អភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំគម្រោងកែលម្អក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំគម្រោងកែលម្អក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ដែលមានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំប្រជុំពិភាក្សាលើការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អទីក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ដូចជាការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អតំបន់រមណីដ្ឋានភ្នំសំពៅ ស្រុកបាណន់ និងពិនិត្យពិភាក្សាលម្អិតបន្ថែមលើគម្រោងស្ថាបនា សួនតេជោសន្តិភាព ក្រុងបាត់ដំបង រៀបចំសួនសិល្បៈ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត់យានយន្តជាដើម និងរៀបចំគម្រោងផ្សេងៗទៀតក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយជីវភាពប្រជាជនខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៥នេះនឹងមិនរៀបចំប្រារព្ធធ្វើពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ក្នុងខេត្តបាត់ដំបងនោះទេ៕SRP