ចាប់ខ្លួនក្រុមចងការ ប្រាក់ខុសច្បាប់៣នាក់ ខ្មែរនឹងវៀតណាម

ចាប់ខ្លួនក្រុមចងការ ប្រាក់ខុសច្បាប់៣នាក់ ខ្មែរនឹងវៀតណាម

ខេត្តកណ្ដាល៖ជនជាតិខ្មែរមួយរូបនិងវៀតណាមពីររូបត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើ សកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ។

ការចាប់ខ្លួននេះធ្វើឡើងនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង។

នគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មាន ឈ្មោះ រ៉ន ឆរី ភេទស្រី អាយុ៤៤ឆ្នាំមុខរបរមេផ្ទះ, ឈ្មោះ ង៉ យ៉ាំងធីង ភេទ ប្រុស អាយុ៤១ឆ្នាំមុខរបរអ្នកបកប្រែ សញ្ជាតិវៀតណាម និងឈ្មោះ DO THE HIEN ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិវៀតណាម។

នគរបាលបានបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅម៉ោង៤រសៀលថា មានក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពចងការប្រាក់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បានចុះទៅដល់កន្លែងកើត ហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានយកលុយមកចង ការប្រាក់ដោយតម្រូវឲ្យប្រជាពលរដ្ឋយកឯកសារដើម ដូចជាសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណជាការបញ្ចាំ ទើបអាចខ្ចីបាន។ ពួកគេបានកំណត់ថា សម្រាប់ការខ្ចីប្រាក់ ១លានរៀល គឺត្រូវបង់ក្នុងរយៈពេល ៤២ថ្ងៃ ក្នុងមួយថ្ងៃត្រូវបង់ទាំងការទាំងដើមចំនួន ៣០.០០០រៀល និងបង់កម្រៃជើងសារ ១១០.០០០រៀល។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ បានបញ្ជាក់ថា ជនសង្ស័យតម្រូវឲ្យពួកគេបង់កម្រៃជើងសារចំនួន ១០០.០០០រៀលឡើងទៅ និងបង់ត្រឡប់សងតាមរយៈ QR Code របស់គណនី ABA CB ដែលមានឈ្មោះ DO THE NIEN។ ក្រុមជនសង្ស័យនេះបានធ្វើសកម្មភាពចងការប្រាក់ឲ្យប្រជាពលរដ្ឋចំនួន ១០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ កញ្ញា ២០២៥។

វត្ថុតាងដែលដកហូតបានរួមមាន៖ សៀវភៅស្នាក់នៅ ៤ច្បាប់, សៀវភៅគ្រួសារ ១ច្បាប់, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, ឯកសារកិច្ចសន្យា ៩ច្បាប់ដែលបានសរសេររួច, ប្រដាប់កៀប ១, ប្រាក់ខ្មែរចំនួន ៤.០០០.០០០ រៀល, ប្រាក់ដុល្លារចំនួន ១.៥០០ដុល្លារ, លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀតមួយចំនួន រួមទាំងម៉ូតូ ២គ្រឿង និងទូរសព្ទ ៤គ្រឿង។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕SRP