ក្រសួងធនធានទឹក និងរដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឱ្យវិស័យឯកជនអនុវត្តគម្រោងស្ដារអាងទឹកទំនប់៧៨ ស្របតាមនីតិវិធីច្បាប់
ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន សែនគិរី អេកូផាក ឯ.ក អនុវត្តគម្រោងជីកស្ដារដីក្នុងអាងទឹកទំនប់៧៨ ដើម្បីបង្កើនបរិមាណស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយគ្រោះរាំងស្ងួតនារដូវប្រាំង ប៉ុន្តែក្រុមហ៊ុនត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគម្រោងស្ដារអាងទឹកទំនប់៧៨ កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា គម្រោងនេះមានទំហំ ២៨៨.៦០៣ ហិកតា ស្ថិតក្នុងតំបន់២ នៃបឹងទន្លេសាប ជាដីសាធារណៈរបស់រដ្ឋ។ ដីនេះស្ថិតនៅភូមិជ្រាវ និងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និងត្រូវបានប្រគល់ជូនក្រសួងធនធានទឹក និងឧតុនិយមគ្រប់គ្រង ដើម្បីបង្កើនសមត្ថភាពរក្សាទឹកទុក សម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម ទេសចរណ៍ និងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕SRP