អាជ្ញាធរខេត្តសៀមរាប ប្រកាសហាមពលរដ្ឋដោយមិនអនុញ្ញាតជីកកាយ ឬធ្វើសំណង់ផ្សេងៗ ឬធ្វើការបង្ហូរទឹកចូលស្ទឹងសៀមរាប
ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដោយមិនអនុញ្ញាតជីកកាយ ឬធ្វើសំណង់ផ្សេងៗ ឬធ្វើការបង្ហូរទឹកចូលស្ទឹង ការរៀបចំដាំដើមឈើក៏យើងត្រូវស្នើសុំមករដ្ឋបាលខេត្តដែរ ព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ។ ម្យ៉ាងទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវណែនាំដល់បងប្អូនជួយសម្អាតអនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងពេលបងប្អូនហាត់ប្រាណ។
លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយក្នុងការស្តារស្ទឹងសៀមរាបជំហានទី២នេះបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
លោក លី សារី បញ្ជាក់ថា ការៀបចំស្ទឹងនេះ គឺជាការលើកកម្ពស់សោភ័ណភាពស្ទឹង និងជាការបញ្ចៀសការជន់លិចទឹកក្នុងក្រុងសៀមរាបបន្តទៀត ម្យ៉ាងទៀតអាចធ្វើឱ្យកាណូតចូលមកដល់ក្នុងខេត្ត ហើយអាចជាផ្លូវក្នុងការដឹកជញ្ជូនបានទៀតផង។ គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ គឺជាការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើការហាត់ការប្រាណបានទៀតផង។ លោក អភិបាលរងខេត្តបានបញ្ជាក់ថា គម្រោងនេះបន្ទាប់ពីការប្រគល់មករដ្ឋបាលខេត្តគ្រប់គ្រងមែន តែក្រុមហ៊ុននៅតែពិនិត្យ និងជួយមើលថែមួយឆ្នាំទៀតផងដែរ។
លោក លី សារី មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាស តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលសៀមរាប ក្នុងពិធីក្រសួងសាធារណការនិងដឹកជញ្ជូនប្រគល់ទីតាំងស្តារស្ទឹងសៀមរាបជំហានទី២(KHM-18) នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហ័ណ នីហ័ណសាធារណរដ្ឋកូរ៉េ(EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាលដល់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ។
នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងស្តារស្ទឹងជំហាន២េនះគឺចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុកដែលមានប្រវែង ៤ ៦០០ម៉ែត្រ ក្រោមនៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហ័ណ នីហ័ណសាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគ របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ហើយការស្តារស្ទឹងនេះ គឺយើងរៀបចំឱ្យមានសោភ័ណភាព និងបញ្ចៀសការលិចជន់ទឹកក្នុងក្រុងសៀមរាប។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្តថា កន្លងមកសៀមរាបយើងមានការជន់លិចក្នុងក្រុង ហើយការលិច ទឹកគឺស្ទឹងសៀមរាបដែលហូរកាត់ក្រុងសៀមរាបទៅទន្លេសាបមានការចាល់ ទឹកទន្លេសាបឡើងខ្ពស់ និងទឹកភ្លៀងដែលពុំទាន់មានលូមេ ដោយមានតែលូតូចៗហូរមិនទាន់។ ក្រោយពីសាងសង់ និងជួសជុលរួចរាល់ ថ្ងៃនេះ ក្រសួងនឹងធ្វើការផ្ទេរទៅរដ្ឋបាលខេត្ត និងស្នើដល់រដ្ឋបាលខេត្តទប់ស្កាត់ការតាំងទីលំនៅ និងសំណង់ផ្សេងៗ ដើម្បីធ្វើឱ្យបាត់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើងដែលទើបនឹងស្តាររួច ទន្ទឹមនឹងនេះ យើងក៏ត្រៀមនឹងស្តារស្ទឹងជំហាន៣ ដោយបន្តពីជំហាន២ រហូតដល់កន្ធាយគមថែមទៀត៕SRP