ខេត្តសៀមរាប៖ទីតាំងកែច្នៃឈើដោយខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបការពាររសៀលថ្ងៃម្សិលមិញ។
ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីសឿន សេន បានបញ្ជាក់ប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃសុក្រនេះថា ការបង្រ្កាបបទល្មើសព្រៃឈើ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០ រសៀល ដោយផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំនិងសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រីសឿន សេន បានបន្តថា ការចុះបង្រ្កាបការនាំចូល និងធ្វើសន្និធិឈើចម្រុះគ្មានច្បាប់អនុញ្ញាត នៅក្នុងរោងសិប្បកម្មដែលមានម្ចាស់ឈ្មោះ សុខ ឆេងហ៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតនៅភូមិគោកឆ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បើតាមលោកឧត្តមសេនីយ៍ត្រីសឿន សេន ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានចាប់យកវត្ថុតាង៖-ឈើ ចម្រុះ ចំនួន ១៨៤ដុំ (កំពុងធ្វើការរាប់បែងចែកប្រភេទឈើ)។ វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ៕SRP