ខេត្តសៀមរាប៖លោក សុខ ថុល អភិបាលរងខេត្ត បានជំរុញនិងណែនាំដល់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាព ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគ ស្របជាមួយនឹងយុទ្ធសាស្ត្រ និងកម្មវិធីផែនការថ្នាក់ជាតិ ឱ្យមានភាពស៊ីចង្វាក់គ្នាគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង៎ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ និងលោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត បានដឹកនាំ កិច្ចប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាព ជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។
តាមរយៈកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យលើការងារសកម្មភាពរបស់មន្ទីរ-អង្គភាពនីមួយៗ ដែលបានអនុវត្តកន្លងមក ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា កែលម្អនូវចំណុចខ្វះខាតមួយចំនួន និងបង្កើនភាពសម្របសម្រួល និងការគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
លោកអភិបាលរងខេត្តបានបន្តថា ការសម្របសម្រួលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាការរៀបចំដំណើរការឱ្យឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់គោលនយោបាយជាតិ សំដៅជំរុញសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។
លោកក៏បានសំណូមពរដល់មន្ទីរ-អង្គភាព និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពិនិត្យ តាមដាន និងវាយតម្លៃនូវការអនុវត្តកន្លងមក និងពង្រឹងការអនុវត្តការងារតាមវិស័យនីមួយៗជាបន្តទៀត។
លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ-អង្គភាពទាំងអស់ ដែលបានអនុវត្តផែនការសកម្មភាពបានល្អប្រសើរ និងបានផ្តល់សេវាសាធារណៈកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ។
លោកជំទាវក៏បានសំណូមពរដល់ក្រុមការងារទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តអនុវត្តការងារបន្ថែមទៀត ដើម្បីឱ្យមូលដ្ឋានកាន់តែមានការអភិវឌ្ឍរីកចម្រើន៕SRP