អភិបាលខេត្តកំពង់ចាម៖ កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែ ទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ ខេត្តកំពង់ចាម ពោលគឺជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យ កាន់តែច្រើនថែមទៀត។

ថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម​ នៅព្រឹកម៉ិញនេះ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព​ បង្កើតកញ្ចប់ទេសចរណ៍​ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គ​ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡេីង​។

ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញដងទន្លេមេគង្គ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស រួមទាំងការជំរុញការផលិត ផលិតផល ទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេចរណ៍ សំដៅជំរុញការនាំចេញ​ នៅនឹងកន្លែង ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ។

អភិបាលខេត្តកំពង់ចាម​ បានសង្កត់ធ្ងន់ថា​ ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា យើងទាំងអស់គ្នា ត្រូវតែប្រកាន់ខ្ជាប់ថា ការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព​ ដោយមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់ យើងបានឡើយ​។

ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ នៃក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងទេសចរណ៍, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង, តំណាងរដ្ឋបាលខេត្តព្រៃវែង, តំណាងរដ្ឋបាលខេត្តក្រចេះ, តំណាងរដ្ឋបាលខេត្តស្វាយរៀង រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ, យុវជន, លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕SRP