
លោក ឌី រ៉ាដូ មានប្រសាសន៍បែបនេះ ក្នុងឱកាស តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដាក់ផែនការដោះស្រាយសំណូមពរពលរដ្ឋដែលបានលើកឡើងតាមរយៈវេទិកា និងក្រុមការងារក្រុមប្រឹក្សាខេត្ត នៅថ្ងៃម្សិលមិញ។
នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប និងក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេលោក ឌី រ៉ាដូ បានជំរុញដល់អាជ្ញាធរមូលដ្ឋានរួមនឹងសេវាករអគ្គិសនីទាំងអស់ត្រូវ “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ” លើកិច្ចការងារផ្ដល់សេវាអគ្គិសនី។
លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យបញ្ជីឈ្មោះភូមិ និងពាក្យស្នើសុំដែលបានចុះពិនិត្យទីតាំងរួចហើយ ប៉ុន្តែមិនទាន់បានអនុវត្តគម្រោងដំឡើងបង្គោលភ្លើង ដើម្បីបម្រើផលប្រយោជន៍ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងបន្តតាមដាន និងវាយតម្លៃ លើការអនុវត្តសេវាកម្មនេះជាប្រចាំ ហើយក្នុងករណីរកឃើញមានការធ្វេសប្រហែស ឬមិនអនុវត្តតាមគោលការណ៍ដែលបានកំណត់ អាជ្ញាធរនឹង ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សូមជម្រាបថា សម្រាប់វេទិកាកន្លងមក មានប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរមួយចំនួនពាក់ព័ន្ធនឹងអគ្គិសនី រួមមាន៖ ស្នើសុំភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នៅភូមិថ្មី, ស្នើសុំឱ្យសេវាករជួយដាក់បង្គោលភ្លើងថ្មីជំនួសបង្គោលចាស់ ដើម្បីកុំឱ្យខ្សែភ្លើងនៅទាបដែលអាចនាំឲ្យមានគ្រោះថ្នាក់, ដោះស្រាយបញ្ហាភ្លើងមានកម្លាំងខ្សោយ, ស្នើសុំឱ្យជួយតបណ្ដាញអគ្គិសនីរដ្ឋ សម្រាប់ប្រើប្រាស់នៅក្នុងភូមិដែលសព្វថ្ងៃប្រើប្រាស់ភ្លើងឯកជនដែលមានតម្លៃថ្លៃពេក។
ពាក់ព័ន្ធនឹងបញ្ហា និងសំណូមពរទាំងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករអគ្គិសនីបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងនោះក៏សុំឱ្យម្ចាស់លំនៅដ្ឋានសម្រួលដល់ការប៉ះពាល់ដើមឈើ ឬទ្រព្យសម្បត្តិរបស់ពួកគាត់នៅពេលដាំបង្គោលភ្លើង។ ក្នុងនោះសេវាករបាននិងកំពុងធ្វើការកែសម្រួលបង្គោល និងប្រអប់នាឡិកាស្ទង់លើកឱ្យបានខ្ពស់ផុតពីដៃក្មេង ដើម្បីចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ដោយបានចាប់ផ្ដើមអនុវត្តកែសម្រួលបង្គោលជាបណ្ដើរៗផងដែរ៕SRP