ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង បានមានប្រសាសន៍ថា ខេត្តសៀមរាប មានក្រុមហ៊ុននិងអាជីវកម្មទឹកស្អាតឯកជនចំនួន១០.មូលដ្ឋាន កំពុងដំណើរការយ៉ាងរលូនដើម្បីជួយដល់សហគមន៍មូលដ្ឋាន។ កន្លងមកអាជ្ញាធរខេត្ត បានពិនិត្យមើលការផ្គត់ផ្គង់ទឹកស្អាតរបស់សហគមន៍ និងបានកំណត់សម្រេចលើគោលការណ៍ច្បាប់ ក្នុងការផ្ទេរអាជីវកម្មទៅឱ្យឯកជនវិញ ចំពោះសហគមន៍ណាដែលបំពេញកិច្ចការមិនបានរលូនល្អ។ លោកក៏បានដាក់ចេញនូវការរឹតបន្តឹងទៅលើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ ដោយសម្រេចថា ប្រសិនបើសហគមន៍ណាមួយមិនអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទេ គឺត្រូវផ្ទេរអាជីវកម្មឱ្យទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនវិញ ដែលនេះជាវិធានការមួយដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDG 6) ត្រឹមឆ្នាំ២០៣០។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរូមពីមន្ទីរ អង្គភាពពាល់ព័ន្ធ នុងក្រុមការងារជំនាញ។
ឯកឧត្តម អ៊ុំ សុថា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់គាំទ្រដល់វិស័យទឹកស្អាត និងបង្កលក្ខណៈដល់ប្រតិបត្តិករទាំងអស់ ទាំងរដ្ឋ និងឯកជន។ ឯកឧត្តម លើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ទឹក» ត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី៣ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ រួមមាន៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ រាជរដ្ឋាភិបាលកំពុងជំរុញឱ្យសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០។
ឯកឧត្តមបានបន្តថា ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រងនិងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ហើយរដ្ឋអាចផ្តល់សិទ្ធិជូនវិស័យឯកជន ដើម្បីផ្តល់សេវានេះដោយអនុលោមតាមច្បាប់។ ហេតុនេះ ឯកឧត្តមបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមចៀសវាងមានទស្សនៈថា ប្រតិបត្តិករទឹកស្អាតឯកជនគ្រាន់តែជាអ្នកធ្វើអាជីវកម្មស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា៖ «ត្រូវចាត់ទុកថា ប្រតិបត្តិករទឹកស្អាតឯកជន គឺកំពុង ផ្តល់សេវាទឹកស្អាតជូនប្រជាជន ដែលជាប្រភេទសេវាសាធារណៈមួយ ក្នុងនាមរដ្ឋ ជំនួសរដ្ឋ និងជាកាតព្វកិច្ចរបស់រដ្ឋ ក្នុងខណៈដែលរដ្ឋយើងមិនទាន់អាចធ្វើបាននៅតាមទីកន្លែងមួយចំនួន»៕SRP