ខេត្តសៀមរាប៖មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរជប៉ុន ខេត្តសៀមរាប បានបើកយុទ្ធនាការពិនិត្យវាស់កម្រិតនៃការមើលឃើញ ជំងឺទឹកដក់ក្នុងភ្នែក ជំងឺបាយភ្នែក និងជំងឺកន្ទុយថ្លែន ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ នៅទីតាំងមន្ទីរពេទ្យផ្ទាល់ ស្ថិតក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
លោកវេជ្ជបណ្ឌិត ទៀន ម៉េងហ៊ាន ជំនាញឯកទេសភ្នែកនៃមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន បានបង្ហាញថា ជំងឺភ្នែកបើមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលា អាចនាំឱ្យពិការ។ ចំពោះការបើកទទួលពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ រៀបចំឡើងក្នុងគោលបំណងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហាភ្នែក ការថែរក្សាភ្នែក និងតាមដានជំងឺទឹកដក់ក្នុងភ្នែក ដើម្បីជំរុញការពិនិត្យ និងព្យាបាលទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋដែលមកពិនិត្យភ្នែកភាគច្រើន គឺដោយសារពួកគាត់កើតមានជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែន និងជំងឺភ្នែកមីញ៉ូប។ ដោយសារកត្តានេះ មន្ទីរពេទ្យនឹងមានគម្រោងធ្វើការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក នៅក្នុងខែបន្តបន្ទាប់ទៅតាមសហគមន៍ និងសាលារៀនបន្ថែមផងដែរ៕SRP
ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ