រកស៊ីចងការប្រាក់ជាប់គុកព្រោះតែលុយទ្រព្យខ្លួនឯង

រកស៊ីចងការប្រាក់ជាប់គុកព្រោះតែលុយទ្រព្យខ្លួនឯង

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា កាលពីវេលាម៉ោង០៩:២០ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ មានករណីប៉ុនប៉ងឃាតកម្ម(ចាក់ នឹងកូនកាំបិតចិតបន្លែ) ប្រព្រឹត្តទៅ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ភ្លាមៗក្រោយពីទទួលបានព័ត៌មាន និងបទបញ្ជារ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដែក បានដល់កន្លែងកើតហេតុ ដើម្បីសហការណ៍ ជួយនាំជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងប្រមូលព័ត៌មាន ពាក់ពន្ធ័ករណីខាងលើនេះ ។

បន្ទាប់មក យើងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផល បូរ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ ចងការប្រាក់ ទីកន្លែងកំណើត ភូមិក្រសាំង ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប និងមានទីលំនៅ បច្ចុប្បន្ន នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ក្រោយពី ជនសង្ស័យរូបនេះ ធ្វើសកម្មភាពខាងលើហើយ បានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តែក សារភាព ពីសកម្មភាពល្មើស ដែលខ្លួនបានប្រព្រឹត្ត ដោយមាននាំយកកាំបិតជាវត្ថុតាង មកជាមួយផងដែរ ។

ជនសង្ស័យ បានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាដកមែន មូលហេតុ ដោយសារនៅអំឡុងឆ្នាំ២០១៩ ខ្លួនបានផ្តល់ប្រាក់កម្ចីចងការ ឱ្យឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា(ជនរងគ្រោះ) សរុប១០០០០ ដុល្លាអាមេរិក តែឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា មិនព្រមសងនោះទេ ! ទើបនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩:០០ នាទី រូបគេបានទៅផ្ទះឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា សួរនាំរឿងប្រាក់ដែលជំពាក់ ប៉ុន្តែនិយាយមិនត្រូវគ្នា ខ្លួនបានស្ទុះទៅចាប់យកកាំបិតចិតបន្លែ ផ្លែដែកដងជ័រ ប្រវែងប្រហែល០៣ តឹក ពីចង្ក្រានបាយ របស់ឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ដើរសំដៅមកកាន់រូបនាង ដោយប្រើដៃខាងស្តាំចាប់ក្របួចកអាវ ចំណែកដៃឆ្វេង កាន់កូនកាំបិតព្ជង់ ទៅលើ ក របស់ជនរងគ្រោះ ទើបជនរងគ្រោះសម្រួល សុំទូរទាត់សង ។ បន្ទាប់មក នៅក្នុងខែសីហា ឆ្នាំ២០២៥ ឈ្មោះ

តាន់ ម៉ារ៉ា ហៅយ៉ា បានសងប្រាក់០២លើក សរុបចំនួន ៣០០០ដុល្លារអាម៉េរិក ចំណែក បំណុលដែលនៅសល់ចំនួន៧០០០ ដុល្លារអាមេរិក គេមិនព្រមសងនោះទេ ថែមទាំងគំរាមប្តឹងបកវិញទៀតផង។លុះដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩:០០ ព្រឹក ខ្លួនបាន ជិះម៉ូតូតែម្នាក់ឯង ទៅរកឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា នៅផ្ទះរបស់នាងស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប៉ុន្តែមិនឃើញក៏ទៅផ្ទះម្ដាយ(មិនស្គាល់) ស្ថិតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយដាក់កូនកាំបិតចិតបន្លែដែលយកពីផ្ទះនាង កាលពីលើកមុន ក្នុងកែបម៉ូតូ ពេលទៅដល់ឃើញឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា កំពុងអង្គុយលើគ្រែមុខផ្ទះ ក៏ដើរចូលទៅនិយាយរឿងប្រាក់ ភ្លាមនោះ ក៏កើតជាជម្លោះ ធ្វើឱ្យខ្លួនខឹងស្ទុះទៅយកកាំបិត ពីក្នុងកែបម៉ូតូចាក់ទៅលើឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ប្រហែល ០៥ ទៅ ០៦កាំបិត ដោយកាំបិតទី០១ ចាក់សំដៅចន្លោះដើមទ្រូង និងករ ភ្លាមនោះរូបនាងបានប្រើដៃប្រវាយប្រតប ហើយរូបខ្លួនក៏យកដៃស្តាំចាប់ក្របួចសក់ ដៃខាងឆ្វេងកាន់កូនកាំបិត ចាក់ទៅលើរូបនាងប្រហែល ០៥កាំបិតទៀត តែមិនដឹងថាត្រូវចាំកន្លែងណាខ្លះនោះទេ ឃើញឈាមហូរស្រោចផ្ទៃមុខ និងដងខ្លួនរូបនាង ហើយឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា និងម្តាយរបស់គេ បានលើកដៃសំពះ ទើបរូបខ្លួនបញ្ឈប់សកម្មភាព។ ក្រោយឃាត់ខ្លួនកម្លាំងយើង បានធ្វើតេសត្ត រកសារធាតុញៀន លើជនសង្ស័យ ជាលទ្ធផល អវិជ្ជមាន ។

-វត្ថុតាងដកហូត៖ កូនកាំបិតចិតបន្លែ ផ្លែដែក ដងជ័រពណ៌ខ្មៅ ប្រវែង ០៣តឹក ០១ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយ ផែនការងារនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕SRP