សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលក្រោយឃើញសារព័ត៌មានចុះផ្សាយអំពី ថាក់ ស៊ីន និង យ៉ីង ឡាក់ មានទ្រព្យសម្បត្តិនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាត្រៀមបង្កទ្រព្យសម្បត្តិ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានចេញមកអះអាងថា លោក ថាក់ ស៉ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ ពេលអ្នកទាំងពីរមកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់សម្តេចទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន រៀបរាប់ និងអះអាងជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។

មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។

ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕SRP