ឃាត់ខ្លួនខ្មែរថៃពីរនាក់ ក្នុងប្រតិបត្តិការ បង្រ្កាបទូកមួយគ្រឿងដឹកទំនិញគេចពន្ធពីប្រទេសថៃ

ខេត្តកោះកុង៖មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា មនុស្សចំនួនពីរនាក់ខ្មែរម្នាក់ជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្រ្កាបទូកមួយគ្រឿងដឹកទំនិញគេចពន្ធពីប្រទេសថៃ ប្រភេទគ្រឿងសមុទ្រ សង្សយ័ថាជាប់ពាក់ពន្ធ័ បន្តតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងដោយនគរបាលការពារព្រំដែនទឹកលេខ២៦៩ ក្នុងខេត្តកោះកុង នៅព្រឹកមិញនេះ។

មន្ត្រីបានបន្តថា ក្នុងទូកដឹកជញ្ជូនទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកខេត្តកោះកុងនេះ មានដូចជាត្រី បង្គាមឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលមិនបានបង់ពន្ធគយ ហើយត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទំនិញពីទូក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា ២០២៥។

អភិបាលរងខេត្តកោះកុង លោក ឈិត រតនៈ ក៏បានឲ្យដឹងនៅ៦ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះដែរថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានជនសង្សយ័២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ រួមនិងវត្ថុតាង មានទូកកន្ទុយវែង ០១គ្រឿង និងទំនិញគេចពន្ធនៅចំណុចព្រែកកោះយ៉។

ជុំវិញករណីនេះ បើតាមលោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ។

សុំរំលឹកថា ទឹកដីខេត្តកោះកុង ជារឿយៗ គេសង្កេតឃើញសារព័ត៌មានក្នុងស្រុក បានចេញផ្សាយលាតត្រដាង ថាខេត្តដែលមានជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបានគេបង្ហើបថាមានបទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទចេញពីប្រទេសថៃចូលមកកម្ពុជា មិនត្រូវបានសាខាគយខេត្តកោះកុងបង្ក្រាបនោះឡើយ។ ប្រការដែលសាខាគយខេត្តកោះកុងមិនបង្ក្រាបបទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទបែបនេះត្រូវបានគេសង្ស័យថាអាចមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញផងដែរ៕SRP